ការរិះរក​ដំណោះស្រាយ​ឲ្យវិបត្តិ​ស៊ីរី​ដោយម៉ូស្គូ​និងដោយ​លោក​កូហ្វី​អាណាន​

សំឡេង ០៥:១៥
បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​កូហ្វី​អាណាន​
បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​កូហ្វី​អាណាន​ REUTERS/Denis Balibouse

ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ CNS ​ចោទ​ទាហាន​នៃ​របបគ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ថា​បាន​ធ្វើការ​សម្លាប់​រង្គាល​ទៅលើ​ប្រជាជន​ស៊ីរី​ប្រមាណ​១០០ប្លាយ​នាក់​នៅ​ថ្ងៃពុធ​ម្សិលមិញ។​ វិបត្តិ​នៅស៊ីរី​ធ្លាក់​កាន់តែ​ធ្ងន់ធ្ងរទៅៗ​ ដែលបាន​បណ្តាលឲ្យ​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ថ្លែង​ទាមទារ​ឲ្យមាន​ការសាង​ផ្ទេរ​រដ្ឋអំណាច​ឲ្យទៅ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​មួយ។​ ចំណែកឯ​ប្រទេស​រុស្ស៊ី​និង​ប្រទេសចិន​បាន​ប្រឆាំង​ទល់នឹង​រាល់​អន្តរាគមន៍​ពី​បរទេស​ដើម្បី​ប្តូរ​របបគ្រប់គ្រង​នៅ​ស៊ីរី។​ រីឯ​លោក​កូហ្វី​អាណាន​បាន​អញ្ជើញ​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញីវយ៉ក​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដោយមាន​សំណើថ្មីៗ​ដើម្បី​ស្រោចស្រង់​ផែនការ​សន្តិភាព​ស៊ីរី​របស់លោក។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​បរិបទ​ដ៏​ស្មុគស្មាញនេះ​ ​ បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក​កូហ្វី​អាណាន​អញ្ជើញ​ទៅ​ទីក្រុង​ញីវយ៉ក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៧​មិថុនា​ឆ្នាំ២០១២នេះ​ ​ ដោយ​យកទៅ​ជាមួយ​នូវ​ “សំណើថ្មី”។​ សំណើថ្មី​របស់​លោក​កូហ្វី​អាណាន​ដើម្បី​ស្រោចស្រង់​ផែនការ​សន្តិភាព​នៅ​ប្រទេស​ស៊ីរី​ពោលគឺ​ ​ លោកចង់​បញ្ចូល​ប្រទេស​រុស្ស៊ី​និង​ប្រទេស​អ៊ីរ៉ង់​ទៅក្នុង​កិច្ចចរចា​ដើម្បី​រិះរក​សន្តិភាព​ឲ្យ​វិបត្តិ​ស៊ីរី។​ គំនិត​របស់​លោក​អាណាន​គឺ​ប្រមូល​ប្រជុំ​ប្រទេស​ពាក់ព័ន្ធ​សំខាន់ៗ​ទាំងអស់​នៅ​ក្នុង​អធិករណ៍​ស៊ីរី​ ​ ទាំងអ្នក​ប្រឆាំង​ ទាំងអ្នក​គាំទ្រ​របបគ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​ ដើម្បី​ចេញ​ឲ្យផុត​ពី​សង្គ្រាម​លេណដ្ឋាន​រវាង​ប្រទេស​លោកខាងលិច​ជាមួយ​ប្រទេស​រុស្ស៊ី​ ​ ដែលបាន​ជាប់​គាំងស្ទះ​រក​ច្រក​ចេញ​ពុំរួច​សោះឡើយ។

 
សម្រាប់​លោក​កូហ្វី​អាណាន​កិច្ចចរចា​ជាមួយ​ប្រទេស​រុស្ស៊ី​ដើម្បី​រិះរក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី​ជាការ​ចាំបាច់​ ​ ដោយហេតុថា​បើគេ​ប្រកាន់​យក​ជំហរ​រឹងមាំ​ប្រឈម​តទល់​ជាមួយ​ទីក្រុង​ម៉ូស្គូ​ ​ នោះ​វានឹង​នាំឲ្យ​ប្រទេស​រុស្ស៊ី​ប្រើ​សិទ្ធិ​វេតូ​របស់​ខ្លួន​ប្រឆាំង​ទល់នឹង​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។​ ហើយបើ​គេ​ប្រកាន់​យក​ជំហរ​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​រុស្ស៊ីវិញ​ ​ នោះ​គេ​អាចមាន​លទ្ធភាព​ជំរុញ​ឲ្យ​ទីក្រុង​ម៉ូស្គូ​ងាក​មករក​សកម្មភាព​វិជ្ជមាន​រួបរួម​គ្នា​ដើម្បី​រិះរក​ដំណោះ​ស្រាយ​ឲ្យ​វិបត្តិ​នៅ​ប្រទេស​ស៊ីរី។

គួរកត់​សម្គាល់ថា​ ​ នៅក្នុង​សំណើថ្មី​របស់​លោក​កូហ្វី​អាណាន​ក៏​មាន​គ្រោង​ផងដែរ​ ស្នើឲ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​ដែលនឹង​មាន​ការចូល​រួម​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ ប្រទេសចិន​ ឬ​ប្រទេស​អ៊ីរ៉ង់​ផងទៀត​ ​ ដើម្បី​រិះរក​នយោបាយ​អន្តរកាល​មួយ​សម្រាប់​ទីក្រុង​ដាម៉ាស។

ទីក្រុង​ម៉ូស្គូ​តែង​ប្រឆាំង​ជានិច្ច​ទល់នឹង​ការផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​ ​ ដោយ​ប្រទេស​រុស្ស៊ី​យល់​ឃើញថា​ ​ ទាំងនេះ​អាច​​ជំរុញ​ឲ្យ​ប្រទេស​ស៊ីរី​ធ្លាក់​ទៅក្នុង​សង្គ្រាម​ស៊ីវិល។​ ដូច្នេះហើយ​បានជា​ប្រទេស​រុស្ស៊ី​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​តែង​ខាឃាំង​ពុំឲ្យ​មាន​ការផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​អ្នកប្រឆាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​ប្រទេស​កាតារ​ ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ​ និង​ប្រទេស​តួគី។

យុទ្ធសាស្ត្រ​មួយទៀត​របស់​ទីក្រុង​ម៉ូស្គូ​គឺ​ ​ ការបង្កើត​ឲ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​ដែល​មាន​ការ​ចូល​រួម​ប្រជុំ​ដោយ​រាល់ភាគី​ពាក់ព័ន្ធ​នៅក្នុង​អធិករណ៍​ស៊ីរី​ (​មានដូចជា​ប្រទេស​លោកខាងលិច​ ប្រទេស​រុស្ស៊ី​ ​ ប្រទេសចិន​ ​ ប្រទេស​នៃ​ឈូង​សមុទ្រពែសរ៍​ ​ អ,ស,ប,​ ​ និង​បក្សសម្ព័ន្ធ​អារ៉ាប់​)។​ គោលបំណង​គឺ​ប្រទេស​រុស្ស៊ី​ចង់​ទាញយក​ឲ្យបាន​នូវ​ “ឥទ្ធិពល”​ មួយចំណែក​របស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ីរី​ក្រោយ​វិបត្តិ។​ ហើយម្យ៉ាងទៀត​ ទីក្រុង​ម៉ូស្គូ​ចង់​ចេញផុត​ពី​ “សង្គ្រាមត្រជាក់ពីរ”​។​ សង្គ្រាម​ត្រជាក់ទី១​គឺ​ សង្គ្រាម​ត្រជាក់​រវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​លោកខាងលិច។​ សង្គ្រាម​ត្រជាក់ទី២​គឺ ​សង្គ្រាម​ត្រជាក់​រវាង​ប្រទេស​កាន់សាសនា​អ៊ីស្លាម​នៅ​តំបន់​ឈូង​សមុទ្រ​ពែសរ៍​ ដូចជា​ប្រទេស​ស៊ីរី​ ​ ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ ​ និង​ប្រទេស​អ៊ីរ៉ង់​ ​ ដែលមាន​ការ​ប្រកួត​ប្រជែង​តាមរយៈ​សាសនា​អ៊ីស្លាម​និន្នាការ​និកាយ​ហ្ស៊ីអ៊ីត​និង​និន្នាការ​និកាយ​ស៊ូន្នីត។

សូមបញ្ជាក់ថា​ ​ នៅ​សប្តាហ៍​នេះទៀត​ទីក្រុង​ម៉ូស្គូ​បាន​ថ្លែង​ថា​ ​ លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ពុំមែនជា​បុគ្គល​ដ៏​សក្ការៈ​នោះឡើយ។​ ក៏​ប៉ុន្តែ​ជោគវាសនា​របស់​លោក​ បាស្ហារ​អាល-អាស្សាដ​ គឺ​ត្រូវជា​លទ្ធផល​ចេញពី​កិច្ចចរចា​ពាក់ព័ន្ធ​នឹង​នយោបាយ​អន្តរកាល​នៅ​ស៊ីរី។​ ទាំងនេះ​ខុសផ្ទុយ​ពី​ជំហរ​របស់​ក្រុម​អ្នក​ប្រឆាំង​ស៊ីរី​ដែលបាន​ទាមទារ​ឲ្យ​ បាស្ហារ​អាល-អាស្សាដ​ ចុះ​ចេញពី​មុខ​តំណែង​ជាមុនសិន។

ក៏ប៉ុន្តែ​ម្នាក់ៗ​នៅតែ​មាន​ក្តីបារម្ភ​ដូចគ្នាៗ​ ​ ពោលគឺ​ពួកគេ​ចង់​រក្សា​រចនា​សម្ព័ន្ធ​នៃ​រដ្ឋស៊ីរី​ ​ ជាពិសេស​រចនា​សម្ព័ន្ធ​យោធា ​ ​ ហើយនិង​ធានា​ដល់​បូរណភាព​ដែនដី​របស់​រដ្ឋស៊ីរី។​ ទាំងនេះ​បាន​សេចក្តីថា​ ​គេពុំ​ចង់​ឃើញ​សុបិន​អាក្រក់​ដែល​បាន​កើតមាន​នៅ​ប្រទេស​អ៊ីរ៉ាក់​ក្រោយពី​ឆ្នាំ២០០៣​ទៀតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI