កូរ៉េ​ខាង​ត្បូង

កូរ៉េ​ខាង​ត្បូង​គំរាមបង្អាក់​ការ​ចរចា​​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​(កណ្តាល) ជប៉ុន និង​ចិន(ឆ្វេង) ​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​(កណ្តាល) ជប៉ុន និង​ចិន(ឆ្វេង) ​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា © Reuters

ជំនួប​ការទូត​ត្រីភាគី រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង ចិន និង​ជប៉ុន នឹង​ត្រូវ​ប្រព្រឹត្ត​ នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​សេអ៊ូល។ កិច្ច​ពិភាក្សា​នេះ​នឹង​ត្រូវ​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ ខាង​ជើង និង​ ការ​លិច​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​កាល​ពី​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

កិច្ច​ពិភាក្សា​ត្រី​ភាគី នៅ​រសៀល​ថ្ងៃ​នេះ គឺ​ជា​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបទេស​លើក​ទី​បួន​ហើយ ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង គិត​ចាប់​ពី​ថ្ងៃ​ទី ២៦​មីនា ២០១០​មក។ ថ្ងៃ​ដែល​នាវា​ចម្បាំង​កូរ៉េ​ខាង​ត្បូង​បាន​លិច​ ដោយ​គ្មាន​ហេតុផល និង​ផ្តាច់​ជីវិត​នាវិក​អស់​៤៦​នាក់។

បន្ទាប់​ពី​ជំនួប​ត្រី​ភាគី​នេះ​មក​ នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​ពី​គ្នា​ផ្សេងៗ​ទៀត ​រវាង​​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​នឹង​សមភាគី​ចិន​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ហើយ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ម្តង។ ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​និង​ជប៉ុន ក៏​នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​ តែ​ពីរ​នាក់​​ ដាច់​ដោយ​ឡែក នៅ​សៅរ៍​នេះ​ដែរ។

សូម​បញ្ជាក់​ថា​តាំង​ពី​ថ្ងៃ​មាន​ព្រឹត្តិការណ៍​លិច​កប៉ាល់​​​មក ក្រុង​សេអ៊ូល​បាន​ភ្ជាប់​សំណុំ​នេះ​ទៅ​នឹង​រឿង​​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ព្រោះ​គិត​ថា​ជា​ស្នាដៃ​របស់​កូរ៉េ​ខាង​ជើង​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​តែង​​បដិសេធ​ជា​និច្ច​នឹង​ការ​ចោទ​ប្រកាន់​នេះ។

ក្នុង​ពេល​រង់​ចាំ​លទ្ធផល​នៃ​ការ​អង្កេត ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ កូរ៉េ​ខាង​ត្បូង​​​បាន​ព្រមាន​ថា ​ដំណើរ​ការ​​ចរចា​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង អាច​ប្រព្រឹត្ត​ឡើង​វិញ​បាន ដរាប​ណា​កូរ៉េ​ខាង​ត្បូង​រក​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​លិច​នាវា​ដ៏​ចម្លែក​របស់​ខ្លួន​សិន។ ហើយ​​ប្រសិន​បើ​កូរ៉េ​ខាង​ជើង​មាន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាវា​លិច​នេះ នោះ​ការ​ចរចា ៦​ភាគី (ចិន ជប៉ុន​ សហរដ្ឋ​អាមេរិក រុស្ស៊ី និង​កូរ៉េ​ទាំងពីរ) នឹង​មិន​អាច​ចាប់​ផ្តើម​បាន​ភ្លាម​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI