ភូមា

លោកស្រី​​ស៊ូជី​ចាប់ផ្តើម​​​ថ្លែង​សន្ទរកថា​​​​​​​ពី​​​បញ្ហា​​​ជនជាតិ​​​រ៉ូហ៊ីងយ៉ា​​​

លោកស្រីអ៊ុងសាន ​​ស៊ូជី
លោកស្រីអ៊ុងសាន ​​ស៊ូជី Reuters/路透社

ប្រមុខការទូត​ភូមា អ៊ុងសាន ស៊ូជី ​បាន​​​​​លើកឡើង​ ​នៅ​ថ្ងៃចន្ទ​៥សីហា​នេះ ​នូវ​​​បញ្ហា​​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ​​រ៉ូហ៊ីងយ៉ា។ ​លោកស្រី​ស៊ូជី បាន​តែងតាំង​​អតីត​ប្រធាន​អង្គការ​សហប្រជាជាតិ កូហ្វ៊ី អាណាន់ ​អោយ​ដឹកនាំ​គណៈកម្មការទទួលបន្ទុក​ស្វែងរក​ដំណោះស្រាយ​​​បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ក្រុមអ្នក​ជាតិនិយម​ភូមា​​បាន​ប្រកាស​ត្រៀម​​ធ្វើ​បាតុកម្ម ​ថ្ងៃអង្គារ​៦សីហានេះ ​ប្រឆាំង​នឹង​ទស្សនកិច្ច​លោក​អាណាន់ នៅ​រដ្ឋរ៉ាក់ឃីន ភាគខាងលិច។ 

ផ្សាយពាណិជ្ជកម្ម

ថ្ងៃចន្ទ​នេះ​ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទទួលបន្ទុក​រកដំណោះស្រាយ​បញ្ហា​​​ជនជាតិ​​​រ៉ូហ៊ីងយ៉ា ​លោកស្រី​ស៊ូជី​បាន​ចាប់ផ្តើម​លើកនិយាយ​ដោយចំហ​ ​ពី​រឿងជនជាតិ​រ៉ូហ៊ីងយ៉ា តែ​ក៏​មិន​ហ៊ាន​​ប្រើពាក្យចំរហូត​ថា រ៉ូហ៊ីងយ៉ា​ដែរ ព្រោះ​វាជា​បញ្ហាតានតឹង​​​​នៅភូមា។ ​

លោកស្រីស៊ូជីបាន​​​លើកឡើង​ពីសិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​​រ៉ូហ៊ីងយ៉ា ​​តាម​​បែបប្រយោលថា ​ប្រជាជន​គ្រប់រូប​​​​​ត្រូវការ​សេរីភាព។ លោកស្រី​ស៊ូជី​ចង់សំដៅ​ន័យចំពោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ​១សែននាក់ ដែល​កំពុង​ភៀសខ្លួន តាមជំរំ​ភាគខាងលិច​ប្រទេស ក្រោយ​មា​នហិង្សា​សហគមន៍ឆ្នាំ២០១២។

លោកស្រី​ស៊ូជីលើកឡើង​ទៀតថា លោក​កូហ្វ៊ី អាណាន់ ដែលជា​អតីត​ប្រធាន​អង្គការ​សហប្រជាជាតិ​នឹងជួយ​ភូមា​អោយ​បិទ​ដំបៅ​របួស។ លោក​កូហ្វ៊ី អាណាន់ ត្រូវ​​​បាន​តែងតាំង​​ អោយ​ដឹកនាំ​គណៈកម្មការ​​រកដំណោះស្រាយ​ជួយ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​តំបន់​អារ៉ាខាន់ ភាគខាងលិច។ ​លោក​បាន​មកដល់ភូមា ថ្ងៃ​៣កញ្ញា​កន្លងទៅ។ ថ្ងៃអង្គារ​នេះ ​លោក​អាណាន់ ​ត្រូវ​ធ្វើដំណើរ​ទៅដល់​​​រដ្ឋរ៉ាក់ឃីន។ ​ ​ដូចលោកស្រី​ស៊ូជីដែរ លោក​​អាណាន់​មិនហ៊ាន​ពោល​ពាក្យ​ថា ​រ៉ូហ៊ីងយ៉ា ទេ។

ជារឿយៗ គេតែង​រិះគន់​លោកស្រីស៊ូជី ថា​ធ្វើមិនដឹង​លឺ​រឿង​អ្នក​​កាន់សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា ដែល​​រងការ​រើសអើង ធ្វើបាប ​​​​ពីសំណាក់​​ក្រុមពុទ្ធសាសនិក​ជ្រុលនិយម​ក្នុងស្រុក។ អ៊ុងសាន ស៊ូជី​មិនហ៊ាន​លើកឡើង​ពី​ជនជាតិ​រ៉ូហ៊ីងយ៉ា ក៏ដោយសារខ្លាច​ប្រជាជន​មិនបោះឆ្នោត​អោយ​បក្ស​លោកស្រី ឡើង​កាន់អំណាច​។ តែ​ពេលនេះ បក្ស​លោកស្រី​បានឡើង​កាន់កាប់​ភូមាហើយ ដូច្នេះ លោកស្រី​ក៏អាច​លើកឡើង​ពីបញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា​​បានខ្លះដែរ។

ជនជាតិ​រ៉ូហ៊ីងយ៉ា រស់នៅ​ភូមា​រាប់ទសវត្ស​ហើយ។ ​​ប្រជាជន​ភូមា ចាត់ទុក​ពួកគេ​ថា ជា​ជនភៀសខ្លួន​បង់ក្លាដែស​ខុសច្បាប់។ ដោយសារ​គ្មាន​ឯកសារ​អត្តសញ្ញាណ គ្មាន​សញ្ជាតិ​ភូមា ប្រជាជន​រ៉ូហ៊ីងយ៉ា​​មិន​បាន​ទទួលការព្យាបាល​ ​ការអប់រំសិក្សា រឺការងារធ្វើ​ទេ។ កាលពី​ចុងខែ​សីហា​មុននេះ ​ប្រធាន អង្គការ​​សហប្រជាជាតិ​បាន់ គីមូន បាន​សុំអោយ​រដ្ឋាភិបាល​ភូមាផ្តល់សញ្ជាតិភូមា​​ដល់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI