លោកអាសាដថាការវាយប្រហារដោយប្រើអាវុធគីមីជារឿងប្រឌិតឡើងទាំងស្រុងដោយលោកខាងលិច
ចុះផ្សាយនៅថ្ងៃ៖
លោកបាស្ហាអាល់អាសាដ ប្រមុខដឹកនាំស៊ីរី បានផ្តល់បទសម្ភាសន៍មួយដល់ទីភ្នាក់ងារបារាំងអាអែហ្វប៉េ កាលពីថ្ងៃពុធ ដោយលើកឡើងថា ការវាយប្រហារដោយប្រើអាវុធគីមីកាលពីថ្ងៃអង្គារសប្តាហ៍មុន គឺជារឿងប្រឌិត ១០០% ដោយប្រទេសលោកខាងលិច ដើម្បីយកធ្វើជាលេសបើកការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលស៊ីរី។ លោកហ្សង់ម៉ាក់ អេរ៉ូ រដ្ឋមន្រ្តីការបរទេសបារាំង បានឆ្លើយតបទៅវិញថា អ្វីដែលលោកអាសាដលើកឡើង គឺជាការភូតកុហក ១០០%។
កាលពីថ្ងៃអង្គារ ទី៤ មេសា ២០១៧ ជនស៊ីវិលយ៉ាងតិច ៨៧នាក់ ក្នុងនោះរួមមានទាំងកុមារ ៣១នាក់ផងត្រូវស្លាប់ នៅក្នុងការវាយប្រហារដោយអាវុធគីមី ដែលគេចោទថាជាទង្វើរបស់កងកម្លាំងលោកអាសាដ។ ៣ថ្ងៃក្រោយមក នៅថ្ងៃទី៧ មេសា លោកដូណាល់ត្រាំបានចេញបញ្ជាឲ្យកងទ័ពអាមេរិកបាញ់មីស៊ីល ៥៩គ្រាប់ វាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី។
ស៊ីរី ក៏ដូចជារុស្ស៊ីដែលជាខ្នងបង្អែក តែងតែបានបដិសេធការចោទប្រកាន់របស់អាមេរិក និងសម្ព័ន្ធមិត្ត ហើយនៅថ្ងៃពុធកន្លងទៅនេះ លោកបាស្ហាអាល់អាសាដ ដោយផ្ទាល់បានចេញមុខបដិសេធ តាមរយៈបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារព័ត៌មានបារាំងអាអែហ្វប៉េ។
លោកអាសាដបានលើកឡើងថា លោកមិនបានចេញបទបញ្ជាណាមួយឲ្យវាយប្រហារដោយអាវុធគីមីនោះទេ ហើយថា ស៊ីរី “ក៏លែងមានអាវុធគីមីណាសល់នៅក្នុងដៃទៀតដែរ » ពីព្រោះថា ស៊ីរីបានបោះបង់ចោលទាំងអស់នូវរាល់អាវុធគីមីរបស់ខ្លួន តាំងពី៣ឆ្នាំមុនម៉្លេះ។ ផ្ទុយទៅវិញ បើតាមលោកអាសាដ អ្វីដែលបានកើតឡើង “គឺជាការប្រឌិតឡើង ១០០% ដោយប្រទេសលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក ដើម្បីបានជាលេសបើកការវាយប្រហារមកលើស៊ីរី”។
លោកហ្សង់ម៉ាក់ អេរ៉ូ រដ្ឋមន្រ្តីការបរទេសបារាំង ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន បានលើកឡើង នៅថ្ងៃសុក្រនេះថា លោកបានឮពីបទសម្ភាសន៍របស់លោកអាសាដ ហើយថា អ្វីដែលលោកអាសាដបានលើកឡើង “គឺជាការភូតកុហក ១០០%”។ អ្វីដែលជាការពិតជាក់ស្តែង គឺអំពើឃោរឃៅដែលកើតឡើងនៅស៊ីរី “ដែលបានសម្លាប់មនុស្សរហូតដល់ទៅជាង ៣០ម៉ឺននាក់ និងបង្ខំឲ្យមនុស្សប្រមាណជា ១១លាននាក់ផ្សេងទៀតត្រូវបង្ខំចិត្តរត់ភៀសខ្លួនចោលផ្ទះសម្បែង។
លោកប្រមុខការទូតបារាំងក៏បានបន្ថែមផងដែរថា ដើម្បីបញ្ចប់សោកនាដកម្មទាំងនេះ គឺចាំបាច់ត្រូវតែបង្កើតឲ្យមាននូវ “បទឈប់បាញ់ពិតប្រាកដ” ដែលតម្រូវឲ្យកងកម្លាំងស៊ីរីបញ្ឈប់ទាំងស្រុងនូវការវាយប្រហារតាមផ្លូវអាកាស ហើយថា បទឈប់បាញ់នេះចាំបាច់ត្រូវតែធ្វើឡើង “ដោយមានការត្រួតពិនិត្យពីសំណាក់សហគមន៍អន្តរជាតិ”។
លោកវ៉ាង អ៊ី រដ្ឋមន្រ្តីការបរទេសចិន ដែលថ្លែងនៅក្នុងសន្និសីទរួមជាមួយលោកហ្សង់ម៉ាក់ អេរ៉ូ ក៏បានលើកឡើងផងដែរ ពីជំហររបស់ចិន ដែលគាំទ្រការស្វែងរកបទឈប់បាញ់នៅស៊ីរី។ លោកបានលើកឡើងថា ចិននឹងសហការជាមួយបារាំង “ដើម្បីស្វែងរកបទឈប់បាញ់ និងការផ្សះផ្សាជាតិ” នៅស៊ីរី។ ទាក់ទងនឹងការប្រើអាវុធគីមីវិញ លោកវ៉ាង អ៊ី បានស្នើឲ្យបើកធ្វើយ៉ាងឆាប់តាមតែអាចធ្វើទៅបាន នូវការស៊ើបអង្កេតឯករាជ្យនិងយុត្តិធម៌ ដើម្បីជម្រះរាល់មន្ទិលសង្ស័យជុំវិញរឿងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ