អាស៊ី

អគ្គនាយករង​ក្រុម​ហ៊ុន​ Sumsung ត្រូវ​តុលាការ​កាត់ទោសឲ្យ​ជាប់​គុក​៥ឆ្នាំ

លោក លី ជាយ៉ុង អ្នកស្នងមត៌កក្រុមហ៊ុន Sumsung
លោក លី ជាយ៉ុង អ្នកស្នងមត៌កក្រុមហ៊ុន Sumsung REUTERS/Chung Sung-Jun/Pool
ដោយ៖ ហេង ឧត្តម
១៥ នាទី

នៅ​ថ្ងៃ​សុក្រនេះ តុលាការ​កូរ៉េខាង​ត្បូង បាន​សម្រេច​​សាល​ក្រម កាត់ទោសដាក់​ពន្ធនាគារ​​៥ឆ្នាំ ចំពោះ​​​​លោក លី ជាយ៉ុង ​អ្នក​ស្នង​មត៌ក​ក្រុម​ហ៊ុន Sumsung។​ ​​តុលាការ​ក្រុង​សេអ៊ូល រក​ឃើញថា កូនប្រុស​ថៅកែ​ក្រុមហ៊ុន Sumsung រូបនេះ បានស៊ូក​ប៉ាន់​លុយ​ជាង៣៨លានដុល្លារ ទៅឲ្យ​អ្នក​ស្និទ​នឹង​អតីត​ប្រធានាធិបតី​ លោកស្រី Park Geun – Hye។

ផ្សាយពាណិជ្ជកម្ម

ការ​កាត់ទោស លោក Lee Jae-yong អគ្គនាយករង​ក្រុម​ហ៊ុន ​ Sumsung នេះ គឺពី​​បទសង្ស័យ​ជាប់​ពាក់ព័ន្ធ​​​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយដ៏ធំ​នៅ ​កូរ៉េខាង​ត្បួង​។ តុលាការ​ ​ជឿជាក់ថា លោក Lee Jae-yong ពិតជាបាន​ស៊ូក​​ប៉ាន់​ ផ្ទេរ​លុយ​ជាង​ ៤៣ពាន់លាន​វ៉ុន ស្មើ​នឹង​ជាង៣៨លានដុល្លារអាមេរិក ទៅឲ្យ​លោកស្រី ឆយ ស៊ុនស៊ីល ដែលជាអ្នក​ស្និទ​នឹង​អតីត​ប្រធានាធិបតី​ លោកស្រី Park Geun – Hye។

ក្រៅពីបទល្មើសពុករលួយ​ដ៏ធំ​នេះ​ លោក Lee Jae-yong នៅរង​បទចោទ​ប្រកាន់​ផ្សេងទៀត ​ដូច​ជាបទរំលោភលើទ្រព្យ​សម្បត្តិក្រុមហ៊ុន ​បំពាន​សម្បថ និង​បានលួច​លាក់ទ្រព្យសកម្ម​នៅ​ក្រៅ​ប្រទេសជាដើម​។ រី​​ឯ​ចំណែក​មនុស្ស​ស្និទ​របស់​លោក និង​មេៗ​អ្នក​សរសេរ​របាយការណ៍​ក្រុមហ៊ុន​ ចំនួន​៤នាក់​ទៀត ក៏​កំពុង​ជាប់​បណ្តឹងផង​​ដែរ។​

ប្រឈម​មុខ​នឹង​ការសម្រេចទោស​នៅ​ថ្ងៃ​សុក្រ​នេះ ទាំង​​លោក លី ជាយ៉ុង និង​ទាំង​មេធាវី​ការពារក្តី សុទ្ធតែបាន​បដិសេធ​ច្រាន​ចោល រាល់​បទ​​ចោទប្រកាន់​ទាំងអស់​។ ​មេធាវី​តំណាង​របស់​លោក Lee Jae-yong ​បាន​លើកឡើង​ ក្នុងន័យដោះបន្ទុកថា ប្រសិនបើ​កូន​ក្តី​របស់​ខ្លួន ​បាន​ប្រព្រឹត្តិអំពើ​ពុករលួយ ​ផ្ទេរ​លុយ​រាប់​សិប​លាន​ដុល្លារ​​​ពិត​មែននោះ​ ក៏​ព្រោះតែលោក លី ជាយ៉ុង រង​​សម្ពាធ ខ្លាច​អំណាច​ និង​រងការ​គាប​សង្កត់​បង្ខិត​បង្ខំ​ពី​​លោកស្រី ឆយ ស៊ុនស៊ីល ដែលជាមនុស្សស្និទ​នឹង ​ លោកស្រី Park Geun – Hye ​នោះតែម្តង។​

សូមជម្រាប​ថា នៅ​ក្នុងសំណុំ​រឿង​អាស្រូវ​ពុករលួយ​ នៅ​កូរ៉េខាង​ត្បូងនេះ​ ​​​ គឺលោកស្រី ​ឆយ ស៊ុនស៊ីល ​ត្រូវតុលាការ​កាត់​ទោស​ឲ្យ​ជា​ប់​ពន្ធនាគារ​រួច​មកហើយ។​ ចំណែក​​ លោកស្រី Park Geun – Hye ត្រូវសភា​ដកសេចក្តី​ទុក​ចិត្ត និង​​ធ្លាក់​ពី​តំណែង​ប្រធានាធិបតី​ ព្រមទាំង​កំពុងតែ​ស្ថិត​ក្រោម​ការ​ជនុំ​ជម្រះ​របស់​តុលាការ​កូរ៉េ ផងដែរ។​

ទោះយ៉ាង​ណាក្តី ការ​សម្រេច​ទោស​ជាប់​គុក​ត្រឹម​៥ឆ្នាំ ទៅលើរូបលោក Lee Jae-yong អគ្គនាយករង​ក្រុម​ហ៊ុន Sumsung នៅពេល​នេះ គឺ​តិច​ជា​ង​ការ​ទាមទារ​របស់​រដ្ឋអាជ្ញា​ពិសេស​កូរ៉េ​​ខាង​​ត្បូង ដែល​ចង់​​​​ឲ្យ Lee Jae-yong ជាប់​គុក​រហូត​ដល់​ចំនួន​​១២​​ឆ្នាំ​ឯណោះ។

ជាការ​កត់​សម្គាល់ រឿង​ក្តីពុក​រលួយ​ដ៏ធំ នៅ​កូរ៉េខាង​ត្បូងនេះ​ មិនមែនជាប់ជំពាក់​​ត្រឹមតែក្រុម​ហ៊ុន​ Sumsung មួយ​ប៉ុណ្ណោះទេ គឺ​នៅមាន​ក្រុម​ធំៗគ្រាក់ៗ​របស់​កូរ៉េខាងត្បួង​ជា​ច្រើន​ទៀត ដែល​កំពុង​រង​ការ​ប្តឹង​ផ្តល់ ដោយសារតែ​បាន​ស៊ុំគ្រលំ​ជាមួយ​​​លោកស្រី ឆយ ស៊ុនស៊ីល មនុស្ស​ជំនិត​របស់​​អតីត​ប្រធានាធិបតី​ លោកស្រី Park Geun – Hye៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI