តើ​អនាគត​នយោបាយ​របស់​លោកស្រី​អ៊ុង សាន ស៊ូជី នឹង​ទៅជា​យ៉ាងណា?

សំឡេង ០៧:៥៥
លោកស្រី​អ៊ុង សាន ស៊ូជី មួយថ្ងៃ​ក្រោយ​ពី​ត្រូវ​បាន​ដោះលែង
លោកស្រី​អ៊ុង សាន ស៊ូជី មួយថ្ងៃ​ក្រោយ​ពី​ត្រូវ​បាន​ដោះលែង ©Reuters

មួយថ្ងៃ​ក្រោយ​ពី​បាន​រួច​ពី​ការ​ឃុំខ្លួន នៅថ្ងៃ​អាទិត្យ ទី១៤ វិច្ឆិកា ២០១០នេះ លោកស្រី​អ៊ុង សាន ស៊ូជី បាន​​​ធ្វើ​សេចក្តី​ថ្លែងការណ៍ នៅ​មុខ​អ្នកគាំទ្រ​រាប់ពាន់​នាក់ នៅ​ទីស្នាក់​ការ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ (NLD) នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។ លោកស្រី​បាន​ប្រាប់​អ្នកគាំទ្រ​ទាំងអស់​ថា កុំ​ឲ្យ​អស់សង្ឃឹម ហើយ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​គួរ​តែ​​មាន​ការ​រួបរួមគ្នា។

ផ្សាយពាណិជ្ជកម្ម

មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​គឺ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ”។ នេះ គឺ​ជា​ប្រសាសន៍​របស់​លោកស្រី​អ៊ុង សាន ស៊ូជី ថ្លែង​ទៅកាន់​អ្នកគាំទ្រ​រាប់ពាន់​នាក់ នៅថ្ងៃ​អាទិត្យនេះ។ លោកស្រី​បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​​ថា​កុំ​ឲ្យ​អស់សង្ឃឹម ហើយ​ត្រូវ​តែ​ហ៊ាន​ងើបឈរឡើង​​ការពារ​អ្វី​ដែល​ជា​រឿង​ត្រឹមត្រូវ។ លោកស្រី​ក៏​បាន​អំពាវនាវ​ផងដែរ​​ឲ្យ​ក្រុមប្រឆាំង​មាន​ការ​រួបរួមគ្នា។ នេះ​ជា​ការ​បញ្ជាក់ថា មេដឹកនាំ​ប្រឆាំង​ភូមា​នឹង​មិន​បោះបង់​ការ​តស៊ូ​ផ្នែក​នយោបាយ ដើម្បី​ប្រជាធិបតេយ្យ​នៅ​ភូមា​នោះទេ។

នៅថ្ងៃ​អាទិត្យ​នេះ មេធាវី​របស់​លោកស្រី​អ៊ុង សាន ស៊ូជី បាន​អះអាង​ថា ការ​ដោះលែង​លោកស្រី គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​នោះទេ។ នេះ​ គឺ​ស្រ​ប​ទៅនឹង​ការផ្សាយ​របស់​បណ្តាញ​ផ្សព្វផ្សាយ​ស្និទ្ធ​នឹង​មេដឹកនាំ​ភូមា កាល​ពីយប់មិញ។ ក៏ប៉ុន្តែ ដោះលែង​ដោយ​មិនមាន​លក្ខខណ្ឌ មិនមែន​មានន័យថា របបសឹក​នឹង​មិន​ចាប់​ខ្លួន​លោកស្រី​ឃុំវិញ​នោះដែរ ជាពិសេស ប្រសិន​បើ​ពួកគេ​មើលឃើញ​ថា លោកស្រី​បង្ក​គ្រោះថ្នាក់​ដល់​អំណាច​របស់​គេ។

នៅពេលនេះ លោកស្រី​អ៊ុង សាន ស៊ូជី មិនទាន់​បាន​បញ្ជាក់​អំពី​ផែនការ និង​យុទ្ធសាស្រ្ត​របស់​លោកស្រី​ សម្រាប់​ថ្ងៃ​អនាគត​នៅឡើយទេ។ ក៏ប៉ុន្តែ ក្រោយ​ពី​ចប់​មិទ្ទិញ លោកស្រី​បាន​ប្រាប់​អ្នកកាសែត​ថា ការជជែកគ្នា គឺ​ជា​មធ្យោបាយ​ដ៏ល្អ​បំផុត ក្នុង​ការ​ដោះស្រាយ​បញ្ហា។ តើ​នេះ​មានន័យថា លោកស្រី​នឹង​សុខចិត្ត​​ជជែក​ជាមួយ​មេដឹកនាំ​យោធា​ឬ​ក៏​យ៉ាងណា? គួរ​រំឭកថា កន្លងមក លោកស្រី​អ៊ុង សាន ស៊ូជី ធ្លាប់​បាន​ផ្ញើ​លិខិត​ទៅ​កាន់​មេដឹកនាំ​យោធា ដោយ​បង្ហាញ​ពីឆន្ទៈ​ចង់​ជជែក​គ្នា ស្វែងរក​វិធី​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ធូរបន្ថយ​ទណ្ឌកម្ម ដើម្បី​កុំឲ្យ​ប្រជាជន​ជួប​នឹង​ការ​លំបាក។

អ្នកវិភាគ​ជាច្រើន​យល់ថា បញ្ហា​ចម្បង ដែល​លោកស្រី​អ៊ុង សាន ស៊ូជី ត្រូវ​ប្រឈមមុខ នៅពេល​ឈាន​ជើង​ចូល​ក្នុង​សមរភូមិ​នយោបាយ​វិញ​ នៅពេលនេះ គឺ​​ការ​រួបរួម​ក្រុមប្រឆាំង។
គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD) របស់​លោកស្រី​អ៊ុង សាន ស៊ូជី ត្រូវ​បែកបាក់​ជាពីរ ដោយ​មាន​មួយក្រុម​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ ក្រុមនេះ យល់ថា បើទោះជា​កំណែទម្រង់​ប្រជាធិបតេយ្យ​រៀបចំឡើង​ដោយ​របបសឹក មាន​លក្ខណៈខ្វះខាត​ច្រើន​ក៏ដោយ ក៏ប៉ុន្តែ ការ​ចូលរួម​ក្នុង​រចនាសម្ព័ន្ធ​ថ្មីនេះ គឺ​វាមាន​ប្រយោជន៍​​ជាង​ស្ថិត​នៅ​ក្រៅឆាក។ យោងតាម​លទ្ធផល​បណ្តោះអាសន្ន គណបក្ស​ថ្មីនេះ អាច​នឹង​ទទួល​បាន​អាសនៈ​មួយផ្នែក ដើម្បី​ធ្វើ​ជា​ក្រុមប្រឆាំង​ក្នុង​រដ្ឋសភា។

ក្រៅ​ពី​នេះ នៅមាន​​គណបក្ស​តូចៗ​ផ្សេងទៀត ដែល​កើតចេញ​ពី​ក្រុម​ជនជាតិ​ភាគតិច​ភូមា ហើយ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​របបសឹក​ដែរ។

នៅក្នុង​ទិដ្ឋភាពនយោបាយ​ថ្មីនេះ សំណួរ​ចោទឡើង​ថា តើ​គណបក្ស​ NLD ដែល​គ្មាន​អាសនៈក្នុង​សភា ហើយ​ថែម​ទាំង​ត្រូវ​របបសឹក​រំលាយ​ចោល​ទៅហើយនោះ អាច​នឹង​មាន​តួនាទី​​អ្វី ក្នុង​រចនាសម្ព័ន្ធ​នយោបាយ​ថ្មី​របស់​ភូមា? តើ​លោកស្រី​អ៊ុង សាន ស៊ូជី អាច​ប្រើប្រាស់​ប្រជាប្រិយភាព​ និង​អំណាច​ដែល​ធ្លាប់មាន​ពីមុន ដើម្បី​ប្រមែប្រមូល​ក្រុមប្រឆាំង​​មកគ្រប់គ្រង​ជាក្រុម​តែមួយ​បានដែរ​ឬទេ? ប្រសិន​បើ​លោកស្រី​ពិតជាអាច​បង្រួបបង្រួម​ក្រុមប្រឆាំង និង​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាជន​បាន​ដូចពីមុន​ទៀត​មែន តើ​មេដឹកនាំ​ភូមា​ពិតជា​សុខចិត្ត​ទុក​បណ្តោយ​ឲ្យ​លោកស្រី​មាន​សេរីភាព​ធ្វើ​សកម្មភាព​នយោបាយ​ប្រឆាំង​នឹង​ពួកគេ​ដែរ​ឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI