ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​អគ្គនាយក IMF ត្រូវ​តុលាការ​ដោះលែង ឆាក​នយោបាយ​បារាំង​ច្របូកច្របល់​ម្តងទៀត

សំឡេង ០៦:៣៣
លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) និង​ភរិយា​ ពេលចេញ​ពី​សវនាការ​ថ្ងៃទី១ កក្កដា ២០១១
លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) និង​ភរិយា​ ពេលចេញ​ពី​សវនាការ​ថ្ងៃទី១ កក្កដា ២០១១ REUTERS/Lucas Jackson

កាល​ពី​ថ្ងៃ​សុក្រ លោក​ដូមីនិក ស្រ្តូសកាន់ (Dominique Strauss-Kahn) ត្រូវបាន​តុលាការ​ក្រុង​ញូវយ៉ក​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ក៏ប៉ុន្តែ រក្សា​ទុក​រាល់ការចោទប្រកាន់​ដដែល។ នៅឯ​ប្រទេស​បារាំង​វិញ គណបក្ស​សង្គមនិយម​​របស់​លោកស្រ្តូសកាន់ កំពុង​ស្ថិត​ក្នុង​ភាពច្របូកច្របល់។ អ្នកគាំទ្រ​លោកស្រ្តូសកាន់ ទាមទារ​ឲ្យ​ពន្យារពេល​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី ដើម្បី​ទុក​ពេល​ឲ្យ​លោកស្រ្តូសកាន់ ឈរឈ្មោះ។ ក៏ប៉ុន្តែ អ្នកខ្លះ​ទៀត​ទាមទារ​ឲ្យ​រក្សា​កាលបរិច្ឆេទ​ដដែល។

ផ្សាយពាណិជ្ជកម្ម

នៅមុន​ពេល​ជាប់ចោទ​ពី​បទរំលោភ​ស្រ្តីបម្រើ​សណ្ឋាគារ កាល​ពីថ្ងៃ​ទី១៤ ឧសភា ២០១១ លោក​ដូមីនិក ស្រ្តូសកាន់ (សមាជិក​គណបក្ស​សង្គមនិយម​បារាំង) ត្រូវបាន​គេ​មើលឃើញ​ថា ជា​អ្នក​ដែល​អាច​មាន​លទ្ធភាព​ប្រជែង​យក​តំណែង​ប្រធានាធិបតី ពីលោក​នីកូឡា សាកូហ្ស៊ី។

លោក​ស្រ្តូសកាន់​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ កាល​ពី​ថ្ងៃសុក្រ ម្សិលមិញ ក្រោយ​ពី​រដ្ឋអាជ្ញា​បានរកឃើញ​ថា ពាក្យសម្តី​របស់​ស្រ្តី​បម្រើ​សណ្ឋាគារ​លែងគួរ​ឲ្យ​ជឿ ដោយ​គាត់​បាន​និយាយ​ភូតភរ​​រដ្ឋអាជ្ញា និង​មន្រ្តី​ប៉ូលិស ជាច្រើន​លើកច្រើន​សា។ រដ្ឋអាជ្ញា​ក៏​បាន​រកឃើញ​ដែរ​ថា មួយថ្ងៃ​ក្រោយ​ពី​បាន​ចោទ​ថា​លោកស្រ្តូសកាន់​រំលោភ ស្រ្តី​បម្រើ​សណ្ឋាគារ​នេះ​បាន​ទូរស័ព្ទ​ទៅ​មិត្តប្រុស ដែល​កំពុង​ជាប់ឃុំឃាំង​ពីបទ​ជួញដូរ​គ្រឿងញៀន ដោយ​បាន​លើកឡើងថា ការ​ប្តឹង​លោក​លោក​ស្រ្តូស​កាន់​អាច​នឹង​បាន​ផលចំណេញច្រើន ព្រោះ​គាត់​​ជា​អ្នកមាន។ រដ្ឋអាជ្ញា​ក៏​សង្ស័យ​ផងដែរ​ថា ស្រ្តីបម្រើ​សណ្ឋាគារ​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​​​ការ​លាងលុយ​កខ្វក់។

ទោះជាយ៉ាងណា នៅពេលនេះ រដ្ឋអាជ្ញា​នៅតែ​រក្សា​ទុក​បទចោទប្រកាន់​លើ​លោក​ស្រ្តូសកាន់​ដដែល។ សវនាការ​លើ​សំណុំរឿង​ស្រ្តូសកាន់​នឹង​ត្រូវ​បើកធ្វើ​ជាថ្មី នៅថ្ងៃ​ទី១៨ កក្កដា ២០១១​នេះ។ អ្នកជំនាញ​ខាង​ប្រព័ន្ធ​ច្បាប់​អាមេរិក​ភាគច្រើន​យល់ថា រដ្ឋអាជ្ញា​ទំនង​ជា​នឹង​លើកលែង​រាល់​ការចោទប្រកាន់​​លើ​លោកស្រ្តូសកាន់ ឬ​ក៏​យ៉ាងហោចណាស់​ក៏​កាត់បន្ថយ​បទចោទប្រកាន់ធ្ងន់ៗ​ខ្លះដែរ។

ការវិវឌ្ឍ​នៃ​សំណុំរឿង​របស់​លោកស្រ្តូសកាន់ នៅពេលនេះ អាច​នឹង​ធ្វើ​ឲ្យ​​គណបក្ស​សង្គមនិយម​ប្រឈមមុខ​នឹង​ការ​ប្រេះឆាគ្នា។ ដោយរំពឹង​ថា លោក​ស្រ្តូសកាន់​នឹង​ត្រូវ​រួចផុត​ពីការចោទប្រកាន់ អ្នកគាំទ្រ​គាត់ខ្លះ​បាន​ទាមទារ​ឲ្យ​គណបក្សសង្គមនិយម​លើកពេល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី ដើម្បី​ទុក​ពេល​ឲ្យ​លោក​ស្រ្តូសកាន់​បាន​មក​ចូលរួម។ ក៏ប៉ុន្តែ សំណើនេះ​ត្រូវបាន​លេខាបក្ស​ស្តីទី​ច្រានចោល នៅថ្ងៃ​សៅរ៍នេះ។ គួរ​បញ្ជាក់ថា ការ​ចុះឈ្មោះ​ជាបេក្ខជន​គណបក្ស​សង្គមនិយម​នឹង​ត្រូវ​​បិទបញ្ចប់ នៅថ្ងៃ​ទី១៣ កក្កដា ២០១១​ខាងមុខនេះ ពោលគឺ ៥​ថ្ងៃ​មុន​សវនាការ​សំណុំរឿង​លោក​ស្រ្តូសកាន់។

​លោកស្រ្តូសកាន់​អាច​វិលត្រឡប់​ចូល​មក​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​វិញ​ដែរ​ឬអត់ គឺ​អាស្រ័យ​ទៅលើ​កត្តា​ច្រើន។ កត្តា​ចម្បង​បំផុត គឺ​ឆន្ទៈ​របស់​លោកស្រ្តូសកាន់​ខ្លួនឯង។ ក្រោយ​ពី​ឆ្លងកាត់​រឿងរ៉ាវ​​ដ៏អាម៉ាស់ ចុះផ្សាយ​ពាសពេញ​ពិភពលោក​បែបនេះ តើ​គាត់​នៅតែ​មាន​ចិត្ត​ចង់​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ទៀត​ដែរ​ឬទេ? តើ​គាត់​ត្រូវ​តុលាការ​លើកលែង​ការ​ចោទប្រកាន់ ដោយ​​​គ្រាន់តែមូលហេតុ​​វិមតិ​សង្ស័យ​ ឬ​ក៏​ដោយសារ​តែ​​តុលាការ​​រកឃើញ​ពិតប្រាកដ​ថា ហេតុការណ៍​ដែល​បានកើតឡើង​ក្នុង​បន្ទប់​សណ្ឋាគារ មិន​ពិត​ដូច​ការ​ចោទប្រកាន់​​របស់​ជនរងគ្រោះ? តើសំណុំរឿង​របស់​គាត់​អាច​បិទបញ្ចប់​ទាន់ពេល​ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​របស់​គណបក្ស​សង្គមនិយម​ដែរ​ឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI