ឧបទ្វីបកូរ៉េ

មរណភាព​របស់​គីម ជុងអ៊ីល៖ កងទ័ព​កូរ៉េ​ខាងត្បូង និង​​ជប៉ុន​ត្រូវ​ដាក់​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន

ទាហាន​កូរ៉េខាងត្បូង​ត្រូវ​បញ្ជា​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន និង​ប្រកាសអាសន្ន​ក្រោយ​មរណភាព​របស់​គីម ជុងអ៊ីល
ទាហាន​កូរ៉េខាងត្បូង​ត្រូវ​បញ្ជា​ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន និង​ប្រកាសអាសន្ន​ក្រោយ​មរណភាព​របស់​គីម ជុងអ៊ីល ©Reuters

នៅក្រោយ​ការប្រកាស​របស់​ទូរទស្សន៍​រដ្ឋកូរ៉េខាងជើង អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​សម្ព័ន្ធមិត្ត​ទាំងបី​ដែល​ជា​សត្រូវ​របស់​កូរ៉េខាងជើង​បាន​ប្រកាស​សហការគ្នា ដើម្បី​តាមដាន​មើល​ព្រឹត្តិការណ៍​យ៉ាងកៀក​បំផុត។ នៅប៉ុន្មាន​ម៉ោងក្រោយ​ការផ្សាយ​របស់​ទូរទស្សន៍ រដ្ឋាភិបាល​របស់​កូរ៉េខាងត្បូង និង​ជប៉ុន​ប្រកាស​ដាក់​កងទ័ព ឲ្យ​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្ញ៉ុងបាក់​បាន​លុប​ចោល​ជំនួប​ប្រចាំថ្ងៃ​របស់​លោក ទាំងអស់ និង​បាន​បើកការប្រជុំ ជាបន្ទាន់​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខជាតិ។ ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​បញ្ជា​ផងដែរ​ដល់​ក្រសួងការពារ​ជាតិ​ឲ្យ​ពង្រឹង​ការត្រួតពិនិត្យ នៅតាម​ព្រំដែន​ជាមួយ​កូរ៉េខាងជើង។ ចំណែក​រដ្ឋាភិបាល​ជប៉ុន បន្ទាប់ពី បាន​ចូលរួម​សម្តែង​មរណទុក្ខ​ដល់​ប្រមុខដឹកនាំ​គីម ជុងអ៊ីល ក៏​បាន​បើក​ការប្រជុំ​គណៈរដ្ឋមន្រ្តី​បន្ទាន់ គឺ​នៅមួយ​ម៉ោង​ក្រោយ​ការផ្សាយ​ដំណឹង​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង។

 
ក្នុង​កិច្ចសន្ទនា​ជាមួយ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា លោក​លី ម៉្ញុងបាក់​បាន​ស្នើទៅ​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​មាន​ទ័ព​ជិត​៣ម៉ឺននាក់ នៅ​លើ​ទឹកដីកូរ៉េខាងត្បូង ឲ្យ​ពង្រឹងកម្លាំង និង​ប្រើប្រព័ន្ធ​ផ្កាយរណប ឬយន្តហោះ​ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​យោធា​របស់កូរ៉េខាងជើង នៅតាម​ព្រំដែន​កូរ៉េទាំងពីរ។

អ្នកនាំពាក្យ​របស់​សេតវិមាន​បាន​និយាយ​ថា អាមេរិក​កំពុង​តាមពិនិត្យ​ ស្ថានការណ៍​នៅកូរ៉េខាងជើង ដោយ​ប្រុងប្រយ័ត្ន​និងយ៉ាង​កៀក​បំផុត។ ក្នុង​ស្ថានភាពនេះ អាមេរិក​កំពុង​សហការ​យ៉ាងជិតស្និទ្ធ ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត។

មរណភាព​របស់​អគ្គមគ្គទេសក៍​កូរ៉េខាងជើង​ធ្វើ​ឲ្យ​ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង​បារម្ភ ច្រើន​ជាងត្រេកអរ ព្រោះគេ​ជឿថា ដើម្បី​អាច​បំបែរ​ប្រជាជន​កុំ​ឲ្យ​ចាប់អារម្មណ៍​លើ​ភាពអត់ឃ្លាន វិបត្តិ​នយោបាយ​ថ្នាក់ដឹកនាំក្នុង​ប្រទេស កូរ៉េខាងជើង​អាច​នឹង​បង្កព្យុះភ្លៀង រករឿង​ឈ្លោះ​ជាមួយ​ប្រទេស​ជិតខាង។

ម្យ៉ាងទៀត សម្ព័ន្ធមិត្ត​ទាំងបី កូរ៉េខាងត្បូង ជប៉ុន និង​អាមេរិក​បារម្ភ​ពី​អនាគត​សន្តិសុខ​នៅឧបទ្វីប​កូរ៉េ នៅពេល កូរ៉េខាងជើង ដែល​មាន​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ធ្លាក់ទៅ​កណ្តាប់ដៃ​របស់​យុវជន គីម ជុងអ៊ុន ដែល​មិនទាន់​មាន​បទពិសោធន៍​ដឹកនាំប្រទេស​ដូច​ឪពុក។
 

គេជឿថា ភាពនៅក្មេងខ្ចី និង​គ្មាន​បទពិសោធន៍​របស់​គីម ជុងអ៊ុន​អាច​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​យោធា​កូរ៉េខាងជើង​មិន​ជឿទុកចិត្ត និងមិន​គោរព។ ដូច្នេះ​ដើម្បី​អាច​បាន​ទាញចំណាប់អារម្មណ៍ និង​ទំនុកចិត្ត​ពី​ថ្នាក់ដឹកនាំ​បក្សកុម្មុយនិស្ត​កូរ៉េខាងជើង គីម ជុងអ៊ុន​អាចនឹង​បញ្ចេញ​សមត្ថភាព​ធ្វើអ្វី​មួយ។ តាមអ្នកវិភាគ​កូរ៉េខាងត្បូង គីម ជុងអ៊ុន​ធ្លាប់​បាន​សាកល្បង​បង្ហាញស្នាដៃ ​ម្តង​រួចហើយ កាលពីឆ្នាំ ២០១០ នៅពេល​ឪពុកខ្លួន​បាន​ប្រកាស​តែងតាំង​ជា​សមាជិក​បក្ស​កុម្មុយនិស្ត។ គេជឿថា ការបាញ់​ពន្លិច​នាវាចម្បាំង​កូរ៉េខាងត្បូង កាលពី​ខែ​មីនា ឆ្នាំ ២០១០ និងការបាញ់​ទៅលើ​កោះ យឺនព្យ៉ុង នៅឆ្នាំ​ដដែល គឺ​ជា​ស្នាដៃ​របស់​កូរ៉េខាងជើង ដែលមាន​គីម ជុងអ៊ុន​ជាមេផ្តល់​គំនិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI