សន្និសីទក្រុងហ្សឺណែវស្តីពីស៊ីរី ទំនងត្រូវលើកពេលជាថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សន្និសីទក្រុងហ្សឺណែវស្តីពីវិបត្តិស៊ីរី ឬហៅថា ហ្សឺណែវ២ ដែលគ្រោងធ្វើនៅពាក់កណ្តាលវិច្ឆិកាខាងមុខ នឹងស្លាប់មុនកើតទៀតឬយ៉ាងណា ?! ក្រុមប្រឹក្សាជាតិស៊ីរី ដែលជាតំណាងបក្សប្រឆាំងស៊ីរីដ៏សំខាន់ បានប្រកាសនៅថ្ងៃអាទិត្យម្សិលម្ង៉ៃ មិនចូលរួមក្នុងសន្និសីទអន្តរជាតិនេះទេ។ ចំណែកឯក្រុមប្រទេសមហាអំណាចវិញ នៅតែបន្តចូកផងចែវផងរកដំណោះស្រាយ។ ប្រមុខការទូតអាមេរិក លោក ចន ឃែរី នៅថ្ងៃម្សិលមិញបានជួបពិភាក្សាជាមួយអន្តរការីពិសេសរបស់អង្គការសហប្រជាជាតិ លោក ឡាក់ដារ ប្រាហ៊ិមី នៅទីក្រុងឡុងដ៍។
យើងបានព្រមព្រៀងគ្នាថាគ្មានទេដំណោះស្រាយតាមផ្លូវយោធា នៅស៊ីរី! ដូច្នេះវាជាការបន្ទាន់ណាស់ដែលរៀបចំសន្និសីទអន្តរជាតិក្រុងហ្សឺណែវ ! នេះជាប្រសាសន៍របស់លោក ចន ឃែរី ក្រោយជំនួបជាមួយនឹងតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយវិបត្តិស៊ីរី លោក ឡាក់ដារប្រាហ៊ិមី។ បើតាមលោកប្រមុខការទូតអាមរិកដដែល លោក បាស្ហារ អាល់អាសាទបានបាត់បង់ភាពជាបង្រួមបង្រួបជាតិស្របច្បាប់ ដូច្នេះការរៀបចំរដ្ឋាភិបាលអន្តរកាល និងស្វែងរកមេដឹកនាំថ្មីឱ្យស៊ីរី ជាការចាំបាច់។
ក៏ប៉ុន្តែនៅមុខនេះមួយថ្ងៃ ភាពប្រេះឆានៅក្នុងរង្វង់បក្សប្រឆាំងបានផ្ទុះឡើង ! ក្រុមប្រឹក្សាជាតិស៊ីរី បានប្រកាសនៅថ្ងៃអាទិត្យមិនចូលរួមក្នុងសន្និសីទអន្តរជាតិក្រុងហ្សឺណែវ គ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខទេ។ ការបដិសេធនេះប្រៀបបានទៅនឹងការវាយប្រហារបំបែកជំនឿលើការចរចា ផ្តួចផ្តើមឡើងដោយរុស្ស៊ីនិងអាមេរិក។ រុស្ស៊ី សម្ព័ន្ធមិត្តក្រុងដាម៉ាស ដែលភ្លាមមួយរំពេច បានអំពាវនាវឱ្យសហរដ្ឋអាមេរិកទៅបញ្ចុះបញ្ចូលបក្សប្រឆាំងស៊ីរីឱ្យប្តូរជំហរ។
សូមបញ្ជាក់ថាគំនិតផ្តួចផ្តើម ដោយប្រមុខការទូតរុស្ស៊ី និងអាមេរិក ធ្វើសន្និសីទអន្តរជាតិក្រុងហ្សឺណែវ ដើម្បីបិទបញ្ចប់វិបត្តិរ៉ាំរ៉ៃនៅស៊ីរីដែលមានភាគីបក្សប្រឆាំង និងតំណាងរដ្ឋាភិបាល ចូលរួម កើតមានតាំងពីខែឧសភា ប៉ុន្តែការរៀបចំប្រជុំតែងត្រូវលើកពេលទៅវិញ ជាច្រើនលើកច្រើនសា ព្រោះតែភាគីបក្សដិបក្ស ទាំងរុស្ស៊ី ទាំងបស្ចឹមលោក គ្មានការព្រមព្រៀងលើកម្មវត្ថុ និងលើសមាភាពអ្នកចូលរួមប្រជុំ។ ហ្សឺណែវ២ ត្រូវសិក្សាលើចំណុចព្រមព្រៀងអន្តរជាតិស្តីពីការបង្កើតរដ្ឋាភិបាលអន្តរកាលនៅស៊ីរី ចុះហត្ថលេខាកាលពីថ្ងៃទី៣០ខែមិថុនា ២០១២ នាទីក្រុងហ្សឺណែវ (ហ្សឺណែវ១) ប៉ុន្តែពុំដែលបានអនុវត្តសោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ