អានតួអត្ថបទ
រុស្ស៊ី

ជំនួប​កំពូល​នៃ”អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ ” ហៅ​កាត់​ថា​ OCS

លោកប្រធានាធិបតីចិន​ ហ៊ូជិនតាវ (ស្តាំ) និងប្រធានាធិបតីកាហ្សាក់ស្ថានលោក  Nursultan Nazarbayev នាឱកាសទស្សនកិច្ច​នៅទីក្រុង  Astana ១៣ មិថុនា២០១១
លោកប្រធានាធិបតីចិន​ ហ៊ូជិនតាវ (ស្តាំ) និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Nursultan Nazarbayev នាឱកាសទស្សនកិច្ច​នៅទីក្រុង Astana ១៣ មិថុនា២០១១ REUTERS/Shamil Zhumatov
ដោយ៖ កែវ ឆាយា
1 នាទី

ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅ ២ថ្ងៃ នៅ​ក្រុង Astana រដ្ឋធានី​កាហ្សាក់ស្ថាន ដោយ​ការ​បើក​វា​យ៉ាង​ឱឡារិក​ គឺ​នៅ​ល្ងាច​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក ទី១៥ មិថុនា គឺ​នឹង​ប្រព្រឹត្ត​ទៅ អង្គប្រជុំ​ជា​ផ្លូវការ ដោយ​​មាន​ការ​ចូលរួម​នៃ​ប្រមុខរដ្ឋ​ទាំង៦​ប្រទេស សមាជិក​ពេញ​លក្ខណៈ​របស់ OCS ក្នុង​នោះ​នាំ​មុខ​គេ គឺ​លោក​ប្រធានាធិបតីចិន ហ៊ូ ជិនតាវ និង​លោក​ប្រធានាធិបតី​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ ដើម្បី​ឧទ្ទិស​ដល់​ខួប​គម្រប់​១០ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​នេះ។

ផ្សាយពាណិជ្ជកម្ម

តាម​ដែល​វិមាន​ក្រេមឡាំង​ជូន​ជា​ដំណឹង៖ ជំនួបកំពូល​លើក​នេះ​នឹង​បូក​សរុប​តុល្យាការ​ធំៗ​ជា​ចម្បង​នៃ​សកម្មភាព “អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ” OCS ក្នុង ១០ឆ្នាំ​កន្លង​ទៅ ហើយ​និង​កំណត់​ទស្សនវិស័យ​នៃ​ការងារ​ទៅ​អនាគត។ រីឯ​បញ្ហា​ដែល​ចោទ​ក្នុង​របៀប​វារៈ​គឺ​មាន​ពីរ៖ បញ្ហា​សន្តិសុខ និង​បញ្ហា​សេដ្ឋកិច្ច។

ខាង​ចង្កោម​បញ្ហា​សន្តិសុខ គឺ​ការ​ធានា​ឲ្យ​មាន​ស្ថិរភាព និង​សន្តិសុខ​នៅ​តំបន់​ដែល​ជា​គោល​ដៅ​​ចោទ​តាំង​ពី​ដើមទី​ម៉្លេះ ដោយ​អង្គការ OCS ពេល​វា​ប្រសូត​មក​កាល​ពី ១០ឆ្នាំ​មុន។ នៅ​លើ​ផ្លូវ​នេះ គេ​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​មតិ​គ្នា ជុំវិញ​ការ​អភិវឌ្ឍន៍ “រចនាសម្ព័ន្ធ​ប្រឆាំង​ភេរវនិយម” របស់ OCS ដោយ​ពង្រីក​សហប្រតិបត្តិការ​ជាមួយ​រចនាសម្ព័ន្ធ​អន្តរជាតិ។ កត្តា​មួយ​ជា​គន្លឹះ ខាង​ធានា​ឲ្យ​មាន​ស្ថិរភាព​តំបន់ គឺ​ការ​រៀបរយ​ស្ថានការណ៍​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ឲ្យ​បាន​ស្រួលបួល។

ខាង​សេដ្ឋកិច្ច គឺ​ការ​ពង្រឹង​សហប្រតិបត្តិការ​ផ្នែក​វិនិយោគ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​បច្ចេកទេស​រវាង​ប្រទេស​សមាជិក OCS។ នៅ​តាម​មុខព្រួញ​នេះ គេ​នឹង​បង្កើត​ឡើង​ជា “គណនី​ពិសេស” ដែល​ត្រូវ​ដើរតួ​ជា​យន្តការ​មូលដ្ឋាន​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ធំៗ​របស់ OCS។

គួរ​រំលឹក​ថា ក្នុង​អង្គការ OCS មាន​៦ប្រទេស ជា​សមាជិក​ពេញ​លក្ខណៈ​គឺ ម្ខាង ប្រទេស​ចិន ម្ខាង​ទៀត​ប្រទេស​រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស្ស៊ីស្ថាន តាហ្ស៊ីគីស្ថាន និង​អ៊ូសបេគីស្ថាន។ សមាជិក​សង្កេតការណ៍​មាន​៤ប្រទេស គឺ​ឥណ្ឌា ប៉ាគីស្ថាន អៀរ៉ង់ ម៉ុងហ្គោលី។ សមាជិក​ជា ”ដៃគូសន្ទនា” គឺ សេរីលង្កា និងបេឡូរុស្ស៊ី។

តាំង​ពី​ឆ្នាំ​២០០៦​មក OCS អនុវត្ត​បម្រាមដែល​ផ្អាក​សិន ការ​ទទួល​សមាជិក​ថ្មីៗ ក្រោម​លេស​ថា មុន​ដំបូង​អង្គការ​នេះ​ត្រូវ​ចាក់​ឫស​ខ្លួន​ឯង​ឲ្យ​បាន​រឹងមាំ​សិន។ គឺ​ក្នុង​ជំនួបកំពូល​លើក​នេះ ដែល​រុស្ស៊ី​គ្រោង​ស្នើ​ឲ្យ​លុប​បម្រាម​​នេះ​ទៅ​វិញ ដោយ​រុស្ស៊ី​បាន​សន្យា​ជួយ​ជ្រោមជ្រែង​ឲ្យ​ឥណ្ឌា​​ក្លាយ​ទៅ​ជា​សមាជិក​ពេញសិទ្ធិ។​​ ចិន​ដែល​មិន​សាទរ​ចំពោះ​ការ​ទទួល​ឥណ្ឌា ប្រហែល​ជា​នឹង​ធ្វើ​សម្បទាន ដ្បិត​ចិន​គាំទ្រ​ឲ្យ​ប៉ាគីស្ថាន​បាន​ចូល​ជា​សមាជិក​ពេញលក្ខណៈ​ផង​ដែរ។

កាហ្សាក់ស្ថាន ជំទាស់​នឹង​ការ​ទទួល​សមាជិក​ថ្មី បែប​យ៉ាង​អៀរ៉ង់ ដោយ​មក​ពី​ប្រទេស​នេះ​ជាប់​ក្នុង​ទណ្ឌកម្ម អ.ស.ប. ហើយ​បារម្ភ​ខ្លាច​ក្រែង​ការ​នេះ ជះ​ចំហាយ​អាក្រក់​មក​លើ​សកម្មភាព OCS៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ