កម្ពុជា

សវនាការ​លើ​បណ្តឹង​សាទុក្ខ​ក្នុង​សំណុំរឿង​ក្តី​ឌុច​នឹង​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៨ មីនា

មន្ត្រី​របស់​សាលាក្តី​ខ្មែរក្រហម​បង្ហាញ​ពីកាល​បរិច្ឆេទ​សវនាការ​នៅ​តុលាការ​កំពូល​លើសំណុំរឿង​០០១ ដែល​មាន​ឌុច ជា​ជនជាប់ចោទ
មន្ត្រី​របស់​សាលាក្តី​ខ្មែរក្រហម​បង្ហាញ​ពីកាល​បរិច្ឆេទ​សវនាការ​នៅ​តុលាការ​កំពូល​លើសំណុំរឿង​០០១ ដែល​មាន​ឌុច ជា​ជនជាប់ចោទ © លី ម៉េងហួរ

នៅ​ថ្ងៃ​សុក្រ​នេះ មន្ត្រី​សាលាក្តី​ខ្មែរក្រហម បាន​បង្ហាញ​ពី​ដំណើរការ​សវនាការ​លើ​បណ្តឹង​សាទុក្ខ ក្នុង​សំណុំរឿង ០០១ របស់ កាំង ហ្កេក​អ៊ាវ ហៅ ឌុច នៅ​តុលាការ​កំពូល ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៨ ដល់​ថ្ងៃ​ទី​៣០​មីនា ឆ្នាំ​២០១១​។ សវនាការ​អាច​បន្ថែម​មួយថ្ងៃ​ទៀត នៅ​ថ្ងៃ​៣១​មីនា។ សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​នឹង​ប្រកាស​នៅ​ពីរ​បី​ខែ​ទៀត ជា​ការសម្រេច​បិទផ្លូវ​តវ៉ា និង​បិទ​បញ្ចប់​សំណុំរឿង​០០១ របស់ ឌុច។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅ ស-២១ (គុក​ទួលស្លែង) និងនៅ​ទីតាំង​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម។ ឌុច​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលាដំបូង ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល ៣៥ ឆ្នាំ។

ក៏​ប៉ុន្តែ​មេធាវី​ការពារ​ក្តី សហ​ព្រះរាជអាជ្ញា និង​មេធាវី​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី បាន​ប្តឹង​សាទុក្ខ ប្រឆាំង​នឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង។

កាលវិភាគ​សវនាការ​នៅ​តុលាការ​កំពូល លើសំណុំរឿង ឌុច ត្រូវបាន​មន្ត្រី​សាលាក្តី បង្ហាញ​នៅ​ព្រឹកមិញ។ នោះគឺ នៅ​ថ្ងៃ​ចន្ទ​ទី​២៨​មីនា ជា​សវនាការ ដែល​ផ្តោត​លើ​យុត្តាធិការ​លើ​បុគ្គល ដែល​ជា​ការតវ៉ា​ផ្ទាល់មាត់​របស់​មេធាវី​ការពារ​ក្តី សហ​ព្រះរាជអាជ្ញា និង​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្រុម ៣។ នៅ​ថ្ងៃ​អង្គារ ជា​សវនាការ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការផ្តន្ទាទោស។ រីឯ​នៅ​ថ្ងៃ​ពុធ ទី​៣០​មីនា ជា​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី។ អង្គជំនុំជម្រះ​តុលាការ​កំពូល ក៏​បាន​កំណត់​ពេលវេលា​ត្រៀម​បម្រុង បន្ត​សវនាការ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១​មីនា ឆ្នាំ​២០១១។

លោក ឡាស អូលសិន មន្ត្រី​ទទួល​ផ្នែក​ទំនាក់ទំនង​ផ្លូវច្បាប់ របស់​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ក្នុង​សន្និសីកាសែត នៅ​ថ្ងៃ​សុក្រ​នេះ​ថា សវនាការ​ករណី ឌុ​ច នៅ​តុលាការ​កំពូល នា​ថ្ងៃ​ចន្ទ មិន​មាន​សាក្សី និង​មិន​មាន​អ្នកជំនាញ​ទេ ហើយក៏​មិន​ជជែក​ពី​ការធ្វើ​ទារុណកម្ម​សម្លាប់​មនុស្ស​នៅ​គុក​ទួលស្លែង​ឡើយ។ សវនាការ​នៅ​អង្គជំនុំជម្រះ​តុលាការ​កំពូល និយាយ​តែ​អំពី ថា​តើ​ឌុច ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​ខ្មែរក្រហម ឬទេ? ហើយ​ការផ្តន្ទាទោស ឌុច រយៈពេល ៣៥ ឆ្នាំ ត្រឹមត្រូវ​ឬទេ​?

លោក ឡាស អូលសិន បាន​បញ្ជាក់​ថា សេចក្តីសម្រេច​របស់​ចៅក្រម ៧ រូប ក្នុង​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល នឹង​មិន​និយាយ​ពី​ការផ្តន្ទាទោស ឌុច មួយ​ជីវិត​នោះទេ។ តែ​មិនមែន​មាន​ន័យថា ឌុច ត្រូវ​ដោះលែង​ឡើយ។ វា​អាច​ជា​ការបន្ធូរ​បន្ថយ​ទោស ឌុច ក្រោម ៣៥ ឆ្នាំ និង​អាច​បង្កើន​ទោស ឌុច លើសពី ៣៥ ឆ្នាំ តាម​ការស្នើសុំ​របស់​សហព្រះរាជអាជ្ញា ដែល​ចង់ឲ្យ​តុលាការ​កំពូល ផ្តន្ទាទោស ឌុច ៤៥ ឆ្នាំ។

ចំណែក​លោក រាជ សម្បត្តិ បាន​លើកឡើង​ថា បន្ទាប់ពី​សវនាការ នៅ​ដើម​សប្តាហ៍​ក្រោយ អង្គជំនុំជម្រះ​តុលាការ​កំពូល នឹង​ប្រកាស​សាលក្រម​ស្ថាពរ នៅក្នុង​អំឡុង​ពីរ ឬ​បី​ខែ​ខាងមុខ។ សាលក្រម​របស់​អង្គជំនុំជម្រះ​តុលាការ​កំពូល គឺជា​សាលក្រម​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា។ មានន័យ​ថា សំណុំរឿង ០០១ របស់ ឌុ​ច ត្រូវ​បិទ​បញ្ចប់​ទាំងស្រុង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI