អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចលនា​និស្សិត​ជួប​ចរចា​ជាលើកទីមួយ​ជាមួយ​មន្រ្តី​ក្រុង​ហុងកុង

សំឡេង ០៥:៤០
តំណាង​ចលនា​និស្សិត​ជួប​ចរចា​ជាមួយ​មន្រ្តី​សាលាក្រុង​ហុងកុង នៅថ្ងៃទី ២១ ខែតុលា ២០១៤
តំណាង​ចលនា​និស្សិត​ជួប​ចរចា​ជាមួយ​មន្រ្តី​សាលាក្រុង​ហុងកុង នៅថ្ងៃទី ២១ ខែតុលា ២០១៤ ©REUTERS/Tyrone Siu
ដោយ៖ ឈាង បុប្ផា
៣១ នាទី

តំណាង​ក្រុម​បាតុករ​ហុងកុង និង​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ហុងកុង​ត្រូវ​ជួប​ចរចា​គ្នា នៅល្ងាច​ថ្ងៃ​អង្គារ​នេះ។ ចាប់តាំងពី​មាន​បាតុកម្ម​របស់​និស្សិត​ហុងកុង ដើម្បី​ទាមទារ​ឲ្យ​ចៅហ្វាយក្រុង​ចុះចេញ​ពីតំណែង និង​ការបោះឆ្នោត​សេរី ដោយ​គ្មាន​ការលូកដៃ​ពី​ទីក្រុង​ប៉េកាំង នេះ​ជា​លើក​ទីមួយ ដែល​ភាគី​ជម្លោះ ទាំងពីរ​ជួប​ពិភាក្សា គ្នា បន្ទាប់ពី​បាន​លុប​ចោល​ពីរដង ដោយសារ​អន្តរាគមន៍​ហិង្សា​របស់​អាជ្ញាធរ​ទៅលើ​ក្រុម​បាតុករ។ យ៉ាងណាក៏ដោយ ទាំង​ចលនា​និស្សិត និង​អ្នកវិភាគ​ជាច្រើន បាន​និយាយ​ទាយទុកមុន​ហើយថា គេ​នឹង​មិនអាច​សង្ឃឹម​ថា ការចរចា​នឹង​ផ្តល់​លទ្ធផល​វិជ្ជមាន ទៅតាម​ការតវ៉ា​របស់​ក្រុម​បាតុករ​តវ៉ា​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

ក្រុម​និស្សិត​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទៅលើ​ការចរចា​នៅល្ងាច​ថ្ងៃ​នេះ គឺ​បន្ទាប់ពី​បាន​ស្តាប់​លឺ​ជំហរ​បញ្ជាក់ជាថ្មី​របស់ចៅហ្វាយក្រុង​ហុងកុង លោក លឿង ឈុនយីង។ នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​បើក​ការចរចា​ជាមួយ​ចលនា​និស្សិត មេដឹកនាំ​រដ្ឋាភិបាល​ហុងកុង​បច្ចុប្បន្ន បាន​និយាយ​ប្រាប់​កាសែត​បរទេស​រួចជា​ស្រេច​ថា លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង ហើយ ការបោះឆ្នោត​ដោយ​សេរី ក៏​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ នៅ​ហុងកុង។ ប៉ុន្តែ លោក​បញ្ជាក់​ដែរ​ថា គេ​អាច​បើកផ្លូវ​ឲ្យ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាងមុន។

 
ចៅហ្វាយក្រុង​ហុងកុង​បាន​ពន្លយ​ពាក្យ​ប្រាប់​ទៅ​អ្នកកាសែត​អាមេរិកថា  បើសិន​គេ​រៀបចំ​ការបោះឆ្នោត​ដោយសេរី ទៅតាម​ការទាមទារ​របស់​ចលនា​និស្សិត នោះ គឺ​មិន​ខុសអី ពី​អនុញ្ញាត​ឲ្យ​ពាក់​កណ្តាល​នៃ​ប្រជាជន​ហុងកុង​ដែល​មាន​ជីវភាព​មិន​សូវ​ធូរធា គឺ​រកលុយ​បាន​តិច​ជាង ១៨០០​ដុល្លារ ឲ្យ​ចូលរួម​នៅក្នុង​ឆាក​នយោបាយ​ហុងកុង យ៉ាង​ដូច្នេះដែរ។

ចៅហ្វាយក្រុង​ហុងកុង​ទំនង​ចង់​និយាយ​ដល់​ភាពអនាធិបតេយ្យ ឬ​អ្នកក្រីក្រ​ដែល​ចូល​កាន់​អំណាច​នៅទីក្រុង​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាស៊ី បើសិន​គេ​អនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង​បោះឆ្នោត​ដោយ​សេរី ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំក្រុង។ អភិបាល​ហុងកុង​បច្ចុប្បន្ន​និយាយ​មិន​លាក់លៀម​ថា គាត់​ពេញចិត្ត​ចង់​ឲ្យ​មាន​ប្រព័ន្ធ​ជ្រើសរើស​មេដឹកនាំ​ហុងកុង ​តាមរយៈ​កាបោះឆ្នោត​របស់​សមាជិក​ជាង​១ពាន់ ២​រយ​នាក់​របស់គណៈមជ្ឈិមបក្ស​​កុម្មុយនិស្ត​ចិន ជា​ជាង​​ការបោះឆ្នោត​ដោយ​សេរី នៅ​ហុងកុង។

ចៅហ្វាយក្រុង​ហុងកុង​និយាយ​ដូច្នេះ គឺ​ដូចជា​បិទផ្លូវ កុំ​ឲ្យ​ក្រុម​និស្សិត​សង្ឃឹម​ថា ពួកគេ​នឹង​ទទួល​បាន​តាម​ការទាមទារ​របស់​ពួកគេ​នោះ។ ក្រុម​និស្សិត​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម អស់​បីសប្តាហ៍​មកហើយ នៅ ហុងកុង ក៏​ដើម្បី​ទាមទារ​ឲ្យ​ចៅហ្វាយក្រុង​ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ការបោះឆ្នោត​ដោយ​សេរី ពោល​គឺ​គ្មាន​ការលូកដៃ​ពី​ទីក្រុង​ប៉េកាំង។ សម្រាប់​ក្រុម​និស្សិត ចៅហ្វាយ​ក្រុង​ហុងកុង ជា​កូនអុក​របស់​ទីក្រុង​ប៉េកាំង គឺ​មិនមែន​ជា​អ្នកតំណាង​ផល​ប្រយោជន៍​ពិតប្រាកដ​ឲ្យ​ប្រជាជន​ហុងកុងទេ។
 

ប្រជាជន​ហុងកុង​តាម​មើល​ការចាក់បញ្ចាំង​ដោយ​ផ្ទាល់​នៃ​ការចរចា​រវាង​ក្រុម​និស្សិត​ និង​មន្រ្តី​សាលាក្រុង​ហុងកុង
ប្រជាជន​ហុងកុង​តាម​មើល​ការចាក់បញ្ចាំង​ដោយ​ផ្ទាល់​នៃ​ការចរចា​រវាង​ក្រុម​និស្សិត​ និង​មន្រ្តី​សាលាក្រុង​ហុងកុង ©REUTERS/Bobby Yip

ម្យ៉ាងទៀត សំដី​របស់​ចៅហ្វាយក្រុង អាច​នឹង​ដុតកំហឹង​របស់​ក្រុមបាតុករ ដែល​តាមពិត​ចុះថ្នល់ តវ៉ា ដោយសារ​តែពួកគេ​មិន​ពេញចិត្ត​នឹង​គម្លាត កាន់តែ​ធំ​រវាង​អ្នកមាន និង​អ្នកក្រ នៅទីក្រុង​ហុងកុង។ នៅហុងកុង រាល់​មុខ​តំណែង​សំខាន់ៗ ទាំងនៅក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន​សុទ្ធតែ​កាន់កាប់​ដោយ​ក្រុម​អ្នកមាន នៅក្នុង​ខណៈដែល ២០ភាគរយ នៃ​ប្រជាជន​សរុប ៧​លាន​នាក់ រស់នៅក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ។ ប្រជាជន​ដើម​របស់​ហុងកុង​យល់ថា គឺ​ប្រជាជន​ចិន​ដីគោក​ដែល​ភាគច្រើន​ជា​អ្នកមាន​បាន​ចូល​មក​រស់នៅ​ក្រុង​ហុងកុង និង​បាន​បង្កើត​ឲ្យ​មាន​គម្លាត​កាន់តែធំ រវាង​អ្នកមាន និង​អ្នកក្រ។

នីតិរដ្ឋ បែប​ចិន
នីតិរដ្ឋ​ដែល​ទីក្រុង​ប៉េកាំង​ចង់​លើកនិយាយ ជានីតិរដ្ឋ​រដ្ឋ​បែប​ចិន គឺ​មិនមែន​ជា​នីតិរដ្ឋ​ដែល​គេ​អនុវត្ត​នៅប្រទេស​លោកខាងលិចទេ។ នៅពេល​ដែល​ថ្នាក់ដឹកនាំ និយាយ​ពីនីតិរដ្ឋ ឬ​ការពង្រឹងអំណាច​នៃ​ច្បាប់ គឺ​គេ​ចង់​សំដៅ​ទៅលើ​ការពង្រឹង​អំណាច​របស់​បក្សកុម្មុយនិស្ត ទៅលើ​ថ្នាក់ដឹកនាំ​ជាន់ក្រោម ដូចជា​រដ្ឋបាល​ក្រុង​ហុងកុង​ជាដើម។

ចាប់តំាង​ពី​ចូលកាន់តំណែង​របស់​ខ្លួន លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​បង្ហាញ​ថា លោក​បាន​ពង្រឹង​អំណាច​នៃ​ច្បាប់ ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​នីតិរដ្ឋ ដោយ​បាន​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​ក្រុម​មន្រ្តី​ពុករលួយ។ មន្រ្តីធំៗ​ជាច្រើន​របស់​បក្ស​កុម្មុយនិស្ត​ត្រូវ​បាន​ចោទ និង​បណ្តេញ​ពី​បក្ស ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ប៉ុន្តែ សម្រាប់​អ្នកជំនាញ​ខ្លះ នីតិរដ្ឋ​បែប​ចិន គឺ​មាន​ន័យ​ស្មើ​ការពង្រឹង​អំណាច​ផ្តាច់ការ​របស់​បក្ស​កុម្មុយនិស្ត ឬ​របស់​មេដឹកនាំ​ចិន ទៅលើ​រាល់​ថ្នាក់ដឹកនាំ​ជាន់ក្រោម​យ៉ាងដូច្នេះដែរ។

នៅក្នុង​ទ្រឹស្តី នីតិរដ្ឋ​មានន័យថា គេ​ត្រូវ​ធ្វើ​អ្វីៗ ទៅតាម​ការចែង​របស់​ច្បាប់ គឺ​គ្មាន​អ្វី​ធំ​ជាង​ច្បាប់ទេ។ ប៉ុន្តែ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ចិន​ដូចជា​ប្រទេស​ជាច្រើន បាន​ប្រើ​ច្បាប់​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ដើម្បី​បោសសម្អាត​ក្រុមប្រឆាំង​នឹង​ខ្លួន។ ជាក់ស្តែង តាមរយៈ​យុទ្ធនាការ​បោសសម្អាត​ក្រុមមន្រ្តី ពុករលួយ លោក​ប្រធានាធិបតី​ចិន តាមពិត​កំពុង​កាត់បន្ថយ​អំណាច​របស់​ក្រុមមន្រ្តី​ថ្នាក់​តំបន់ និង​ក្រុង ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​អំណាច​របស់លោក មាន​ដូចជា​​ករណី​របស់​ចៅហ្វាយក្រុង​ចុងឈីង លោក​ប៉ូ ស៊ីវឡៃ ជា​ឧទាហរណ៍​ស្រាប់។

នៅក្នុង​ករណី​ក្រុង​ហុងកុងវិញ ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​សន្យា​ផ្តល់​សិទ្ធិ​ដល់​ប្រជាជន​ហុងកុង​ឲ្យ​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​តាមរយៈ​ការបោះឆ្នោត។ ប៉ុន្តែ ប៉េកាំង​បាន​បញ្ជាក់​យ៉ាងច្បាស់ថា រាល់​បេក្ខជន​សម្រាប់​តំណែង​ចៅហ្វាយក្រុង​ហុងកុង ត្រូវ​តែ​ជ្រើសរើស​ដោយ​បក្ស​កុម្មុយនិស្តចិន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ