ស៊ីរីហាមលែងឲ្យយន្តហោះស៊ីវិលតួកគីហោះកាត់ដែនអាកាស
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលស៊ីរីបានប្រកាសថា ចាប់ពីថ្ងៃអាទិត្យនេះទៅ យន្តហោះស៊ីវិលមិនអាចហោះកាត់ដែនអាកាសរបស់ស៊ីរីទៀតបានទេ។ បម្រាមនេះត្រូវបានដាក់ចេញ ក្រោយពីតួកគីបានស្ទាក់ចាប់យន្តហោះស៊ីវិលរបស់ស៊ីរី ដែលហោះកាត់ដែនអាកាសតួកគី ដោយរដ្ឋាភិបាលតួកគីចោទថាជាយន្តហោះដឹកគ្រឿងសព្វាវុធពីរុស្ស៊ី ទៅឲ្យរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដ។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលតួកគីបានអំពាវនាវឲ្យធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដើម្បីដោះស្រាយវិបត្តិស៊ីរី។
យោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរី ការដែលរដ្ឋាភិបាលស៊ីរីសម្រេចបិទដែនអាកាសមិនឲ្យយន្តហោះស៊ីវិលរបស់តួកគីឆ្លងកាត់នេះ គឺជាការវិធានការ ដើម្បីតបតទៅនឹងទង្វើរបស់រដ្ឋាភិបាលតួកគី ដែលបានស្ទាក់ចាប់ និងរឹបអូសទំនិញលើយន្តហោះស៊ីវិលរបស់ស៊ីរី កាលពីប៉ុន្មានថ្ងៃមុន។ ក៏ប៉ុន្តែ មែនទែនទៅ រដ្ឋាភិបាលតួកគីបានប្រាប់ទៅក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ឲ្យឈប់ហោះកាត់ដែនអាកាសស៊ីរី តាំងពីថ្ងៃដែលតួកគីស្ទាក់ចាប់យន្តហោះស៊ីរីនោះម៉្លេះ ដោយបញ្ជាក់ថា ដែនអាកាសស៊ីរីលែងមានសុវត្ថិភាពសម្រាប់យន្តហោះស៊ីវិលតួកគីទៀតហើយ។
កាលពីម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ ដែលទៅបំពេញទស្សនកិច្ចនៅតួកគី បានបញ្ជាក់ពីជំហរគាំទ្រតួកគី ដែលជាសម្ព័ន្ធមិត្តក្នុងអង្គការអូតង់ ក៏ប៉ុន្តែ ជាមួយគ្នាក៏បានអំពាវនាវផងដែរឲ្យតួកគីមានការអត់ធ្មត់ជាអតិបរមា ដើម្បីកុំឲ្យជម្លោះជាមួយស៊ីរីនេះ រាលដាលទៅជាសង្រ្គាម។ ចំពោះរឿងស្ទាក់ចាប់ និងរឹបអូសទំនិញលើយន្តហោះស៊ីរីនោះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ក៏បានថ្លែងគាំទ្រតួកគីដែរ បើទោះជាការស្ទាក់ចាប់យន្តហោះនោះ បាននាំឲ្យរុស្ស៊ីផ្ទុះកំហឹងក៏ដោយ។
នៅក្នុងការវាយប្រហារដោយប្រយោលទៅលើរុស្ស៊ី នាយករដ្ឋមន្រ្តីតួកគីបានអំពាវនាវ កាលពីថ្ងៃសៅរ៍ម្សិលមិញ ឲ្យមានការធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ដោយលើកឡើងថា “ប្រសិនបើយើងនៅតែចាំការយល់ព្រមពីសមាជិកអចិន្រ្តៃយ៍មួយ ឬពីរ បែបនេះ ជោគវាសនារបស់ប្រជាជនស៊ីរីប្រាកដជានឹងត្រូវធ្លាក់ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ”។ គួររំឭកឡើងវិញថា ក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ទាំង ៥ រុស្ស៊ី និងចិន បានប្រើសិទ្ធិវ៉េតូរហូតដល់ទៅ ៣លើក ទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ជុំវិញវិបត្តិស៊ីរី។ នាយករដ្ឋមន្រ្តីតួកគី គឺលោក Erdogan បានរិះគន់ថា “អសមត្ថភាពក្នុងការដោះស្រាយវិបត្តិស៊ីរី កំពុងតែធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខបាត់បង់ធម្មានុរូបភាព”។
នៅក្នុងប្រទេសស៊ីរីឯណោះវិញ ទាហានឧទ្ទាម និងអង្គការការពារសិទ្ធិមនុស្ស បានអះអាងថា កាលពីម្សិលមិញនេះ ក្រុមឧទ្ទាមបានវាយដណ្តើមកាន់កាប់ទីតាំងការពារដែនអាកាសចំនួន ២កន្លែង និងបានបាញ់ទម្លាក់យន្តហោះចម្បាំង ធុន MiG ១គ្រឿងរបស់ទាហានរដ្ឋាភិបាល។ ក៏ប៉ុន្តែ មិនមានប្រភពឯករាជ្យណាមួយ ដែលអាចបញ្ជាក់ឲ្យបានច្បាស់លាស់ ជុំវិញការអះអាងទាំងនេះទេ។
ចំណែកអង្គការសិទ្ធិមនុស្ស Human Rights Watch វិញ បានចោទទាហានរដ្ឋាភិបាលរបស់លោកបាស្ហា អាល់អាសាដថា បានប្រើគ្រាប់បែកចង្កោម ទម្លាក់ទៅលើទីប្រជុំជន។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក គ្រាប់បែកចង្កោម ជាប្រភេទគ្រាប់ ដែលត្រូវគេហាមឃាត់ជាទូទៅ ក៏ប៉ុន្តែ ស៊ីរីមិនបានផ្តល់សច្ចាប័នលើអនុសញ្ញាគ្រាប់បែកចង្កោមនេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ