លោកស្រី Susan Rice ដកខ្លួនពីបញ្ជីបេក្ខជនសម្រាប់ជំនួសតំណែងលោកស្រីហ៊ីឡារីគ្លីនតុន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រីស៊ូសាន រ៉ៃស៍ (Susan Rice) បានស្នើសុំឲ្យលោកអូបាម៉ាដកឈ្មោះរបស់លោកស្រីពីបញ្ជីឈ្មោះបេក្ខជន ដែលត្រូវឡើងមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោកស្រីហ៊ីឡារី គ្លីនតុន (Hillary Clinton)។ ការសម្រេចដកបេក្ខភាពនេះ គឺដោយសារតែមានជាប់រឿងចម្រូងចម្រាសជាមួយគណបក្សសាធារណរដ្ឋ ដែលជាបក្សប្រឆាំងនៅព្រឹទ្ធសភា។
លោកស្រីស៊ូសាន រ៉ៃស៍ បច្ចុប្បន្នជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.ប. និងស្ថិតក្នុងរង្វង់មនុស្សជំនិតរបស់លោកអូបាម៉ា។ លោកស្រីត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកដែលទំនងជានឹងត្រូវលោកអូបាម៉ាតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស ជំនួសលោកស្រីហ៊ីឡារី គ្លីនតុន ដែលគ្រោងលាឈប់ពីមុខតំណែង នៅដើមឆ្នាំក្រោយ។
ក៏ប៉ុន្តែ លោកស្រីស៊ូសាន រ៉ៃស៍ ធ្លាប់ត្រូវបានទទួលរងនូវការរិះគន់ខ្លាំងក្លាជាងគេ ពីសំណាក់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ជុំវិញហេតុការណ៍នៅបិនហ្កាហ្ស៊ី ប្រទេសលីប៊ី ដែលស្ថានកុងស៊ុលអាមេរិកត្រូវបានដុតបំផ្លាញ រហូតបណ្តាលឲ្យស្លាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីប៊ី។ នេះក៏ដោយសារតែលោកស្រី រ៉ៃស៍ ធ្លាប់បានអះអាងជាច្រើនលើកថា ការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកនេះ គឺកើតពីចលនាប្រឆាំងនឹងខ្សែវីដេអូដែលមានអត្ថន័យប្រមាថសាសនាអ៊ីស្លាម ក៏ប៉ុន្តែ ក្រោយមក ការស៊ើបអង្កេតបង្ហាញថា វាជាស្នាដៃរបស់ក្រុមភេរវជនស្និទ្ធនឹងអាល់កៃដា។
នៅក្នុងលិខិតផ្ញើទៅលោកអូបាម៉ា កាលពីម្សិលមិញ លោកស្រីស៊ូសាន រ៉ៃស៍ បានសរសេរថា លោកស្រីមានក្តីរីករាយ និងមានកិត្តិយស ដែលបានជាប់ឈ្មោះក្នុងបញ្ជីបេក្ខជន ដែល លោកអូបាម៉ាពិចារណាចង់តែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មី ហើយថា លោកស្រីមានជំនឿចិត្តយ៉ាងមុតមាំថា លោកស្រីមានសមត្ថភាពអាចនឹងធ្វើការបម្រើប្រទេសជាតិបានប្រកបដោយប្រសិទ្ធភាព។ ក៏ប៉ុន្តែ លោកស្រីបានស្នើសុំឲ្យលោកអូបាម៉ាដកឈ្មោះលោកស្រីចេញវិញ ដោយលើកហេតុផលថា ការតែងតាំងលោកស្រីអាចនឹងបង្កឲ្យមានភាពចម្រូងចម្រាស នៅក្នុងពេលត្រូវឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ដែលនឹងបង្កជាបញ្ហាស្មុគស្មាញបន្ថែមទៀត ដល់លោកអូបាម៉ា ដែលកំពុងតែមានបញ្ហាប្រទាញប្រទង់ខ្លាំងស្រាប់ ជាមួយគណបក្សសាធារណរដ្ឋ។
នៅពេលនេះ ដែលលោកស្រីស៊ូសាន រ៉ៃស៍ សម្រេចដកបេក្ខភាព លោកអូបាម៉ាទំនងជានឹងងាកទៅរកឥស្សរជនគណបក្សប្រជាធិបតេយ្យមួយទៀត គឺលោកចន ឃែរី (John Kerry) បច្ចុប្បន្នជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់ព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតី កាលពីឆ្នាំ២០០៤។
គួរបញ្ជាក់ថា នៅក្នុងអាណត្តិទី២នេះ លោកអូបាម៉ានឹងត្រូវរកមនុស្សមកកាន់តំណែងសំខាន់ៗមួយចំនួន ខាងផ្នែកកិច្ចការបរទេស និងសន្តិសុខ ដើម្បីជំនួសមន្រ្តីចាស់ ដែលសុទ្ធតែបានប្រកាសលាឈប់ពីមុខតំណែង គឺរួមមាន លោកស្រីគ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេស លោកឡេអន ប៉ានេតា (Leon Panetta) រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក David Petraeus នាយកទីភ្នាក់ងារសេអ៊ីអា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ