អានតួអត្ថបទ
កម្ពុជា

សង្គ្រាម​​ប៉ាក​​កា​បន្ត​​កើត​ឡើង​រវាង​​អ្នក​​នាំ​​ពាក្យ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ​និង​​ក្រ​សួង​​ការ​​ពារ​​ជាតិ​

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ។
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ។ @RFI
ដោយ៖ លី ម៉េងហួរ
១៤ នាទី

លិ​ខិត​ឆ្លង​ឆ្លើយ ចោទ​ប្រកាន់ និង​បដិ​សេធ បាន​បន្ត​កើត​ឡើង រវាង​អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និង​ក្រសួង​ការ​ពារ​ជាតិ។ នៅ​ថ្ងៃ​ទី​៣០​មករា​នេះ លោក យឹម​សុវណ្ណ បាន​សរសេរ​លិខិត បដិ​សេធ​ទាំង​ស្រុង​នូវ​សេច​ក្តី​ប្រកាស​ព័ត៌មាន របស់​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​ពារ​ជាតិ។ លិខិត​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ ចុះ​ថ្ងៃ​ទី​២៨​មករា បាន​អះ​អាង​ថា លោក​យឹម​សុវណ្ណ បាន​មាក់​ងាយ ទៅ​លើ​កិត្តិ​យស និង​សេច​ក្តី​ថ្លៃ​ថ្នូ​របស់​កង​ទ័ព​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត ដែល​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០មករា​នេះ លោក​យឹម​សុវណ្ណ អ្នកនាំពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ទាំងស្រុង ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​ការពារជាតិ ចុះ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១។ ជា​សេច​ក្តី​ប្រកាស ដែល​លោក យឹម សុវណ្ណ ចាត់​ទុក​ថា មាន​គោល​បំ​ណង​ធ្វើ​ឲ្យ​កងទ័ព​ជាតិ​យល់​ច្រ​លំ មកលើ​ការធ្វើ​អត្ថា​ធិប្បាយ​របស់​លោក នៅក្នុង​អត្ថបទ​មួយ របស់​កាសែត The Cambodia Daily ចេញ​ផ្សាយ នៅ​ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១។

 
លោក យឹម សុវណ្ណ ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំរាជធានី​ភ្នំពេញ និង​ជា​តំ​ណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ភ្នំពេញ បាន​ស្រាយ​បំភ្លឺ ៤ ចំណុច ជូន​កងទ័ព​ជាតិ គឺ​ន័យ​ពិត​ប្រាកដ នៃ​អត្ថាធិប្បាយ​របស់លោក ក្នុង​កាសែត សំដៅ​ទៅលើ​អ្នកធ្វើ​សេចក្តីសំរេច​មួយ​ចំនួន​តូច ក្នុង​ជួរ​កងទ័ព ដែល​ក្នុងកា​លះ​ទេ​សះ ដែល​ប្រទេស​កម្ពុជា កំពុងមាន​វិបត្តិ​នយោបាយ កង​ទ័ព​បែរជា​គាំទ្រ​គណបក្សនយោបាយ​មួយ ហើយ​ប្រឆាំងនឹង​គណ​បក្សនយោ​បាយ​មួយ​ទៀត។ ប៉ុន្តែ​តាមច្បាប់ កងទ័ព​ជាតិ ត្រូវមាន​ភាព​អ​ព្យា​ក្រឹត្យ ក្នុងការ​បំពេញ​តួនាទី និង​ភារ​កិច្ច​​របស់ខ្លួន។

លោក យឹម សុវណ្ណ បញ្ជាក់ថា ការប្រើប្រាស់​កង​កំលាំង​ប្រដាប់អាវុធ តាម​ការបញ្ជា​របស់​អ្នកធ្វើ​សេចក្តីសំរេច​មួយចំនួន​តូច បង្ក្រាប​ដោយ​ហិង្សា លើ​បាតុករ​ស្លូតត្រង់ បាញ់​គ្រាប់​ពិត​តំរង់​ទៅរក​កម្មករ រហូត​កម្មករ ៥ នាក់ បាត់បង់​ជីវិត និង​របួស​ប្រមាណ ៤០ នាក់ កាលពី​ថ្ងៃទី៣មករា ឆ្នាំ២០១៤ គឺជា​ទង្វើ​ខុសច្បាប់។

ការលើកឡើង​របស់លោក យឹម សុវណ្ណ ខាងលើ ជាការ​ឆ្លើយតប​នឹង​លិខិត​របស់​អ្នក​នាំ​ពាក្យ​​ក្រសួង​ការពា​ជាតិ កាលពី​ថ្ងៃ២៨មករា។ លិខិត​ក្រសួងការពារជាតិ បាន​អះអាងថា លោក យឹម សុវណ្ណ ចោទប្រកាន់ថា កងទ័ព​ដែល​កើតចេញពី​រដ្ឋាភិបាល និង​រដ្ឋសភា ខុស​ច្បាប់ គឺជា​កងទ័ព​ខុសច្បាប់។ ការលើកឡើង​ដូច្នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ ប្រកាស​បដិសេធ និង​ថ្កោលទោស ដោយ​ចាត់ទុកជា ការប្រមាថ មើលងាយ​លើ​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ