ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងគឺជាកត្តាគួរឲ្យបារម្ភនៅកម្ពុជា
គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយអង្គការសុខភាពពិភពលោក បើកយុទ្ធនាការផ្សព្វផ្សាយស្ពតបីប្រភេទ ជារូបភាព ជាសម្លេង និងជាឃ្លីបវីដេអូ ដល់មហាជនខណៈដែលគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជានៅតែជាការព្រួយបារម្ភ។ ស្ពតដែលមានលក្ខណៈអប់រំខ្ពស់ដល់អ្នកបើកបរដែលក្រេបគ្រឿងស្រវឹងនោះនឹងត្រូវបានដំណើរការព្រមៗគ្នាចាប់ពីពេលនេះតទៅរហូតដល់ដំណាច់ខែវិច្ឆិកាឆ្នាំ២០១៣។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដោយមើលឃើញពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាកាន់តែមានសភាពមិនថមថយពីមួយថ្ងៃទៅមួយថ្ងៃ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអង្គការសុខភាពពិភពលោក បានប្រកាសជាថ្មីម្តងទៀតនូវយុទ្ធនាការ «បើពិសារគ្រឿងស្រវឹងកុំបើកបរ!» ចាប់តាំងពីថ្ងៃសុក្រទី១៨តុលា។ យុទ្ធនាការដែលជាផ្នែកមួយនៃកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលក្រោមការឧបត្ថម្ភពីមូលនិធិ Bloomberg Philantrophies គឺក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជនអំពីផលបច្ច័យអាក្រក់ និងភាពធ្ងន់ធ្ងរនៃការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងទាក់ទងទៅនឹងយុទ្ធនាការ ដែលមានការផលិតស្ពតដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថាចំណាត់ការអប់រំច្បាប់ចរាចរណ៍តាមរយៈស្ពត មានសារៈសំខាន់ណាស់សម្រាប់ពេលនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថានេះគឺជាផ្នែកមួយនៃការប្រឹងប្រែងចាត់វិធានការគ្រប់រូបភាព ក្នុងការលើកកំពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់ប្រជាជន ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់គ្រោះថ្នាក់ចរាចរណ៍ និងជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ ស្តីពីទសវត្សរ៍ចរាចរណ៍ផ្លូវគោកឆ្នាំ២០១១-២០២០។
ស្ពតដែលមានខ្លឹមសារខុសៗគ្នា ត្រូវបានដាក់ឲ្យមានការផ្សព្វផ្សាយចាប់ពីថ្ងៃទី១៨តុលាតទៅ រហូតដល់ដំណាច់ខែវិច្ឆិកាខាងមុខរួមមាន ស្ពតជារូបភាពនិងផ្ទាំងប៉ាណូ ស្ពតជាឃ្លីបវីដេអូសម្រាប់ចាក់ផ្សាយតាមទូរទស្សន៍ និងស្ពតជាសម្លេងសម្រាប់ផ្សាយតាមវិទ្យុ ដែលស្ពតទាំងអស់នោះផ្តោតសំខាន់ទៅលើ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលមកពីជាតិស្រវឹង ការត្រួតពិនិត្យជាតិអាល់កុលរបស់ប៉ូលិសចរាចរណ៍ទៅលើអ្នកបើកបរនៅតាមដងផ្លូវ និងការបង្ហាញពីទោសពៃរ៍ នៅពេលបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង។
លោក Pieter Van Maaren តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាបាន
បានបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយនេះនឹងពញ្ញាក់ស្មារតីរបស់ប្រជាជនឲ្យយល់ដឹង
អំពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងពិតប្រាកដនៃការពិសារគ្រឿងស្រវឹងហើយបើកបរ បើទោះណាជាការក្រេបគ្រឿងស្រវឹងនោះតិចតួចក្តី។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងមហាផ្ទៃសម្រាប់៩ខែដើឆ្នាំ២០១៣ ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១២ ពិតមែនតែបានបង្ហាញពីការថយចុះ៣ភាគរយ ក៏ប៉ុន្តែអ្នកស្លាប់មានចំនួនស្មើគ្នាគឺ ១៥១៩នាក់ ឯចំនួនអ្នករងរបួសបានថយចុះ៥ភាគរយ ក្នុងនោះអ្នករងគ្រោះដល់ស្លាប់ និងអ្នករងរបួសដែលប្រើប្រាស់គ្រឿងស្រវឹងហើយបើកបរក្នុងពេលគ្រោះថ្នាក់មានចំនួន១៣ភាគរយ ក្នុងនោះ៦៣ភាគរយមានអាយុពី ២០ទៅ៣៤ឆ្នាំ។
ការបាត់បង់សេដ្ឋកិច្ចជាតិប្រចាំឆ្នាំដោយសារការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងមានប្រមាណជា៤៣លានដុល្លារ។ ទោះជាយ៉ាងនេះក្តីការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងបានជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីការបើកបរលើសល្បឿនកំណត់។ សូមបញ្ជាក់ថាកម្ពុជានៅតែមានមនុស្សស្លាប់ជាមធ្យម៥នាក់ និង១៦នាក់ទៀតរងរបួសធ្ងន់ក្នុងមួយថ្ងៃ។ កាលពីឆ្នាំ២០១២ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន១៥ ៦១៥នាក់ ក្នុងនោះស្លាប់១៩៦៦នាក់និងរបួស ៥៣៤៩នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ