ជំនួបកំពូលនៅរីយ៉ូស្តីពីអាកាសធាតុមិនសំខាន់សម្រាប់ប្រទេសធំៗ
ចុះផ្សាយនៅថ្ងៃ៖
នៅប៉ុន្មានម៉ោងទៀតខាងមុខនេះ ជំនួបកំពូលអន្តរជាតិស្តីពីបញ្ហាអាកាសធាតុនិងបរិស្ថាននឹងផ្តើមប្រព្រឹត្តទៅនៅទីក្រុងរីយ៉ូ (Rio) ប្រទេសប្រេស៊ីល។ ប៉ុន្តែ មិនទាន់ទាំងផ្តើមឡើងផងជំនួបកំពូលនេះ ត្រូវបានគេមើលឃើញជាស្រេចថានឹងទទួលបរាជ័យ។
ជំនួបកំពូលនឹងផ្តើមឡើងនៅទីក្រុងរីយ៉ូ ប៉ុន្មានម៉ោងទៀតខាងមុខនេះ ក្រោមអធិបតីភាពរបស់លោកស្រីប្រធានាធិបតីប្រស៊ីលឌីលម៉ា រូសេវ (Dilma Rousseff) ចូលរួមដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន់ គីមូន (Ban Ki-Moo) និងប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលចំនួន៩២នាក់។
ប៉ុន្តែ ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសធំៗមួយចំនួន ដូចជាអាមេរិក រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ បានសម្រេចចិត្តមិនចូលរួមក្នុងជំនួបកំពូលដើម្បីដោះស្រាយបញ្ហាអាកាសធាតុនិងបរិស្ថាននៅទីក្រុងរីយ៉ូនេះទេ។
នៅពេញមួយថ្ងៃនេះ អ្នកដឹកនាំកំពូលៗមកពី៩២ប្រទេសនឹងឡើងថ្លែងសុន្ទរកថាជាបន្តបន្ទាប់គ្នា។ តែ គេត្រូវរង់ចាំរហូតដល់ថ្ងៃសុក្រទី២២មិថុនាខានស្អែកនេះ ទើបអាចឃើញការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដែលជាលទ្ធផលនៃជំនួបកំពូល។
យ៉ាងណាក៏ដោយ គេដឹងជាមុនរួចស្រេចថា នឹងមិនអាចមានទៅកើតទេលទ្ធផលជាដុំកំភួន ដ្បិតលើកនេះក៏ដូចលើកមុនៗដែរ បណ្តាប្រទេសធំៗបន្តឱ្យតម្លៃទៅលើផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេរៀងៗខ្លួន ជាងទៅលើបញ្ហាអាកាសធាតុនិងបរិស្ថាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ