កូរ៉េ​ខាង​ត្បូង​-ជប៉ុន

កូរ៉េ​ខាងត្បូង​អំពាវនាវ​ជប៉ុន​ឱ្យ​ទទួល​ស្គាល់​ការពិត ដើម្បី​ចៀស​វាង​ភាព “ឯកា”

លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-Hye
លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Park Geun-Hye REUTERS/Jung Yeon-Je

នៅ​ថ្ងៃសៅរ៍​ទី ១ មីនា នេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ប៉ាក់ គុនហេ បាន​ព្រមាន​ជប៉ុន​ ជា​ប្រទេស​ជិតខាង តែ​មាន​ប្រវត្តិសាស្ត្រ​ជូរ​ចត់​នឹង​គ្នា ថា​នឹង​អាច​ជួប​គ្រោះ​នៅ​ “ឯកា” ប្រសិន​បើ​ប្តូរ​ជំហរ​ចំពោះ​អំពើ​សុំ​ទោស​ក្នុង​រឿង​ទាសករ​ផ្លូវភេទ។ សម្រាប់​កូរ៉េខាង​ត្បូង ការ​​ទទួល​ស្គាល់ការពិត​​​​ក្នុង​អតីត​កាល គឺ​ជា​កសាង​អនាគត​រុងរឿង​និង​សន្តិភាព​ក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រមាន​របស់​លោក​ស្រី​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ធ្វើ​ឡើង​ នា​ឱកាស​សម្ពោធ​បើក​ពិព័រណ៍​ដ៏​កម្រ​មួ​ស្តីពី ទាសករផ្លូវភេទ ដែល​ធ្លាក់ ជា​ចៃដន្យ​​ជួន​ចំ​ថ្ងៃ​ខួប​នៃ​ការ​បះបោរ​ប្រឆាំង​នឹង​ជប៉ុន កាលពី​ឆ្នាំ​១៩១៩។ ការ​បះបោរ​ទាមទារ​ឯករាជ្យ​ដែល​ត្រូវ​បង្ក្រាប​បង្ហូរ​ឈាម ស្លាប់​បាតុករ​រាប់​រយ​នាក់ នៅសម័យ​នោះ។ សម័យដែល​ជប៉ុន​ឈ្លានពាន​ និងធ្វើ​អាណានិគម​ឧបទ្វីប​កូរ៉េ ពី​ឆ្នាំ​១៩១០ ដល់​១៩៤៥។​

ទាសករ​ផ្លូវ​ភេទ ដែល​ភាគ​ច្រើន​ស្ត្រី​ក្មេងៗ​ចិន​និង​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឱ្យ​​​បម្រើ​តណ្ហា​ទាហាន​ជប៉ុន​ ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពី​​រ។​ ​​​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​​ជប៉ុន​របស់​លោក ស៊ីនហ្សូ អាបេ បាន​ប្រកាសចង់​ពិចារណា​ ដក​​ពាក្យ​​សុំ​ទោស​កាលពី​ឆ្នាំ​១៩៩៥ ចំពោះ​អំពើ​ទាសករ​ផ្លូវភេទ​នេះ ចេញវិញ។

“ប្រវត្តិសាស្ត្រ​ពិតមានចែង​​ក្នុង​សក្ខីកម្ម​របស់​អ្នក​រួច​ពី​ស្លាប់" ! ដូច្នេះ​បើ​ជប៉ុន​បិទ​ត្រចៀក​ធ្វើមិន​ដឹង​មិន​ឮ​រឿង​អតីត​កាល​ គឺ​ពិត​ជា​ដូច​ផ្តាច់​​ខ្លួន​ឱ្យ​នៅ​ឯកា​។ នេះ​ជា​ប្រសាសន៍​បន្ថែម​​​របស់​លោកស្រី ប៉ាក់ គុនហេ ដែលបាន​​អំពាវនាវ​ឱ្យ​ តូក្យូ​ទទួល​ស្គាល់​ការ​ពិត​ យក​គំរូ​តាម​អាល្លឺម៉ង់​ តែទុក​អតីត​កាល​នេះ​​ជា​រឿងកន្លង​ហួស​ យក​មក​ធ្វើ​មេរៀន​ដើម្បី​កសាង​អនាគត​ មើល​ទៅមុខ បើក​ទំព័រ​ថ្មី​រួម​គ្នា​ស្ថាបនា​សន្តិភាព​ សហប្រតិបត្តិការ និង​ផ្សះផ្សា។

រឿង​រ៉ាវ​ទាសករ​ផ្លូវ​ភេទ​ តែង​ក្លាយ​ជា​ប្រភព​នាំ​ភាព​តាន​តឹង​ក្នុង​តំបន់ ជាពិសេស​សម្រាប់​​ចិន និង​កូរ៉េខាង​ត្បូង​ដែល​ចង់​ឃើញ​ជប៉ុន​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន​សម័យ​សង្គ្រាម​លោក រាប់​ទាំង​​​ទុក្ខ​ទោសលើ​​​​ស្ត្រី​នៅ​តំបន់​អាស៊ី​។ តំបន់​ដែល​ជប៉ុន​បាន​ឈ្លានពាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI