ភេរវកម្មអត្តឃាតផ្ទុះឡើងលឿនជាងដំណោះស្រាយតាមផ្លូវការទូត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានស្លាប់យ៉ាងហោចណាស់ ១៦នាក់ នៅថ្ងៃសៅរ៍នេះ ក្នុងការបំផ្ទុះភេរវកម្មអត្តឃាត នៅជាយក្រុងដាម៉ាស ខណៈដែលបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកដោះស្រាយវិបត្តិស៊ីរី លោក ដាក់ឡារ ប្រាហ៊ីមី ផ្តើមបំពេញទស្សនកិច្ចមួយជុំនៅតំបន់ដើមបូព៌ា ដើម្បីត្រៀមរៀបចំសន្និសីទអន្តរជាតិក្រុងហ្សឺណែវ។
ប្រមុខការទូតសហរដ្ឋអាមេរិក នឹងអញ្ជើញទៅអង់គ្លេសជាថ្មី ដើម្បី ជួបប្រជុំជាមួយក្រុមប្រទេសជាមិត្តស៊ីរីនៅក្រុងឡុងដ៏។ ចំណែក លោកឡាក់ដារ ប្រាហ៊ិមី អន្តរការីពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការស៊ីរី ត្រូវអញ្ជើញទៅដល់ក្រុងគែរនៅថ្ងៃនេះ បន្ទាប់មកនឹងបន្តទៅក្រុងដាម៉ាស រួចក្រុងតេអេរ៉ង់ ដើម្បីត្រៀមរៀបចំបើកសន្និសីទអន្តរជាតិមួយ ឱ្យបាននៅខែក្រោយ។
ប៉ុន្តែជាកិច្ចដ៏ស្មុគស្មាញព្រោះភាគីបក្សដិបក្សនៅតែប្រទាំងប្រទើសគ្នាចំពោះវត្តមានរបស់ប្រធានាធិបតីស៊ីរី បាស្ហារ អាល់អាសាទ ក្នុងរដ្ឋាភិបាលអន្តរកាល។ ឯស្ថានភាពមនុស្សធម៌កាន់តែដុនដាបខ្លាំងឡើង ! ភេរវកម្មអត្តឃាតបំផ្ទុះរថយន្ត បានផ្ទុះឡើង តាំងពីព្រលឹមអុល នៅជាយក្រុងដាម៉ាស បន្តដោយការវាយប្រហារប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅរវាងកម្លាំងទាហានរដ្ឋាភិបាល និងក្រុមអ្នកប៉ះបោរប្រដាប់អាវុធ។ បើតាមក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្ស ភេរវកម្មនេះជាស្នាដៃរបស់ពួករណសិរ្សអាល់ណូស្រា ស្និទ្ធនឹងអាល់កៃដា និងបង្កឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។
ប្រជាជនស៊ីវិល ត្រូវរស់ក្នុងស្ថានភាពដ៏លំបាកលំបិន គ្មានស្បៀងអាហារ គ្មានថ្នាំសង្កូវ ព្រោះរដ្ឋាភិបាលក្រុងដាម៉ាសបានបិទផ្លូវមិនអនុញ្ញាតឱ្យក្រុងមនុស្សធម៌ចូលជួយ។ ការសាកល្បងរកដំណោះស្រាយតាមផ្លូវការទូត ទើបត្រូវលើកនិយាយមកវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នាលើការកម្ទេចអាវុធគីមីស៊ីរី ដោយប្រគល់ បន្ទុកកម្ទេចនិងអធិការកិច្ចទៅឱ្យអង្គការទទួលបន្ទុកហាមឃាត់អាវុធគីមី។ ហើយនៅថ្ងៃនេះ រុស្ស៊ីបានរំលេចនូវការមិនចុះសម្រុងមួយជាមួយនឹងសហរដ្ឋអាមេរិក ដែលចង់បញ្ជូនអាវុធគីមីស៊ិរីចេញពីតំបន់តាមនាវា។ សម្រាប់រុស្ស៊ីសំណើនេះមានលក្ខណៈឆាប់រហ័សពេកហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ