អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យុទ្ធសាស្ត្រ​វាយលុក​របស់​ក្រុម​ហាម៉ាស​វិវត្តន៍​ខ្ពស់​ បំភ័យ​កងទ័ព​អ៊ីស្រាអែល​

សំឡេង ០៥:៥៩
កងទ័ព​អ៊ីស្រាអែល​​ថ្មើរ​ជើង​ នៅ​ជិត​ភាគ​​កណ្តាល​​ហ្កាហ្សា​​​
កងទ័ព​អ៊ីស្រាអែល​​ថ្មើរ​ជើង​ នៅ​ជិត​ភាគ​​កណ្តាល​​ហ្កាហ្សា​​​ REUTERS/Finbarr O'Reilly
ដោយ៖ ព្រំ សឿន សូលីណា
៣៦ នាទី

នៅថ្ងៃ​សៅរ៍​នេះ កងទ័ព​អ៊ីស្រាអែល​​​បាន​បន្ត​ប្រតិបត្តិការ​យោធា​កំចាត់​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា​ ក្នុង​ទិសដៅ​បិទបញ្ចប់​ការបាញ់​រ៉ុកកែត ពី​ក្រុម​ហាម៉ាស​និង​ក្រុម​ជីហាត​ប៉ាឡេស្ទីន​ផ្សេងទៀត​ដែល​មាន​វត្តមាន​នៅ​ហ្កាហ្សា។ អ៊ីស្រាអែល​ប្រាប់ថា បាន​​កាត់​បន្ថយ​អានុភាព​​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន។ ​ការ​វាយប្រហារ​ទៅវិញទៅមក​រវាង​​​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​​ហាក់​បាន​កាត់បន្ថយ​​បន្តិច​ ព្រឹកមិញ​នេះ។ ​ព្រឹក​ថ្ងៃ​សៅរ៍​នេះដែរ ​ការ​បាញ់​ប្រហារ​បាន​ប៉ះទៅលើ​​សមាគមន៍​ជនពិការ​មួយ​​ ​​​នៅ​ភាគខាងជើង​ហ្កាហ្សា ធ្វើអោយ​មាន​មនុស្ស​ស្លាប់​២នាក់។ ​ប្រភព​ព័ត៌មាន​ប៉ាឡេស្ទីន​បាន​ផ្តល់​​​តួលេខ​ជន​រងគ្រោះ​​​​ចុងក្រោយ គឺ​មាន​ជនជាតិ​ប៉ាឡេស្ទីន​​ជាង​១២០នាក់​ បាន​ស្លាប់ ក្នុង​នោះ​មាន​កុមារ​ជាង​២០នាក់។ ​មនុស្ស​រងរបួស​មាន​​៧០០នាក់ ភាគច្រើន​ជា​ជនស៊ីវិល។ ​ 

ផ្សាយពាណិជ្ជកម្ម

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​អ៊ីស្រាអែល​ថា អ៊ីស្រាអែល​អាច​រំលោភ​លើ​ច្បាប់​សង្គ្រាម​ ដោយសារ​តែ​ការទំលាក់​គ្រាប់បែក​លើ​លំនៅដ្ឋាន​​ ធ្វើអោយ​ជន​ស៊ីវិល​​ស្លាប់​សន្ធឹកសន្ធាប់។ ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ​បាន​​តបត​ទៅ​វិញថា សម្ពាធ​​សហគមន៍​អន្តរជាតិ​លើ​អ៊ីស្រាអែល​ មិន​​​អាច​ហាមឃាត់​​យុទ្ធនាការ​អ៊ីស្រាអែល ក្នុង​ការ​​កំចាត់​ក្រុម​ភេរវជន​​​​បានទេ។ ដរាបណា​​ក្រុមហាម៉ាស​និង​ក្រុម​ជីហាត​ផ្សេងៗ ក្នុង​ទឹកដី​ហ្កាហ្សា​​​​​ មិន​បញ្ឈប់​ការ​ផ្លោង​​រ៉ុកកែត ​ចូលទឹកដីអ៊ីស្រាអែល នោះ​ទាហាន​អ៊ីស្រាអែល​មិនងាយ​បញ្ឈប់​ប្រតិបត្តិការ​សម្លាប់​មនុស្ស​ទេ។ ​ពិចារណា​មើលទៅ ​អ៊ីស្រាអែល​បាន​ទាត់ចោល​​​នូវ​ពាក្យថា ​មេត្តាធម៌ មនុស្សធម៌​ដោយ​សារ​តែ​ពេលនេះ អ៊ីស្រាអែល​កំពុង​ភ័យ​ពី​យុទ្ធសាស្ត្រ​របស់​ក្រុម​ហាម៉ាស។

ក្រុម​នេះ​ហាក់​មានសមត្ថភាព​កាន់តែ​ខ្លាំង ហើយ​សកម្មជន​ប្រយុទ្ធ​​ហាម៉ាស​ប៉ាឡេស្ទីន​​​ទៀតសោត​​ ​ក៏​ហាក់ដូច​ជា​ទទួលបាន​ការ​ហ្វឹកហ្វឺន​កាន់តែ​ល្អ។ ជាក់ស្តែង ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ សកម្មជន​ប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​ប៉ុនប៉ង​ចូល​លុកលុយ​ប្រុង​​វាយប្រហារ​ទីតាំង​ស៊ីវិល និង​ទីតាំង​យោធា​​​​​អ៊ីស្រាអែល​ច្រើន​កន្លែង តែ​ត្រូវបាន​ទាហាន​អ៊ីស្រាអែល​វាយ​រុញ​បកទៅវិញ។ បន្ទាប់​មក​ ​នៅថ្ងៃ​អង្គារ​​​​​ ​ក្រុម​កុម្ម៉ង់ដូ​​ហាម៉ាស​បាន​ព្យាយាម​​​លុកលុយ​​​តាម​ផ្លូវ​សមុទ្រ ​នៅ​ភាគខាងជើង​ហ្កាហ្សា តែ​ត្រូវ​ទាហាន​អ៊ីស្រាអែល​​​កំចាត់​បាន។​ ​នេះ​យើង​មិន​និយាយ​ពី​ការលុកលុយ​របស់​សកម្មជន​​ប្រយុទ្ធ​ប៉ាឡេស្ទីន​នៅ​តាម​រូង​ក្រោមដី​ផង។ តាំង​ពី​មាន​ហេតុការណ៍​អស់នេះ​​​មក ​គេ​សង្កេតឃើញ​ថា កងទ័ព​អ៊ីស្រាអែល​​​​​បាន​ពង្រឹង​​វត្តមាន​ខ្លួន​ នៅ​ជុំវិញ​តំបន់​ហ្កាហ្សា ​ព្រោះ​​​តែ​ខ្លាចសកម្មជន​ប្រយុទ្ធ​ក្រុម​ហាម៉ាស​ចូល​មក​លុកលុយ​ទឹកដី​ខ្លួន​នេះ​ឯង។

យើង​អាច​និយាយ​ថា ​​ក្រុមហាម៉ាស​​​មាន​លទ្ធភាព​ស៊ើបការណ៍​យោធា​អ៊ីស្រាអែល មាន​​យុទ្ធសាស្ត្រ​​​រីកចំរើន​បែបនេះ​ ក៏​ដោយសារ​តែ​ក្រុមហាម៉ាស​រៀបចំ​​​ផែនការ​បាន​ល្អ​ដែរ។ ក្រុមហាម៉ាស​បា​នបាញ់​រ៉ុកកែត​​វាយប្រហារ​ក្រុង​តេល អាវីវ ​ក្រុង​ហ្សេរុយសាឡិម និង​ក្រុង​ហៃហ្វា ​នៅ​ចំងាយ​១៦០គីឡូម៉ែត្រ​ពី​ហ្កាហ្សា ​នេះ​បញ្ជាក់​ថា យុទ្ធសាស្ត្រ​ក្រុមហាម៉ាស​រីកលូតលាស់​​​​គួរអោយ​កត់​សម្គាល់។ ​គិតចាប់​​ពីពេល​​​យោធា​អ៊ីស្រាអែល​បើក​​​ប្រតិបត្តិការ​​ ប្រឆាំង​ក្រុម​ហាម៉ាស ​​ពី​​ខែធ្នូ​ឆ្នាំ​២០០៨​ដល់​ខែ​​មករា ឆ្នាំ២០០៩ ​និង​ក្នុង​ខែ​វិច្ឆិកា​ឆ្នាំ​២០១២ ​នៅ​ហ្កាហ្សា​មក​ ​ភាគខាងជើង​អ៊ីស្រាអែល​មិនដែល​រង​ការ​ប៉ះពាល់​បែបនេះ​​ទេ។

ពេលនេះ​​ ​បញ្ជាក់​ថា អ៊ីស្រាអែល​កំពុង​ភ័យ​ពី​យុទ្ធសាស្ត្រ​វាយលុក​របស់​ក្រុម​ហាម៉ាស។ ដូច្នេះ ​អ៊ីស្រាអែល​គិតតែ​ម្យ៉ាង​ គឺ​​ធ្វើយ៉ាងណា​កំចាត់​ក្រុម​ហាម៉ាស​ នៅ​ហ្កាហ្សា​​អោយបាន​ បើ​ទោះ​ជា​ត្រូវ​សម្លាប់​ជន​ស៊ីវិល និង​កុមារ​ប៉ាឡេស្ទីន ​​សន្ធឹកសន្ធាប់​បែបណា​ក៏ដោយ​ចុះ។ ​

អ៊ីរ៉ង់​និង​ស៊ីរី​លក់​អាវុធ​អោយ​ក្រុម​ហាម៉ាស

តាម​កងទ័ព​អ៊ីស្រាអែល ក្រុម​ហាម៉ាស​ប្រហែល​​​មាន​រ៉ុកកែត​ជាង​៦០០០ដើម ក្នុង​នោះ​ ជាង​១០ដើម អាច​បាញ់​បា​នចំងាយ​វែង។ ហើយបើគិត​​ពី​ក្រុម​ប្រយុទ្ធ​​នៅ​ហ្កាហ្សា ​​​ក្រុម​ហាម៉ាស​​​និងក្រុម​ជីហាត​​មាន​ទាំង​​​ជើងទ្រ​បាញ់​គ្រាប់​រ៉ុកកែត ​កាំភ្លើងត្បាល់​ ​និង​មីស៊ីល​បាញ់​រថក្រោះ​ជាច្រើន​គួរ​អោយ​កត់សម្គាល់​ទៀតផង។ ​​

​​​រយៈ​ពេល​ពី​​៦ ទៅ​៧ឆ្នាំ​​នេះ ​មាន​ពាក្យ​ចចាមអារ៉ាម​​ថា ​អ៊ីរ៉ង់ និង​ក្រុម​អេសស្បូឡា​និកាយ​ស្ហ៊ីអ៊ីត​នៅ​លីបង់ ​បាន​ផ្តល់​ជំនួយ​​អាវុធ​ធុនធ្ងន់ ​និង​ប្រព័ន្ធ​​មាន​ការ​វិវត្តន៍​ខ្ពស់​​ ជួយដល់​ក្រុម​ហាម៉ាស។​ នេះ​បើ​យោងតាម​​​​​លោក Joseph Henrotin ​ហ្សូសេហ្វ ​ហង់រ៉ូតាំង ជា​ប្រធាន​​​ទស្សនាវដ្តីមួយ​សរសេរ​ពី​​ផ្នែក​យោធា​​ ​ឈ្មោះថា ​ទស្សនាវដ្តី​​ការពារ​ជាតិ​និង​សន្តិសុខ​អន្តរជាតិ ហៅ​កាត់ថា ​​​ទស្សនាវដ្តី​DSI។ ជំនួយសម្ភារៈ​ប្រយុទ្ធ​​​ទាំងនេះ​អាច​ជួយ​ក្រុម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នៅ​ហ្កាហ្សា ​កាន់តែ​មាន​​បច្ចេកទេស​​បែប​ឧទ្ទាម និង​​មាន​ប្រព័ន្ធ​​ការពារ​យុទ្ធសាស្ត្រ​ខ្ពស់ ទាក់ទង​ការ​បាញ់​មីស៊ីល​រយៈ​ចំងាយ​ឆ្ងាយ និង​មីស៊ីល​បាញ់​​រថក្រោះ។

ក្រុម​ហាម៉ាស​មិនងាយ​បាក់ស្បាត​នៅ​ចំពោះ​មុខ​យោធា​អ៊ីស្រាអែល​ទេ ទោះ​​បើ​ថា​ ​កាលពី​ឆ្នាំ​២០១២ ទាហាន​អ៊ីស្រាអែល​បាន​វាយ​កំទេច​ក្រុម​ហាម៉ាស​យ៉ាង​ចាស់ដៃក៏ដោយចុះ ទោះ​ជា​​​អេហ្ស៊ីប​បាន​កំទេច​រូង​ដី ដែល​មាន​សកម្មភាព​រត់ពន្ធ​អាវុធ​ក៏ដោយ។ ​

តាំង​ពី​​យោធា​អ៊ីស្រាអែល​កំទេច​ក្រុម​ហាម៉ាស​នៅ​ឆ្នាំ​២០១២ ​អ៊ីរ៉ង់ ​និង​​ស៊ីរី ​បាន​ជួយ​​ក្រុម​ហាម៉ាស​​ឡើងវិញ។ ​ក្រុម​​ហាម៉ាស​​​​បានទិញ​អាវុធ​ពី​អ៊ីរ៉ង់​និង​ស៊ីរី ហើយ​បាន​​​ធ្វើការ​អភិវឌ្ឍន៍​​​គ្រឿងប្រយុទ្ធ​ដូច​ជា​រ៉ុកកែត ​​បាញ់​បាន​ចំងាយ​ឆ្ងាយជាដើម។ ​​សូម​បញ្ជាក់​​ដែរថា សម្ភារៈ​ប្រយុទ្ធ​របស់​ក្រុម​ហាម៉ាស និង​ក្រុម​ជីហាត​ផ្សេងៗ​នៅ​ហ្កាហ្សា​ ច្រើន​តែ​​ជា​រ៉ុកកែត​ច្នៃ បាញ់​យ៉ាងច្រើន​បាន​ចំងាយ​​២០០​គីឡូម៉ែត្រ។ ថ្វីបើ​​មិនមែន​ជា​សម្ភារៈ​​ទំនើប​​ក៏ពិត​មែន​ តែ​វា​ក៏​មិនអន់​ដែរ ព្រោះថា​ ​​វា​​អាច​វាយប្រហារ​​រហូត​ដល់​ភាគ​ខាងជើង​​អ៊ីស្រាអែល។

ទន្ទឹម​នេះ​ដែរ ​កាលពី​ថ្ងៃ​ពុធ ​ក្រុមប្រដាប់អាវុធ​ជាច្រើន​ជាប់ពាក់ព័ន្ធ​នឹង​ចលនា​ហ្វាតា​របស់​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ​ម៉ាសមូត អាបាស ក្រុម​ទាំងនេះ​​បាន​​ប្រកាស​​​ជា​លើក​ទី១​ថា ក្រុម​ខ្លួន​បាន​​​បាញ់​​រ៉ុកកែត​​ប្រភេទ​​Grad ​និង​កាំភ្លើង​ត្បាល់​​​​ ទៅ​លើ​ក្រុងជាច្រើន​ នៅ​ភាគ​ខាងត្បូង​​អ៊ីស្រាអែល​។ រ៉ុកកែត​ប្រភេទ​​​Grad ​នេះ ជា​រ៉ុកកែត​បាញ់​បាន​ចំងាយ​ខ្លី និង​មធ្យម ហើយ​បច្ចុប្បន្ននេះ ​គេ​ប្រើ​វាច្រើន ក្នុង​ការប្រយុទ្ធ​ផ្សេងៗ។ ក្រុម​អេសស្បូឡា​លីបង់ ​ដែល​គាំទ្រ​ក្រុម​ហាម៉ាស​​ ធ្លាប់​បាញ់​រ៉ុកកែត​នេះ​ដល់​ទៅ​៣០០០ដើម ក្នុង​សម័យ​សង្គ្រាម​លីបង់។ ​
ពេលនេះ ក្រុមហាម៉ាស​កំពុង​តែ​​ឃោសនា​អំពាវនាវ​អោយ​សកម្មជន​ប្រយុទ្ធ​ខ្លួន​ រួបរួម គ្នា​ ប្រឈម​​នឹង​យោធា​អ៊ីស្រាអែល។

សរុបសេចក្តី​ទៅ​​ ​ការវិវត្តន៍​យុទ្ធសាស្ត្រវាយលុក​របស់​​ក្រុម​ហាម៉ាស និង​ក្រុម​ជីហាត​​ផ្សេងៗ​នៅ​ហ្កាហ្សា​ កំពុង​​ធ្វើអោយ​កងទ័ព​អ៊ីស្រាអែល​បារម្ភខ្លាំង ដូច្នេះ ​មើលទៅ​​កងទ័ព​អ៊ីស្រាអែល​មិនងាយ​​នឹង​បិទ​បញ្ចប់​ប្រតិបត្តិការ​យោធា​​ប្រឆាំង​ក្រុម​ហាម៉ាស​ទេ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ