ភូមា

លោកស្រី​អ៊ុងសានស៊ូជី​ជំរុញ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ភូមា​ឲ្យ​បន្ត​ធ្វើ​កំណែទម្រង់

លោកស្រី​អ៊ុង សានស៊ូជី ក្នុងពេល​ជួបជាមួយ​ប្រធានាធិបតី​អឺរ៉ុប នៅ​ព្រុចស៊ែល កាល​ពីថ្ងៃ​អាទិត្យ ២០ តុលា ២០១៣
លោកស្រី​អ៊ុង សានស៊ូជី ក្នុងពេល​ជួបជាមួយ​ប្រធានាធិបតី​អឺរ៉ុប នៅ​ព្រុចស៊ែល កាល​ពីថ្ងៃ​អាទិត្យ ២០ តុលា ២០១៣ REUTERS

កាលពីថ្ងៃ​ចន្ទ លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំ​ប្រឆាំង​ភូមា បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ក៏ដូចជា​មេដឹកនាំ​ផ្សេងទៀត​នៅលើពិភពលោក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ភូមា ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ។ លោកស្រី​បាន​ទាមទារ​ជា​ពិសេស​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​តាក់តែងឡើង​ដោយ​មេដឹកនាំ​យោធា​ភូមា។

ផ្សាយពាណិជ្ជកម្ម

លោកស្រី​ប្រមុខដឹកនាំ​ប្រឆាំង​ភូមា​ និង​ជា​ជ័យលាភីណូបែល​សន្តិភាព​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ នៅ​ក្នុង​ប្រទេស​លុចសំបួថា ដើម្បី​ឲ្យ​ភូមា​អាច​ធ្វើ​ដំណើរទៅដល់​ផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយបាន ភូមា​ចាំបាច់​ត្រូវ​តែ​បន្ត​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ហើយ​កំណែទម្រង់​​ស៊ីជម្រៅ និង​ពេញលេញ​មួយនេះ​អាច​ធ្វើ​ទៅបាន លុះត្រា​តែ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ពីព្រោះ​ថា រដ្ឋធម្មនុញ្ញ​នេះ​មិនស្រប​នឹង​គោលការណ៍​ប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​របស់​ភូមា​ត្រូវបាន​តាក់តែង​ឡើង ដោយ​របបសឹក ហើយ​ជា​ឧបសគ្គ​ដ៏ធំមួយ ដែល​រារាំង​លោកស្រី​អ៊ុង សានស៊ូជី មិន​ឲ្យ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី ដោយសារ​តែលោកស្រី​មាន​ស្វាមី និង​កូន ដែល​មាន​សញ្ជាតិ​បរទេស គឺ​សញ្ជាតិ​អង់គ្លេស។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញ​នេះ​ក៏​មាន​ចែង​ផងដែរថា ប្រមុខរដ្ឋ​ភូមា​ចាំបាច់​ត្រូវ​តែ​ជា​អ្នក​ដែល​មាន​បទពិសោធន៍​ខាង​យោធា។

លោកស្រី​អ៊ុង សានស៊ូជី បាន​អំពាវនាវ​ឲ្យ​​​សហភាព​អឺរ៉ុប​បង្ហាញ​នូវ​​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ អំពី​ភាព​ចាំបាច់​ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ។ លោកស្រី​ក៏​បាន​អំពាវនាវ​រក​ការ​គាំទ្រ​ផងដែរ​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែទម្រង់​ទាំងនេះ ដោយលោកស្រី​លើកឡើង​ថា មតិរបស់​សហគមន៍​អន្តរជាតិ​អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋាភិបាល​ភូមា​បច្ចុប្បន្ន ដែល​កំពុង​ស្វះស្វែង​ចង់​បាន​ជំនួយ និង​ការ​វិនិយោគ។

គួរបញ្ជាក់ថា លោកស្រី​អ៊ុង សានស៊ូជី បានធ្វើការ​អំពាវនាវ​អស់ទាំង​នេះ នៅ​ក្នុង​ពេលដែល​លោកស្រី កំពុង​ស្ថិត​ក្នុង​ប្រទេស​លុចសំបួ ដើម្បី​ជួប​ជាមួយ​នឹង​រដ្ឋមន្រ្តីការបរទេស នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប មុនពេលដែល​​លោកស្រី​ត្រូវ​ទៅ​ទីក្រុង​ Strasbourg ប្រទេស​បារាំង នៅថ្ងៃ​អង្គារ ដើម្បី​ទទួល​រង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ ​សាខារ៉ូហ្វ (Sakharov) ពី​សភា​អឺរ៉ុប។ ពានរង្វាន់សាខារ៉ូហ្វ ដែល​ជា​រង្វាន់​​ផ្នែក​សិទ្ធិមនស្ស​របស់​សហភាពអឺរ៉ុប ហើយ​ដែល​ត្រូវ​បាន​គេ​សម្រេច​ប្រគល់​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី តាំង​ពី​ ២៣ឆ្នាំ​មុន ក្នុង​ពេល​ដែល​លោកស្រី កំពុង​ជាប់ឃុំ​ក្នុង​ប្រទេស ហើយ​មិន​អាច​ធ្វើ​ដំណើរ​មក​ទទួល​រង្វាន់​នេះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI