មេចារកិច្ចកូរ៉េខាងត្បូង៖ កូរ៉េខាងជើងនឹងធ្វើការវាយប្រហារជាថ្មីទៀត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រាប់ គណៈកម្មាធិការសភាកូរ៉េខាងត្បូងថា កូរ៉េខាងជើងអាចនឹងធ្វើការវាយប្រហារសាជាថ្មីទៀតមកលើកូរ៉េខាង ត្បូង។ ព្រមពេលជាមួយគ្នានេះ កូរ៉េខាងត្បូងក៏បានប្រកាសឲ្យដងផងដែរថានឹងរៀបចំធ្វើសមយុទ្ធ ថ្មីៗទៀតជាមួយកងទ័ពអាមេរិក។ ចិនវិញ បានអំពាវនាវម្តងទៀតឲ្យគ្រប់ភាគីស្វែងរកដំណោះស្រាយ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
បទវិភាគរបស់ សេង ឌីណា
សមយុទ្ធរួមគ្នានៅសមុទ្រលឿង រវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូងនឹងត្រូវបញ្ចប់ នៅថ្ងៃពុធ ១ ធ្នូ ២០១០នេះ។ ក៏ប៉ុន្តែ កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនកំពុងរៀបចំធ្វើសមយុទ្ធថ្មីៗផ្សេងទៀត ជាមួយកងទ័ពអាមេរិក។
ភ្លាមៗក្រោយពីការប្រកាសនេះ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានប្រាប់ គណៈកម្មាធិការសភាថា ការវាយប្រហារពីសំណាក់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ គឺបណ្តាលមកពីមានភាពចម្រូងចម្រាស់គ្នា នៅផ្ទៃក្នុងជួរថ្នាក់ដឹកនាំកូរ៉េខាងជើង ជុំវិញការឲ្យកូនប្រុសលោកគីម ជុងអ៊ីល ឡើងមកស្នងតំណែង។ កូរ៉េខាងជើងអាចនឹងធ្វើការវាយប្រហារថ្មីៗទៀតមកលើកូរ៉េខាងត្បូង។
នៅថ្ងៃពុធនេះ ចិនបានអំពាវនាវសាជាថ្មីម្តងទៀតឲ្យគ្រប់ភាគីខិតខំស្វែងរកមធ្យោបាយ រំងាប់ភាពតានតឹងនៅកូរ៉េ។ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឯណោះវិញ ចិនបានជំទាស់ជាលើកទី២ មិនឲ្យចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង។
នៅថ្ងៃដដែលនេះ ប្រធានរដ្ឋសភាចិនបានទទួលជួបសមភាគីកូរ៉េខាងជើង នៅក្នុងរដ្ឋធានីប៉េកាំង។ ក្នុងជំនួប ដែលចាក់ផ្សាយតាមបណ្តាញទូរទស្សន៍រដ្ឋផងនោះ ប្រធានសភាចិនបានបញ្ជាក់ប្រាប់សមភាគីរបស់លោកថា ចិននឹងនៅតែរក្សាទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើង។
វែបសៃត៍ Wikileaks ទើបនឹងចេញផ្សាយឯកសារសម្ងាត់មួយចំនួន ដែលបង្ហាញថា ចិនទំនងជាអាចបោះបង់របបកុម្មុយនិស្តកូរ៉េខាងជើង ហើយសុខចិត្តឲ្យកូរ៉េទាំងពីររួបរួមគ្នា ក្រោមការគ្រប់គ្រងរបស់កូរ៉េខាងត្បូង។
អ្នកវិភាគខ្លះយល់ថា ការលេចធ្លាយឯកសារសម្ងាត់នេះអាចនឹងធ្វើឲ្យស្ថានភាពនៅកូរ៉េកាន់តែ ធ្លាក់ដុនដាបខ្លាំងឡើងថែមទៀត។ ចិនអាចនឹងបាត់បង់ឥទ្ធិពលលើមេដឹកនាំកូរ៉េខាងជើង។ ម្យ៉ាងវិញទៀត នៅពេលដែលដឹងថា ចិនឈប់ការពារ មេដឹកនាំកូរ៉េខាងជើងអាចនឹងត្រូវធ្លាក់ក្នុងភាពទាល់ចក្រ ហើយអាចនឹងបញ្ចេញទង្វើបង្កហេតុផ្សេងៗទៀត ដែលធ្វើឲ្យបាត់បង់ស្ថិរភាពក្នុងតំបន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ