កូរ៉េ​ខាង​ត្បូង​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​បិទផ្លូវ​នាវាចរណ៍​កូរ៉េ​ខាង​ជើង

សំឡេង ០៧:១០
ទាហាន​កូរ៉េ​ខាង​ត្បូង​មើល​ប្រធានាធិបតី លី ម្យ៉ុងបាក់ ថ្លែងការណ៍​តាម​ទូរទស្សន៍
ទាហាន​កូរ៉េ​ខាង​ត្បូង​មើល​ប្រធានាធិបតី លី ម្យ៉ុងបាក់ ថ្លែងការណ៍​តាម​ទូរទស្សន៍ ©Reuters

នៅថ្ងៃ​ចន្ទនេះ កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​​ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​បិទផ្លូវ​នាវាចរណ៍​កូរ៉េ​ខាង​ជើង ដើម្បី​ជា​ការ​តបត​នឹង​ការបាញ់​ពន្លិចនាវាចម្បាំង កាល​ពី​ខែមីនា​កន្លងទៅ។ សហរដ្ឋអាមេរិក​​បាន​គាំទ្រ​ទាំងស្រុង​នូវ​​ទណ្ឌកម្ម​នេះ ហើយ​បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​ប្រចាំ​កូរ៉េ​ខាង​ត្បូង​ប្រុងជើងការ ដើម្បី​ទប់ទល់​នឹង​ការវាយលុក​របស់​កូរ៉េ​ខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

ថ្លែងតាម​ទូរទស្សន៍​ជាតិ លោក​លី ម្យ៉ុងបាក់ (Lee Myung-bak) បានទាមទារ​ឲ្យ​កូរ៉េ​ខាង​ជើង​​សុំទោស​ជាសាធារណៈ​ចំពោះ​ការ​​បាញ់​​ពន្លិចនាវា​ចម្បាំង កាល​ពី​ថ្ងៃ​ទី២៦ មីនា កន្លងទៅ ហើយ​បាន​ព្រមាន​ថា នឹង​ប្រើ​កម្លាំង​យោធា​វាយតបតវិញ​ភ្លាមៗ ប្រសិន​បើ​​មាន​ទង្វើ​បែបនេះ​ទៀត នៅ​ពេល​អនាគត។

ក៏ប៉ុន្តែ សម្រាប់​ពេលនេះ កូរ៉េ​ខាង​ត្បូង​​មិនបាន​និយាយ​ដល់​វិធានការ​យោធា​តបត​នឹង​កូរ៉េ​ខាង​ជើង​នោះទេ។ ទណ្ឌកម្ម​ ដែល​លោក​លី​ ប្រកាស​ដាក់​លើ​កូរ៉េ​ខាង​ជើង គឺ​ការ​កាត់ផ្តាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​បិទ​ផ្លូវ​នាវាចរណ៍​របស់​កូរ៉េ​ខាង​ជើង ដែល​កន្លង​មក​អាច​ឆ្លងកាត់​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង​បាន។ ទោះជា​យ៉ាងណា កូរ៉េ​ខាង​ត្បូង​មិន​បាន​បិទ​តំបន់​ឧស្សាហកម្ម​​កែសុង (Kaesong) នៅ​ព្រំដែន​ជាមួយ​កូរ៉េ​ខាង​ជើង​នោះទេ។

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​កូរ៉េ​ខាង​ត្បូង​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ​ថា កូរ៉េ​ខាង​ត្បូង​នឹង​ចាប់​ផ្តើម​ដាក់​មីក្រូ​ឡើងវិញ​ នៅតាម​ព្រំដែន ដើម្បី​ផ្សាយ​ព័ត៌មាន​រិះគន់​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ គូររំឭកថា ការឃោសនា​ប្រឆាំង​របប​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ឈប់​ធ្វើ ប្រមាណ ៦​ឆ្នាំ​កន្លងមកហើយ។

តប​ត​នឹង​វិធានការ​នេះ កូរ៉េ​ខាង​ជើង​បាន​គំរាម​ថា​នឹង​បាញ់​កម្ទេច​​ស្ថានីយ៍ផ្សាយ​ឃោសនា​ទាំងនេះ ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​រៀបចំ​ធ្វើ​ឡើង​វិញ​មែន។ ដូចសព្វមួយដង កូរ៉េ​ខាង​ជើង​ក៏​បាន​គំរាម​ប្រើ​កម្លាំង​ទ័ព​វាយប្រហារ​លើ​កូរ៉េ​ខាង​ត្បូងដែរ។

លោក​អូបាម៉ា បាន​ប្រកាស​គាំទ្រ​វិធានការ​របស់​កូរ៉េ​ខាង​ត្បូង ហើយ​បាន​បញ្ជា​ឲ្យ​មន្រ្តី​យោធា​អាមេរិក​ សហការ​ជាមួយ​មន្រ្តី​កូរ៉េ​ខាង​ត្បូង ដើម្បី​ប្រុងជើងការ​ចាំទប់ទល់​នឹង​ការវាយប្រហារ​របស់​កូរ៉េ​ខាង​ជើង។ អាមេរិក​មាន​កងទ័ព​សរុប​ទាំង​អស់ ២៨ ០០០​នាក់ កំពុង​ឈរជើង នៅ​កូរ៉េ​ខាង​ត្បូង។
 

ទ័ពកូរ៉េ​ខាង​ជើង​មាន​ចំនួន​ច្រើន ប៉ុន្តែ ទាហាន​កូរ៉េ​ខាង​ត្បូង​មាន​ការហ្វឹកហ្វឺន និង​សព្វាវុធ​ទំនើប​ជាង​ ហើយ​មាន​អាមេរិក​ជា​អ្នកចាំជួយថែមទៀត
ទ័ពកូរ៉េ​ខាង​ជើង​មាន​ចំនួន​ច្រើន ប៉ុន្តែ ទាហាន​កូរ៉េ​ខាង​ត្បូង​មាន​ការហ្វឹកហ្វឺន និង​សព្វាវុធ​ទំនើប​ជាង​ ហើយ​មាន​អាមេរិក​ជា​អ្នកចាំជួយថែមទៀត ©AFP

អ្នកវិភាគ​ជាច្រើន​យល់ថា ភាពតានតឹង​រវាង​កូរ៉េ​ទាំង​ពីរ​អាច​នឹង​នាំ​ទៅ​រក​ការប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ ក៏ប៉ុន្តែ ការ​ផ្ទុះ​សង្រ្គាម គឺ​ជា​រឿង​ដែល​ពិបាក​នឹង​កើត​មាន​ខ្លាំងណាស់។ កូរ៉េ​ខាង​ត្បូង​មិន​ចង់​មាន​សង្រ្គាម​ជាមួយ​កូរ៉េ​ខាង​ជើង ព្រោះ​ខ្លាច​ខូចខាត​​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ។ ចំណែក​កូរ៉េ​ខាង​ជើង​វិញ បើ​សិន​ជា​មេដឹកនាំ​ចេះ​គិតគូរ​ត្រឹមត្រូវ ប្រាកដ​ជា​មិន​ហ៊ាន​ចូល​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង​នោះដែរ ពីព្រោះ​ថា ថ្វីដ្បិត​តែ​កូរ៉េ​ខាង​ជើង​មាន​ចំនួន​ទ័ព​ច្រើន​ជាង ក៏ប៉ុន្តែ ទាហាន​កូរ៉េ​ខាង​ត្បូង​មាន​ការហ្វឹកហ្វឺន និង​មាន​សព្វាវុធ​ទំនើបៗ​ជាង។ លើស​ពីនេះ​ទៅទៀត កូរ៉េ​ខាង​ត្បូង​មាន​អាមេរិក​ចាំ​ជួយ​ជានិច្ច។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ ទណ្ឌកម្ម​នេះ​អាច​ចេញ​រួច ឬ​មិនរួច គឺ​អាស្រ័យ​លើ​ចិន ដែល​ជា​សមាជិក​អចិន្រ្តៃយ៍ និង​​ជា​ខ្នង​បង្អែក​របស់​កូរ៉េ​ខាង​ជើង។ នៅ​ពេលនេះ លោកស្រី​គ្លីនតុន ដែល​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ចិន​ បាន​ព្យាយាម​បញ្ចុះបញ្ចូល​ចិន​ឲ្យ​ចូលរួម​អនុម័ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង។ ក៏ប៉ុន្តែ ចិន​បាន​បង្ហាញ​នូវ​​ជំហរ​ជំទាស់​នឹង​ទណ្ឌកម្មនេះ។

ចិន​ ដែល​តែងតែ​គាំទ្រ​កូរ៉េ​ខាង​ជើង​នោះ មិនមែន​មក​ពី​ចិន​ស្រឡាញ់​ចូលចិត្ត​នយោបាយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នោះទេ ក៏ប៉ុន្តែ មក​ពី​ចិន​មិនចង់​ឲ្យ​រដ្ឋាភិបាល​នេះ​រលំ ដែល​នឹង​​នាំ​បញ្ហា​ធ្ងន់ធ្ងរ​មក​ដល់​ចិន។ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​រលំ ជនជាតិ​កូរ៉េ​ខាង​ជើង​នឹង​នាំ​គ្នា​រត់​ភៀសខ្លួន​ឆ្លង​ដែន​ទៅ​ខាង​ចិន ដូច​កាល​ពី​អំឡុង​ពាក់​កណ្តាល​ទសវត្សរ៍​ទី​៩០​ទៀត។

ម្យ៉ាងវិញ​ទៀត បើ​កូរ៉េ​ខាង​ជើង​ដួលរលំ កងទ័ព​អាមេរិក ដែល​នៅ​​​កូរ៉េ​ខាង​ត្បូង​នោះ អាច​នឹង​រុល​មក​ដល់​ព្រំដែន​ចិន​តែម្តង។ នេះ​គឺ​ជា​រឿង​ដែល​ចិន​មិន​ចង់​ឲ្យ​កើត​មាន​ឡើង​ជា​ដាច់ខាត។ នេះ​ហើយ​ជា​មូលហេតុ ដែល​ចិន​តែងតែ​ខិតខំ​ជួយ​ការពារ​កូរ៉េ​ខាង​ជើង បើ​ទោះជា​ពេល​ខ្លះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រឹងក្បាល ធ្វើ​ផ្គើន​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ។ សម្រាប់​ចិន កូរ៉េ​ខាង​ជើង​គឺ​ជា​សម្ពាយ​ដ៏​សែន​សម្ពីងសម្ពោង​មួយ ប៉ុន្តែ ជា​​សម្ពាយ​​ដ៏​សំខាន់​ដែល​ចិនត្រូវការ ដើម្បី​ទុក​ធ្វើ​ជា​ទ្រនាប់​ការពារខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI