ផ្ទុះកក្រើកមូលដ្ឋានទ័ពស៊ីរីនៅក្រុងដាម៉ាស់ទំនងជាកើតចេញពីការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេងផ្ទុះលាន់ឮកក្រកើកមេឃ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ នៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ឃើញមានការពន្យល់ណាមួយ ពីសំណាក់រដ្ឋាភិបាលស៊ីរីនៅឡើយទេ ក៏ប៉ុន្តែ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា សំឡេងផ្ទុះនេះ គឺកើតចេញពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់អ៊ីស្រាអែល។
បើយោងតាមការអះអាងរបស់ក្រុមហេសបូឡា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល គឺសំដៅទៅលើឃ្លាំងស្តុកប្រេង និងអាវុធ នៅក្នុងមូលដ្ឋានទ័ពស៊ីរី ដែលស្ថិតនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់។ ក៏ប៉ុន្តែ ក្រុមហេសបូឡាមិនបានបញ្ជាក់ឲ្យដឹងទេថា តើឃ្លាំងស្តុកអាវុធដែលរងការវាយប្រហារនេះ ជាឃ្លាំងរបស់ពួកគេ ឬក៏ជាឃ្លាំងរបស់កងទ័ពស៊ីរី។
គួរបញ្ជក់ថា ក្រុមហេសបូឡា គឺជាចលនានយោបាយ និងប្រដាប់អាវុធអ៊ីស្លាមនៅលីបង់ តែជាសម្ព័ន្ធមិត្តរបស់របបដឹកនាំរបស់បាស្ហាអាល់អាសាដ និងអ៊ីរ៉ង់ ហើយបច្ចុប្បន្ននេះ ក្រុមប្រដាប់អាវុធហេសបូឡាកំពុងតែមានវត្តមាននៅក្នុងប្រទេសស៊ីរី ដើម្បីជួយកងទ័ពលោកអាសាដ ក្នុងសង្រ្គាមទល់នឹងក្រុមឧទ្ទាមគាំទ្រដោយលោកខាងលិច។
ចាប់តាំងពីសង្រ្គាមស៊ីវិលស៊ីរីផ្ទុះឡើងមក អ៊ីស្រាអែលធ្លាប់បានបើកការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើករួចមកហើយ ទៅលើទីតាំងមួយចំនួន នៅក្នុងទឹកដីស៊ីរី ដោយអ៊ីស្រាអែលអះអាងថា ជាការវាយប្រហារសំដៅរារាំងកុំឲ្យក្រុមហេសបូឡានាំយកអាវុធពីអ៊ីរ៉ង់ឆ្លងកាត់ប្រទេសស៊ីរី ចូលទៅក្នុងទឹកដីលីបង់ ដើម្បីទុកវាយប្រហារលើអ៊ីស្រាអែល។ អ៊ីស្រាអែល និងលីបង់ ដែលបានផ្ទុះសង្រ្គាមនឹងគ្នា កាលពីឆ្នាំ២០០៦ ហើយដែលរហូតមកទល់នឹងពេលនេះ កំពុងបន្តស្ថិតក្នុងស្ថានភាពសង្រ្គាមនៅឡើយ ដោយសារតែភាគីទាំងពីរមិនទាន់ចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅឡើយ។
ទាក់ទងនឹងការផ្ទុះនៅក្បែរព្រលានយន្តហោះក្រុងដាម៉ាស់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនបានធ្វើការបញ្ជាក់ថាជាស្នាដៃរបស់ខ្លួននោះទេ ក៏ប៉ុន្តែ ប្រមុខចារកិច្ចអ៊ីស្រាអែលបានលើកឡើងថា ការវាយប្រហារទៅលើទីតាំងហេសបូឡាក្នុងទឹកដីស៊ីរី ដូចជានៅមូលដ្ឋានទ័ពក្បែរក្រុងដាម៉ាស់នេះជាដើម គឺស្របទៅនឹងនយោបាយរបស់អ៊ីស្រាអែល។៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ