កម្ពុជា

គ្រួសារ​សព​ចំនួន ៣៤៤​បាន​ទទួល​ថវិកា​សប្បុរស

លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ចែក​វិភាគទាន​ដល់​គ្រួសារ​សព​ដែល​ស្លាប់​ក្នុង​ថ្ងៃ​ផ្អើល​រត់ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​
លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ចែក​វិភាគទាន​ដល់​គ្រួសារ​សព​ដែល​ស្លាប់​ក្នុង​ថ្ងៃ​ផ្អើល​រត់ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​ ©លាង ដឺលុច

ក្រុម​ការងារ​នៃ​អនុគណៈកម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​លើ​ករណី​ឧបទ្ទវហេតុ នៅលើ​ស្ពានពេជ្រ​កំពុង​បញ្ចប់​ការងារ​ចែក​ជំនួយ​សប្បុរសធម៌​ដល់​គ្រួសារ​ ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត នៅក្នុង​ព្រឹត្តិការណ៍​សោកនាដកម្ម​លើ​ស្ពានពេជ្រ។ យោង​តាម​របាយការណ៍​ចុងក្រោយ​បណ្តោះ​អាសន្ន នៅ​ថ្ងៃ​ទី ២៦ វិច្ឆិកា​នេះ ក្នុង​ចំនោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ចំនួន​៣៤៧​នាក់​នោះ មាន​តែ​៣​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ទទួល​បាន​ជំនួយ​សប្បុរសធម៌​ពី​ រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ក្នុង​ចំណោម​គ្រួសារ​នៃ​សព​ទាំង​៣៤៧នាក់ មាន​គ្រួសារ​ចំនួន ៣៤៤​ហើយ ដែល​បាន​ទទួល​ជំនួយ​សប្បុរសធម៌​ពី​រដ្ឋាភិបាល នេះ​បើ​តាម​របាយការណ៍​បណ្តោះ​អាសន្ន​ចុងក្រោយ​របស់​អនុ​គណៈកម្មការ​ដោះស្រាយ​ការងារ​បន្ទាន់​លើ​ករណី​ឧបទ្ទវហេតុ​នៅ​លើ​ស្ពានពេជ្រ។ អនុ​គណៈកម្មការ​នេះ ដែល​ដឹកនាំ​ដោយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច។ រដ្ឋាភិបាល​បាន​ប្រកាស​ឧបត្ថម្ភ​ទឹកប្រាក់​៥លាន​រៀល​សម្រាប់​សព​នីមួយៗ។

យោង​តាម​ការផ្តល់​ព័ត៌មាន​ពី​មន្ត្រី​នៃ​អនុគណៈកម្មការ​នេះ មាន​ករណី​ចំនួន​៣ ដែលក្រុម​ការងារ​នៅ​មិន​ទាន់បាន​ប្រគល់​ជំនួយ​របស់​រដ្ឋាភិបាល ដោយសារ​តែ​ក្រុមគ្រួសារ​នៃ​សព​បាន​នាំយក​សព​ចេញ​ពី​មន្ទីរពេទ្យ​ដោយ​មិនមាន​លិខិត​បញ្ជាក់​ពី​មន្ទីរពេទ្យ។ យោង​តាម​ការបញ្ជាក់​របស់​មន្ត្រី​ដដែល ចំនួន​អ្នករង​គ្រោះថ្នាក់​ដល់​ជីវិត​មាន​នៅ ១៨​រាជធានី​ខេត្ត។ តួលេខ​គ្រោះថ្នាក់​ដែល​មាន​ច្រើន​ជាង​គេ គឺ នៅភ្នំពេញ។ តួលេខ​បង្ហាញ​ថា ជន​រងគ្រោះ​បាត់បង់ជីវិត​នៅលើ​ស្ពាន​ពេជ្រ មក​ពី​ភ្នំពេញ​មាន​៧៨​នាក់។ បន្ទាប់​មក គឺ​ខេត្ត​កណ្តាល​ដែល​មាន​៦៦​នាក់ កំពង់ចាម​៤១នាក់ ព្រៃវែង​៣៦នាក់ តាកែវ​៣៥នាក់ ស្វាយរៀង​២៩នាក់ កំពង់ស្ពឺ​២០នាក់ កំពត១១នាក់ ពោធិ៍សាត់​៥នាក់។ ហើយ​បណ្តា​ខេត្ត​មាន​ជនរងគ្រោះ​តែ​១នាក់ និង​២​នាក់​នោះ​រួមមាន​ខេត្តព្រះសីហនុ សៀមរាប បន្ទាយមានជ័យ ឧត្តរ​មានជ័យ ស្ទឹងត្រែង និង​ក្រចេះ។

គួររម្លឹកថា យោងតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​កន្លងមក ជំនួយ​សប្បុរសធម៌​ជាច្រើន​ត្រូវ​បាន​ប្រកាស​ផ្តល់​អោយ​គ្រួសារ​នៃ​សព។ ជំនួយ​ទាំងនោះ​រួម​មាន​ពីរដ្ឋាភិបាល សម្តេចឪ សម្តេចម៉ែ ព្រះមហាក្សត្រ ម្ចាស់​ក្រុមហ៊ុន​កោះពេជ្រ និង​ជំនួយ​ពី​កាកបាទ​ក្រហម​កម្ពុជា​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI