ស៊ុយអែត

ស៊ុយអែតប្រកាសទទួលស្គាល់ដែនដីប៉ាឡេស្ទីនជារដ្ឋស្របច្បាប់

លោក យេហ៊ូដា​គ្លីក( Yehuda Glick) សកម្មជននយោបាយស្តាំនិយមជ្រុលអ៊ីស្រាអែល
លោក យេហ៊ូដា​គ្លីក( Yehuda Glick) សកម្មជននយោបាយស្តាំនិយមជ្រុលអ៊ីស្រាអែល REUTERS

ប្រមុខ​ការទូត​ស៊ុយអែត លោកស្រី ម៉ាហ្កូ វលស្រ្តូម (Margot Wallström)បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​៣០​តុលា « ថា ស៊ុយអែត​ទទួល​ស្គាល់​តាម​រយៈ​ក្រិត្យ​រដ្ឋាភិបាល​“ ប៉ាឡេស្ទីន​ជា​រដ្ឋ​ស្រប​ច្បាប់​មួយ”។ ដូច្នេះ ស៊ុយអ៊ែត បាន​ក្លាយ​ជា​ប្រទេស​លោក​ខាង​លិច​មុន​គេ​បង្អស់​នៅ​​​សហភាព​​អ៊ឺរ៉ុប​ដែល​បាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​បែប​នេះ ​។ នៅ​​ឯ​ដែនដី​ប៉ាឡេស្ទីន​វិញ លោក Mahmoud Abbas ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន បាន​សម្តែង​ការ​អបអរ​សាទរ​និង​អំពាវនាវ​ដល់​ប្រទេស​ដ៏ទៃ​ទៀត​ឲ្យ​យក​គំរូ​តាម​ស៊ុយអ៊ែត​។

ផ្សាយពាណិជ្ជកម្ម

 

“រដ្ឋាភិបាល​ស៊ុយអែត​នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ទទួល​ស្គាល់​​ “ថា​ប៉ាឡេស្ទីន​​ជា​រដ្ឋ​ស្រប​ច្បាប់​មួយ។ “គឺ​​​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​បញ្ជាក់​សិទ្ធិ​របស់​ប្រជាជន​ប៉ាឡេស្ទីន​នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង”-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ុយអែត​នៅ​ក្នុង​វេទិកា​មួយ​​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ស៊ុយអែត Dagens Nyheter។

នៅ​ចំពោះ​មុខ​រដ្ឋាភិបាល​ស៊ុយអ៊ែត “ប៉ាឡេស្ទីន មាន​លក្ខណវិនិច្ឆ័យ​គ្រប់​គ្រាន់ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ ក្នុង​ការ​ទទួល​ស្គាល់ ប៉ាឡេស្ទីន​ ជា​រដ្ឋ​ស្របច្បាប់”។ ស្របច្បាប់​ពីព្រោះ ប៉ាឡេស្ទីន ជា​ដែនដី​មួយ បើ​ទោះបី​ជា​នៅ​មិន​​​ទាន់​​​មាន​ការ​កំណត់​ព្រំដែន​ជាក់​លាក់​ក្តី​និង​មាន​ប្រជាជន​ខ្លួន​ក៏​ព្រម​ទាំង​រដ្ឋាភិបាល​មួយ​ដែរ-នេះ​ជា​ការ​ថ្លែង​បន្ថែម​របស់​លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ុយអ៊ែត។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP « ប្រទេស​យ៉ាង​តិច​ក៏​ចំនួន ១១២ ដែរ ដែល​បាន​ទទួល​ស្គាល់ ប៉ាឡេស្ទីន​ថា​ជា​រដ្ឋ​ស្រប​ច្បាប់ “។ ក៏ប៉ុន្តែ យោងតាម​អាជ្ញាធរ​ប៉ាឡេស្ទីន​វិញ “ ប្រទេស​ដែល​បាន​​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន-មាន​ទាំង​អស់ ១៣៤​ប្រទេស ក្នុង​នោះ ៧​ប្រទេស​ជា​សមាជិក​របស់​សហភាព​អ៊ឺរ៉ុប ដូច​ជា​សាធារណរដ្ឋ​ឆែក ហុងគ្រី ប៉ូឡូញ ប៊ុលហ្ការី រ៉ូមានី ម៉ាល់ និង​ស្ស៊ីព្រ។ ប្រទេស​ទាំង​អស់​នេះ បាន​ទទួល​ស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​ស្របច្បាប់​ ចាប់​តាំង​ពី​ប្រទេស​ខ្លួន​នៅ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​របស់​សហភាព​អ៊ឺរ៉ុប​នៅ​ឡើយ។​ ​នាយក​រដ្ឋមន្ត្រី​ស៊ុយអ៊ែត​ លោក Stefan Löfven កាលពី​ខែ​តុលា​មុន ក៏​ធ្លាប់​បាន​ជូន​ដំណឹង​ម្តង​រួច​មក​ហើយ ថា​ស៊ុយអ៊ែត​នឹង​ធ្វើការ​ទទួល​ស្គាល់​​ប៉ាឡេស្ទីន​ជា​រដ្ឋ​ស្របច្បាប់​ដែល​​ ជាហតុ​​បណ្តាល​​ឲ្យ អ៊ីស្រាអែល​និង​អាមេរិក​ ទិតៀន​រិះគន់​យ៉ាង​ខ្លាំង។

នៅ​ឯ​ក្រុង​រ៉ាម៉ាឡា​ដែនដី​ប៉ាឡេស្ទីន​វិញ លោក ម៉ាម៊ូត អាបាស់ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ បាន​សម្តែង​ក្តី​សាទរ​ឥតឧបមា​ចំពោះ​ការ​ទទួលស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋ​ស្របច្បាប់​ពី​សំណាក់​​ស៊ុយអ៊ែត។ ​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ថែម​ទាំង​អំពាវនាវ​សុំ​ឲ្យ​ប្រទេស​ដទៃ​ទៀត​យក​គំរូប​តាម​ស៊ុយអែត​ដែរ។

ទន្ទឹមគ្នា​នេះ​ដែរ អំពើ​ហិង្សា​កើត​ឡើង​ជា​ថ្មី​នៅ​ជែរូសាឡឹម បន្ទាប់​ពី​ជន​ប៉ាឡេស្ទីន​ម្នាក់​បាន​ប៉ុនប៉ង​សម្លាប់​សកម្មជន នយោបាយ​អ៊ីស្រាអែល​ម្នាក់ ហើយ​ភ្លាមៗ​នោះ​ដែរ ជន​ប៉ាឡេស្ទីន​នោះ ត្រូវ​បាន​ក្រុម​ប៉ូលីស​បាញ់​សម្លាប់​នៅ​ព្រឹកមិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI