អេស្ប៉ាញ

អេស្ប៉ាញ​សុខចិត្ត​ហាមាត់​ខ្ចី​លុយ ៦២​ពាន់​លាន​អឺរ៉ូ

នាយករដ្ឋមន្រ្តី អេស្ប៉ាញ Mariano Rajoyថ្លែង​នៅក្នុង​សន្និសីទ​អ្នកជំនួញ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ នៅថ្ងៃ​ទី ២៥​មិថុនា ២០១២
នាយករដ្ឋមន្រ្តី អេស្ប៉ាញ Mariano Rajoyថ្លែង​នៅក្នុង​សន្និសីទ​អ្នកជំនួញ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ នៅថ្ងៃ​ទី ២៥​មិថុនា ២០១២ © REUTERS

នៅថ្ងៃ ចន្ទ ទី ២៥ មិថុនានេះ អេស្ប៉ាញ​បាន​សរសេរ ជា​ផ្លូវការ សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​តំបន់​អឺរ៉ូ។ ក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ​បាន​សម្រេច កាលពីថ្ងៃ​ទី​៩​មិថុនា​ថា នឹង​អាច​ផ្តល់​ប្រាក់​កម្ចី ១០០​ពាន់​លាន​អឺរ៉ូ​ដល់​អេស្ប៉ាញ។ ជាមួយ​ផែនការ​ទទួល​ជំនួយ​ពី តំបន់អឺរ៉ូ អេស្ប៉ាញ​ក្លាយ​ជា​ប្រទេស​ទីបួន បន្តាប់ពី​ក្រិក អៀឡង់ និង​ព័រទុយហ្កាល់ ដែល​ទទួល​ជំនួយ​សង្រ្គោះ​ពី​មូលនិធិ​អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

 

កាលពី​ចុង​សប្តាហ៍​មុន កម្រិត​ការប្រាក់​រដ្ឋ​អេស្ប៉ាញ​ឡើងដល់​៧ភាគរយ គឺ​ខ្ពស់​ជាង​ការប្រាក់​របស់​អ៊ីតាលី​ទៅទៀត។ ដោយសារ​តែការប្រាក់​ខ្ពស់​កប់ពពក​អីចឹងហើយ បាន​ជាអេស្ប៉ាញ​សុខចិត្ត លុតជង្គង់​មក​រកខ្ចីលុយ​ពីអឺរ៉ុប​វិញ។

អេស្ប៉ាញ​ធ្លាប់​បាន​ប្រកាស​ស្វាគម​ជំនួយ​របស់​អឺរ៉ុប ប៉ុន្តែ គ្រាន់តែ​ជាការនិយាយ គ្មាន​លិខិត​ផ្លូវការ។ អេស្ប៉ាញ​មិន​បាន​​ហារមាត់ បញ្ជាក់​ចំនួន​លុយ​ដែល​ខ្លួន​ចង់ខ្ចី ព្រោះ​អេស្ប៉ាញ​នៅចង់​រង់ចាំ​សវនកម្ម​របស់​ទីភ្នាក់ងារ​មួយ​ដែល​អេស្ប៉ាញ​បានជួល​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​ទៅលើ​ប្រព័ន្ធ​ធនាគារ​អេស្ប៉ាញ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ​នេះ ការងារ​របស់​ទីភ្នាក់ងារ​បាន​បញ្ចប់។ រដ្ឋាភិបាល​អេស្ប៉ាញ​ទើប​បាន​បង្ហើបថា ធនាគារ​របស់ខ្លួន​ត្រូវការ​ទឹកប្រាក់​ប្រមាណ ៦២ ពាន់​លាន​អឺរ៉ូ ប៉ុណ្ណោះ គឺ​តិច​ជាង​ទឹកប្រាក់​ដែល​អឺរ៉ុប​សន្យា​ឲ្យ​អេស្ប៉ាញ​ខ្ចី ប្រមាណ ១០០​ពាន់​លាន​អឺរ៉ូ។

សម្រាប់​អេស្ប៉ាញ ទឹកប្រាក់ ៦២​ពាន់​លាន​អឺរ៉ូ គឺ​ជា​តម្រូវការ​អតិបរមា ដែល​គេ​ត្រូវការ​​ដើម្បី​ផ្តល់​ដើមទុន​ដល់​ធនាគារ​អេស្ប៉ាញ​ឡើងវិញ។ ប៉ុន្តែ បើតាម​ធនាគារ​កណ្តាល​អេស្ប៉ាញ ទឹកប្រាក់​ដែល​ធនាគារ​អេស្ប៉ាញ​អាចខាតបង់ ដោយសារ​តែ​អតិថិជន គ្មាន​លទ្ធភាព​សងមកវិញ មាន​ដល់​ទៅ ១៨០​ពាន់​លាន​អឺរ៉ូ​ឯណោះ គឺ​ច្រើន​ជាង​ទឹកប្រាក់​ដែល​រដ្ឋ​អេស្ប៉ាញ​នឹង​ខ្ចី​ពី​តំបន់​អឺរ៉ូ ៣​ដង។

យ៉ាងណាក៏​ដោយ ដោយសារ​អេស្ប៉ាញ​មាន​ត្រឹម​វិបត្តិ​ធនាគារ ប៉ុន្តែ មិនមែន​វិបត្តិ​ប្រាក់បំណុល​ធ្ងន់ធ្ងរ  ដូច្នេះ អេស្ប៉ាញ​ក៏​មិន​ត្រូវ​បាន​អឺរ៉ុប​ចងជើង​ឲ្យ​ធ្វើ​កំណែទម្រង់ អនុវត្ត​នយោបាយ​រឹតត្បឹត​ថវិកា ដូចក្រិក អៀឡង់ និង​ព័រទុយហ្កាល់​ដែរ។ ម្យ៉ាងវិញទៀត អេស្ប៉ាញ​ក៏​បាន​អនុវត្ត​នយោបាយ​រឹតត្បិត​ថវិកា​រួចហើយ​ដែរ គឺ​មុន​នឹង​ការអំពាវនាវ​របស់​សហភាព​អឺរ៉ុប​ទៅទៀត។ អេស្ប៉ាញ​បាន​សន្យា​កាត់បន្ថយ​ឧុនភាព​ថវិកា​ឲ្យ​បាន​ត្រឹម​​៣ភាគរយ នៅឆ្នាំ ២០១៣។ នយោបាយ​របស់​អេស្ប៉ាញ​ត្រូវ​តំបន់អឺរ៉ូ​ស្វាគម និង​លើក​ទឹកចិត្ត ព្រោះថា តាមរយៈ​ផែនការ​រឹតត្បិត​ថវិកា ដោយ​កាត់បន្ថយ​ចំណាយ​រដ្ឋ និង​បង្កើន​ពន្ធ​លើ​ប្រាក់ចំណូល រដ្ឋាភិបាល​អេស្ប៉ាញ អាច​នឹង​សន្សំសំចៃ​លុយ​រដ្ឋ​បាន​ប្រមាណ ៥០​ពាន់​លាន​អឺរ៉ូ​ក្នុង​រយៈពេល ៤ឆ្នាំទៅមុខ។

ប្រាក់បំណុល​របស់​រដ្ឋអេស្ប៉ាញ​មាន​មិនដល់ ៦០​ភាគរយ​ផង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប គឺ​នៅតិច​ជាង​ការកំណត់​របស់​អឺរ៉ុប គឺ​ត្រឹម ៨០ភាគរយ។

អឺរ៉ុប​មិន​បាន​ដាក់​លក្ខខណ្ឌ​ដល់​អេស្ប៉ាញ​ទេ ប៉ុន្តែ ផ្ទុយទៅវិញ គឺ​អេស្ប៉ាញ​ដែល​ដាក់​លក្ខខណ្ឌ​ទាមទារ​ច្រើន​ពី​ម្ចាស់​បំណុល​របស់ខ្លួន​ទៅវិញ។ ទីមួយ អេស្ប៉ាញ​ចង់​ឲ្យ​តំបន់​ចាយប្រាក់​អឺរ៉ូ​ផ្តល់​លុយ​ឲ្យ​បាន​លឿន​បំផុត បើ​អាច​ធ្វើ​ទៅបាន។ រារែក​ក្នុង​ការខ្ចីលុយ ប៉ុន្តែ ដល់​ពេលត្រូវការ​មែនទែន តាំង​បង្ខំ​ឲ្យ​អឺរ៉ុប ប្រញាប់​ផ្តល់លុយ​ឲ្យ​ខ្លួនខ្ចី​បាន​ឆាប់ៗ។ មួយវិញទៀត អេស្ប៉ាញ​ចង់​បាន​ប្រាក់កម្ចី​ដែល​ខ្លួន​អាច​មាន​សិទ្ធិ សង​ក្នុង​រយៈពេល​១៥​ឆ្នាំ យ៉ាងតិច ហើយ​ ជាមួយ​ការប្រាក់​ប្រមាណ​ពី​៣ ទៅ ៤​ភាគរយ​ប៉ុណ្ណោះ។

រដ្ឋាភិបាល​អេស្ប៉ាញ​នឹង​ធ្វើ​ផែនការ​លម្អិត​ពីការបែងចែក​ប្រាក់ជំនួយ​របស់​តំបន់អឺរ៉ូ ឲ្យ​បាន​មុន​ថ្ងៃ​ទី ៩​កក្កដា ដែល​ជាថ្ងៃជួប​ប្រជុំ​របស់ក្រុមប្រទេស​តំបន់អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI