ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​គំរាមកំហែង​ដល់​ភាព​រួបរួម​រវាង​សមាជិក​អាស៊ាន

សំឡេង ០៣:២៧
រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ក្នុង​ពេល​បើក​កិច្ចប្រជុំ​អាស៊ាន​បូក​៣ កាលពីថ្ងៃទី១០ កក្កដា ២០១២
រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ក្នុង​ពេល​បើក​កិច្ចប្រជុំ​អាស៊ាន​បូក​៣ កាលពីថ្ងៃទី១០ កក្កដា ២០១២ REUTERS/Samrang Pring

នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ ដោយ​មិនមាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ ដែល​ជា​រឿង​មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិ ៤៥ឆ្នាំ របស់​អាស៊ាន។ ភាព​ប្រេះឆា​គ្នា​នេះ កើតឡើង​ដោយសារ​តែ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង រវាង​ចិន និង​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន។ ជម្លោះ ដែល​មិនត្រឹមតែ​ជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​អាស៊ាន-ចិន​ប៉ុណ្ណោះទេ សូម្បី​តែ​ទំនាក់ទំនង​រវាង​សមាជិក​អាស៊ាន​គ្នាឯង ក៏​កំពុង​តែ​ប្រឈមមុខ​នឹង​ការ​បាក់បែក​ដ៏​គួរ​ឲ្យ​បារម្ភ​ដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​សមាជិក​ទាំង ១០ របស់​អាស៊ាន មាន​ប្រទេស ចំនួន ៤ គឺ វៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និង​ព្រុយណេ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ក្នុងការ​ដណ្តើម​កោះ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ទាំង ៤នេះ តែងតែ​​ទាមទារ​ចង់​ឲ្យ​​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ទៅ​​ដោះស្រាយ​ ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​​អាស៊ាន-ចិន ពីព្រោះ​ថា អាស៊ាន ១០​ប្រទេស អាច​ទប់ទល់​ជាមួយ​មហាយក្ស​ចិន​បាន​ស្រួលជាង​ចរចា​​ដាច់ដោយឡែក​ពី​គ្នា។

កាលពី​ឆ្នាំ​២០០២ ក្រមប្រតិបត្តិ (Code of Conduct) សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង​ភ្នំពេញ រវាង​អាស៊ាន និង​ចិន ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ចៀសវាង​ការ​ប៉ះទង្គិចគ្នា​ដោយ​អំពើ​ហិង្សា។ ១០ឆ្នាំ​ក្រោយ​មក អាស៊ាន​គ្រោង​បង្កើត​សេចក្តីព្រាង​ក្រមប្រតិបត្តិ​ថ្មី​មួយទៀត ដែល​មាន​កម្លាំង​ផ្លូវ​ច្បាប់​ខ្លាំង​ជាងមុន ហើយ​​ប្រទេស​សមាជិក​អាស៊ាន​បាន​ព្រមព្រៀង​គ្នា កាល​ពី​ដើមសប្តាហ៍​នេះ ​ថា​នឹង​យក​​សេចក្តីព្រាង​ក្រមប្រតិបត្តិ​ថ្មីនេះ ទៅ​ចរចា​ជាមួយ​ចិន។

ក៏ប៉ុន្តែ ភាព​ចម្រូងចម្រាស​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន រហូតដល់​​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញ​ថា អាស៊ាន​​ពិបាក​នឹង​រក​ជំហរ​រួមគ្នា ជុំវិញ​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង​។ ហើយ​នេះ ​គឺ​ជា​ដំណឹង​ល្អ​មួយ​ សម្រាប់​ចិន ពីព្រោះ​​​ តាំងពីដើម​មក ចិន​តែងតែ​ទាមទារ​​ឲ្យ​ដោះស្រាយ​ជម្លោះ​នេះ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី រវាង​ចិន និង​ប្រទេស​ជាប់ជម្លោះ​នីមួយៗ ដាច់ដោយ​ឡែក​ពី​គ្នា ដោយ​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​អាស៊ាន ឬ​យន្តការ​អន្តរជាតិ​ណាមួយ​ផ្សេងទៀត។

ការចរចា​លើ​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ថ្មី​​ក៏​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ដែរ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ចិន​បាន​ព្រមព្រៀង​ជាគោលការណ៍​ថា​នឹង​ចរចា ជុំវិញ​ក្រមប្រតិបត្តិ​ថ្មី ដែល​ស្នើ​ឡើង​ដោយ​​អាស៊ាន ហើយ​ការ​ចរចា​នេះ​អាច​នឹង​ចាប់​ធ្វើ នៅ​ខែ​កញ្ញា​ខាងមុខ។ ក៏ប៉ុន្តែ បើទោះជា​ចិន​ពិត​ជា​សុខចិត្ត​ចរចា​មែន ក៏​គេ​មិន​រំពឹង​ថា នឹង​អាច​ចេញ​ជា​លទ្ធផល​អ្វី​ធំដុំ​នោះដែរ ពីព្រោះ​ បើ​ចិន​មើល​ទៅ​ឃើញ​ថា​អាស៊ាន​​មិន​អាច​រួមគ្នា​ជា​ធ្លុង​មួយ​​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទេ ចិន​នឹង​មិន​​ឃើញ​មាន​សម្ពាធ​អ្វី ដែលតម្រូវ​ឲ្យ​ចិន​ទទួល​យក​​ក្រមប្រតិបត្តិ​ថ្មី​នេះ​ទេ។

អ្វី​ដែល​កាន់តែ​គ្រោះថ្នាក់​ធំ​ទៅទៀត សម្រាប់​អនាគត​អាស៊ាន គឺ​​នៅត្រង់ថា បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ មិនមែន​ត្រឹមតែ​ជា​បញ្ហា​រវាង​អាស៊ាន​ និង​ចិន​ប៉ុណ្ណោះទេ វា​អាច​នឹង​ក្លាយ​ទៅជា​បញ្ហា​ចម្រូងចម្រាស ដែល​នាំ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង រវាង​សមាជិក​អាស៊ាន​គ្នាឯង ហើយ​អាច​​បង្ក​ជា​ឧបសគ្គ​ដល់​​កិច្ចសហប្រតិបត្តិការ​អាស៊ាន ក្នុង​វិស័យ​ផ្សេង​ទៀត។

វត្តមាន​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​កត្តា​មួយ​ទៀត ដែល​អាច​​​​ជំរុញ​ឲ្យ​មាន​ការបែកបាក់​គ្នា​កាន់តែ​ខ្លាំង ក្នុង​ចំណោម​ប្រទេស​​សមាជិក​អាស៊ាន។ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​តែ​ជំរុញ​ឲ្យ​​ប្រទេស​សមាជិក​អាស៊ាន​​មួយចំនួន ដូចជា ហ្វ៊ីលីពីន និង​វៀតណាម ជាដើម ព្យាយាម​​​រឹតបន្តឹង​ទំនាក់ទំនង​កាន់តែ​ខ្លាំង​​ជាមួយ​អាមេរិក ដើម្បី​ទប់ទល់​ជាមួយ​ចិន។ នៅទីបំផុត អាស៊ាន​​អាច​នឹង​ត្រូវ​​ប្រឈមមុខ​នឹង​ការ​ពុះចែក​ជាពីរ រវាង​ម្ខាង​ក្រុមប្រទេស​ស្និទ្ធ​នឹង​អាមេរិក ហើយ​ម្ខាង​ទៀត ប្រទេស​ស្និទ្ធ​នឹង​ចិន។

ជាក់ស្តែង យើងឃើញ​ថា ចំពោះ​បរាជ័យ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ក្នុង​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម នៅថ្ងៃ​សុក្រ​នេះ​ ​ហ្វ៊ីលីពីន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ បាន​​ចោទ​ប្រកាន់ ដោយ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​​​ ទៅលើ​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន ហើយ​ដែល​គេ​មើលឃើញ​ជា​ទូទៅ​ថា​ជា​សម្ព័ន្ធមិត្ត​របស់​ចិន​ ថា​ជា​អ្នក​រាំងខ្ទប់​មិន​ឲ្យ​សេចក្តីថ្លែងការណ៍​នេះ​ចេញរួច។ ក្រៅពីនេះ គេឃើញ​មាន​មន្រ្តីការទូត​អាស៊ាន​ខ្លះ​ទៀត ដែល​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ចោទ​កម្ពុជា​ថា​​បាន​ធ្វើ​តម្រូវ​ចិត្ត​ចិន។

កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ជាទូទៅ​ថា ទទួល​ឥទ្ធិពល​ខ្លាំង​បំផុត​ពី​ចិន ដែល​ផ្តល់​ដល់​កម្ពុជា​ ទាំង​ការ​គាំទ្រ​ផ្នែក​នយោបាយ និង​​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ។ ដូច្នេះ បើ​ទោះជា​ភាពពិត​ជាក់ស្តែង កម្ពុជា​មិន​ទទួល​បញ្ជា ឬ​មិន​ទទួល​សម្ពាធ​​អ្វី​ពី​ចិន​ក៏ដោយ ​កម្ពុជា​ពិបាក​នឹង​ចៀសផុត ពី​ការ​ចោទប្រកាន់​ថាជា​កូនអុក​របស់​ចិន។ ហើយ​នេះ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត សម្រាប់​កម្ពុជា ក្នុង​ការ​ដើរតួ​ជា​អ្នក​​សម្របសម្រួល​ ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI