កម្ពុជា

មហាបាតុកម្ម​មនុស្ស ៣ម៉ឺន​នាក់​ប្រឆាំង​លោក កឹម សុខា

បាតុកម្ម​អហិង្សា​ប្រឆាំ​ងលោក​កឹម សុខា នៅថ្ងៃ​អាទិត្យ​ទី ៩​មិថុនា ២០១៣
បាតុកម្ម​អហិង្សា​ប្រឆាំ​ងលោក​កឹម សុខា នៅថ្ងៃ​អាទិត្យ​ទី ៩​មិថុនា ២០១៣ ©siv channa

ដូចដែល​បានគ្រោង​ទុកមែន នៅថ្ងៃទី៩ មិថុនានេះ ​មនុស្ស​ប្រមាណ​ជា ៣ម៉ឺននាក់ ដែល​មាន​កាន់​បដា​ប្រឆាំង​លោកកឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បានជួបជុំគ្នា នៅទីលាន​ប្រជាធិបតេយ្យ នៅក្រុង​ភ្នំពេញ និង ដង្ហែ​ញត្តិ​ប្រឆាំង​នេះ ទៅដាក់​គណបក្ស​សង្គ្រោះជាតិ ក្នុង​គោលបំណង​ឱ្យ​លោក កឹមសុខា ទទួល​ញត្តិ និង​សុំទោស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ នៅគុក​ទួលស្លែង។ តែ​មិនមាន​វត្តមាន​លោក កឹមសុខា ចេញមក​ទទួល​ញត្តិទេ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាតុករ​រាប់ម៉ឺន​នាក់ បានជួបជុំ​គ្នា​តវ៉ា និង​ស្តាប់​សេចក្តីថ្លែងការណ៍​របស់ លោកជុំ​ ម៉ី អ្នកដឹកនាំ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅព្រឹក​ថ្ងៃ​ទី​៩ មិថុនា​នេះ បាតុករ​ដែលមាន​កាន់បដា​ប្រឆាំង​លោក កឹម សុខា បាន​ដង្ហែ​ញត្តិ ទៅកាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឱ្យ​ប្រធានស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​រូបនេះ ចេញមក​ទទួល​ញត្តិ និង សុំទោស​ចំពោះ​វិញ្ញាណក្ខន្ធ​អ្នករងគ្រោះ ក្នុង​គុក​ទួលស្លែង។

នៅម៉ោង ៩ និង ៤៥នាទី ព្រឹកថ្ងៃ​អាទិត្យ ញត្តិ​របស់​លោក ជុំ ម៉ី ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​ទទួល​ហើយ តែ​មិនមាន​វត្តមាន​លោក កឹម សុខាទេ។ មានតែ​លោក ស្រី មូរ សុខហួរ និង លោក ហូរ វ៉ាន់ រួមទាំង​សមាជិក​គណបក្ស​សង្គ្រោះជាតិ ដែល​ចេញមក​ទទួល​ដោយ ភាពស្ងប់ស្ងាត់ ​និងមិន​ធ្វើអត្ថាធិប្បាយ​អ្វី​ទាំងអស់ តបត នឹង​ក្បួន​អហិង្សា​របស់​លោក ជុំ ម៉ី ទេ។ ឯ លោក​ជុំ ម៉ី បន្ទាប់ពី​បាន​ដាក់​ញត្តិ ជូន​គណបក្ស​សង្រ្គោះជាតិ​ហើយ ក៏បាន​ធ្វើដំណើរ​ចេញទៅ ហើយ​ក្បួន​បាតុកម្ម​អហិង្សា​របស់​លោក ក៏​ត្រូវ​រំសាយ​ដែរ។

គួរ​រំលឹក​ថា បាតុកម្ម​ដែល​ប្រឆាំង​លោក កឹម សុខា នេះ ត្រូវបាន​អ្នករៀបចំ​អះអាង​ថា មាន​បាតុករ​ចូលរួម​ប្រមាណ​ជា៣ម៉ឺន​នាក់ ហើយ​បាតុករ​ទាំងអស់ មក​ពី២៤ ខែត្រ ក្រុង​ទូទាំង​ប្រទេស​កម្ពុជា រួម​ទាំង​ប្រជាពលរដ្ឋ អ៊ីស្លាម​សាសនិក​ផងដែរ។

គេសង្កេត​ឃើញ​ថា បាតុកម្ម ដែល​មាន​មនុស្ស​ចូលរួម ដ៏ច្រើន​សន្ធឹកសន្ធាប់​មិនធ្លាប់មាន​បែបនេះ បាន​ប្រព្រឹត្តទៅ​ដោយ​សន្តិភាព និង​អហិង្សា។ អហិង្សា​ព្រោះ តាមផ្លូវ ដែល​ក្បួន​ដង្ហែ​ពី​ទីលាន​ប្រជាធិបតេយ្យ ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ ដែលស្ថិត​ក្នុង​សង្កាត់​ត្រឡោកបែក ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ ដែលមាន​ទាំង​ឡាន ទឹក រថយន្ត​ពេទ្យ បាន​តម្រៀប​តាមដងផ្លូវ ដើម្បី​ជួយ​សម្រួល​ការដង្ហែ​បាតុកម្ម​នេះ។ ក្រៅពី​បាតុកម្ម របស់​លោក ជុំ ម៉ី ក៏មាន​ដែរ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅតាម​បណ្តា​ខេត្ត និង​តាមគ្រឹះស្ថាន​សិក្សា រួម​ទាំង​វត្តអារាម ទូទាំង​ប្រទេស​ផងដែរ។

នៅមុន មហាបាតុកម្ម​មនុស្ស​រាប់ម៉ឺននាក់ លោក កឹម សុខា បាន​ប្រាប់វិទ្យុ​បារាំង​ថា លោក នៅតែ​មិនសុំទោស​ចំពោះ​វិញ្ញាណក្ខន្ធ អ្នកស្លាប់​នៅគុក​ទួលស្លែង តាមសំណើ​របស់​លោក ជុំ​ ម៉ីទេ ហើយ​ថែម​ទាំង​បដិសេធ​ចំពោះ​រាល់​ការចោទ​ប្រកាន់​ស្តី​គុកទួលស្លែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI