កូរ៉េខាងជើង-កូរ៉េ​ខាង​ត្បូង

លី ម្យ៉ុងបាក់៖ ទង្វើ​កូរ៉េ​ខាង​ជើង​គឺ​ជា​បទឧក្រិដ្ឋ​អមនុស្សធម៌

លោក​លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថ្លែង​សុន្ទរកថា នៅថ្ងៃ​ចន្ទ ២៩ វិច្ឆិកា ២០១០
លោក​លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថ្លែង​សុន្ទរកថា នៅថ្ងៃ​ចន្ទ ២៩ វិច្ឆិកា ២០១០ ©REUTERS/Ahn Young-joon/Pool

នៅថ្ងៃ​​ចន្ទ​នេះ លោក​លី ម្យ៉ុងបាក់ (Lee Myung-bak) ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ហៅ​ទង្វើ​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​បាញ់ផ្លោង​លើ​កោះ Yeonpyeong កាល​ពី​សប្តាហ៍មុន ថា​ជា​ “បទឧក្រិដ្ឋ​អមនុស្សធម៌”។ លោក​​ក៏​បាន​សន្យាផងដែរ​ថា នឹង​ធ្វើ​ការ​​តបតវិញ​​យ៉ាងចាស់ដៃ​បំផុត ប្រសិន​បើ​មាន​ការបង្កហេតុ​ជាថ្មី​ទៀត​ពី​​កូរ៉េ​ខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ សេង ឌីណា

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​តាមទូរទស្សន៍ នៅថ្ងៃ​ចន្ទ​នេះ លោក​លី ម្យ៉ុង​បាក់ បាន​ថ្លែងថា “ការវាយប្រហារ​​ដោយ​កម្លាំង​យោធា ទៅលើ​ប្រជាជន​ស៊ីវិល គឺ​ជា​អំពើ​ឧក្រិដ្ឋ​ដ៏​អមនុស្សធម៌ ដែល​គេ​ហាមឃាត់​​ដាច់ខាត​ក្នុង​ពេល​មាន​សង្រ្គាម”។

លោក​លី ម្យ៉ុងបាក់ ក៏​បាន​ទទួលស្គាល់​ផងដែរ​ អំពី​​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ដែល​មិន​អាច​ការពារ​សន្តិសុខ​របស់​​ប្រជាជន​កូរ៉េ​ខាង​ត្បូងបាន។ លោក​បាន​សន្យាថា កូរ៉េ​ខាង​ត្បូង​នឹង​​ធ្វើការ​តបតវិញ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​បង្ក​ហេតុ​សាជាថ្មី​ទៀត ពីព្រោះ​ថា នៅពេលនេះ កូរ៉េ​ខាង​ត្បូង​ដឹង​ច្បាស់​ហើយ​ថា កូរ៉េ​ខាង​ជើង​គ្មាន​ចេតនា​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះទេ។ ដូច្នេះ ការ​អត់ធ្មត់​ចំពោះ​​កូរ៉េ​ខាង​ជើង​នឹង​មិន​អាច​​​ទទួល​បាន​ផលប្រយោជន៍​អ្វី ក្រៅតែ​ពី​ទង្វើ​បង្កហេតុ​​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀតនោះទេ។

ការរិះគន់​លើ​កូរ៉េ​ខាង​ជើង ដោយ​ប្រើ​សម្តី​ធ្ងន់ៗ​បែបនេះ ត្រូវបាន​ធ្វើ​ឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ចិន​បាន​ស្នើ​ឲ្យ​បើក​ការចរចា​ជាបន្ទាន់ ដើម្បី​ដោះស្រាយភាព​តានតឹង​រវាង​កូរ៉េ​ទាំង​ពីរ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ លោក​លី ម្យ៉ុងបាក់ មិនបាន​និយាយ​ដល់​សំណើ​​របស់​ចិន​នេះ​ទេ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​​កំពុង​​ព្យាយាម​ជួប​ពិភាក្សា​​ជាមួយ​​សមភាគី​មក​ពី​​សហរដ្ឋ​អាមេរិក ជប៉ុន និង​រុស្ស៊ី។

នៅពេលនេះ ភាពតានតឹង​រវាង​កូរ៉េ​ទាំងពីរ នៅ​តែស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​។​ សមយុទ្ធ​ដ៏ធំ​រវាង​កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ កំពុង​បន្តធ្វើ នៅ​ក្នុង​សមុទ្រ​លឿង។ កូរ៉េ​ខាង​ជើង​បាន​ព្រមាន​ថា ​សមយុទ្ធនេះ​អាច​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​សង្រ្គាម។ បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង កូរ៉េ​ខាង​ជើង​​បាន​រៀបចំ​ដំឡើង​មីស៊ីល​តម្រង់​មក​​សមុទ្រលឿង ហើយ​បាន​ចល័ត​មីស៊ីល​ការពារ​ដែន​អាកាស​មក​ខ្សែត្រៀមជួរមុខ ក្បែរ​ព្រំដែន​កូរ៉េ​ខាង​ត្បូង។

​ការស្ទាបស្ទង់មតិ​​មួយ នៅថ្ងៃ​ចន្ទនេះ បង្ហាញ​ថា ប្រជាជន​កូរ៉េ​ខាង​ត្បូង​ ៨០% យល់ថា កងទ័ព​កូរ៉េ​ខាង​ត្បូង​គួរ​តែ​ធ្វើ​ការ​វាយប្រហារ​​តបតវិញ​ដោយ​ខ្លាំង​ៗ​ភ្លាមៗ ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាញ់​ផ្លោង​មក​លើ​កោះ Yeonpyeong កាល​ពី​ដើមសប្តាហ៍មុន។ ៧៦% គាំទ្រ​សមយុទ្ធ​នៅ​សមុទ្រ​លឿង​​រវាង​កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។ ក៏ប៉ុន្តែ មាន​តែ ៣៣%​ ប៉ុណ្ណោះ ដែល​យល់ថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​បង្កហេតុ​សាជាថ្មីទៀត កងទ័ព​កូរ៉េ​ខាង​ត្បូង​គួរ​តែ​វាយប្រហារ​តបតវិញ​ដោយ​ខ្លាំងៗ ដោយ​មិនចាំបាច់​ខ្លាច​ផ្ទុះ​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI