រដ្ឋាភិបាលស៊ីរីលេងស្នៀត ដកថយផង និងវាយប្រហារផង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃអង្គារទី ១០មេសានេះ ជាថ្ងៃកំណត់ដែលរដ្ឋាភិបាលស៊ីរីត្រូវដកកងទ័ពរបស់ខ្លួនចេញឲ្យអស់ពីទីក្រុងនានា នៅប្រទេសស៊ីរី ដើម្បីបញ្ឈប់អំពើហិង្សា ទៅតាមផែនការស្នើឡើងដោយលោកកូហ្វី អាណាន់ប្រេសិតរបស់អង្គការសហប្រជាជាតិ។ នៅថ្ងៃទី ២ មេសា ប្រធានាធិបតីស៊ីរី លោកBachar al Assad បានសន្យា កំណត់យកថ្ងៃអង្គារ ទី ១០មេសា ធ្វើជាថ្ងៃដកកងទ័ពពីទីក្រុង។ រដ្ឋមន្រ្តីការបរទេសស៊ីរីបានធ្វើសន្និសីទកាសែត ជាមួយប្រមុខការទូតរុស្ស៊ី នៅទីក្រុងម៉ូស្គូ នៅថ្ងៃអង្គារនេះ ថា រដ្ឋាភិបាលស៊ីរីបានដកកងទ័ពបណ្តើរៗចេញពីខេត្តមួយចំនួន។
នៅថ្ងៃចន្ទ ទី ៩ មេសា អំពើហិង្សា បានសម្លាប់មនុស្សជិត១០០នាក់ នៅប្រទេសស៊ីរី។ ជនរងគ្រោះភាគច្រើនជាជនស៊ីវិល។ តាមក្រុមអ្នកប្រឆាំង និងអង្គការការពារសិទ្ធិមនុស្សវិញ នៅកន្លែងកើតហេតុផ្ទាល់ គេមិនឃើញរដ្ឋាភិបាលដកអាវុធធុនធ្ងន់ និងរថក្រោះចេញពីទីក្រុងទេ។ នៅព្រឹកព្រលឹម ថ្ងៃអង្គារនេះ ដែលជាថ្ងៃកំណត់ឈប់បាញ់ ទាហានរដ្ឋាភិបាល នៅតែ ប្រើរថក្រោះបាញ់ផ្លោង នៅខេត្តalep ដែលស្ថិតនៅភាគខាងជើងស៊ីរី ក្បែរព្រំដែនជាមួយប្រទេសលីបង់។
ការបាញ់ប្រហារទៅលើក្រុមប្រឆាំង មានកាន់តែសន្ធឹក ចាប់តាំងពីថ្ងៃទី ២មេសា ជាថ្ងៃដែល លោក ប្រធានាធិបតី Bachar al Assadយល់ព្រមទទួលយកផែនការសន្តិភាពរបស់លោកកូហ្វី អាណាន់។ ជារួម ក្នុងរយៈពេល ៨ថ្ងៃ គិតពីថ្ងៃទី ២ ដល់ថ្ងៃទី ១០ ដែលជាថ្ងៃ កំណត់ដកកងទ័ព ទាហានរដ្ឋាភិបាលស៊ីរីបានសម្រុកវាយប្រហារ ទៅលើទីក្រុងសំខាន់ៗ ដែលសម្បូរដោយក្រុមប្រឆាំង។ ដោយលោក Bachar al Assad សង្ឃឹមថា ក្នុងរយៈពេល ៨ថ្ងៃ ខ្លួននឹងទទួលជ័យជំនះលើក្រុមប្រឆាំងបះបោរស៊ីរី។
កាលពីថ្ងៃចន្ទម្សិលមិញ គឺនៅមួយថ្ងៃមុន ថ្ងៃកំណត់ដកកងទ័ពទៅតាមផែនការស្នើឡើងដោយលោកកូហ្វី អាណាន់ របបស៊ីរីបានទាមទារឲ្យអង្គការសហប្រជាជាតិដាក់សម្ពាធលើក្រុមប្រឆាំង។ រដ្ឋាភិបាលស៊ីរីនិយាយថា ខ្លួនព្រមដកទ័ព ចេញពីទីក្រុងHoms ឬHamaដរាបណាក្រុមចលនាទាហានស៊ីរីសេរី ព្រមសរសេរលាយល័ក្ខអក្សរថា ខ្លួនព្រមទម្លាក់អាវុធ ហើយប្រទេសកាតារ និងអារ៉ាប៊ី សាអ៊ូឌីតសន្យាលែងផ្តល់អាវុធដល់ក្រុមប្រឆាំងស៊ីរីតទៅទៀត។
គួរដឹងថា កន្លងមក ចលនាទាហានស៊ីរីសេរី បានយល់ព្រមតាមផែនការសន្តិភាពរបស់លោកកូហ្វី អាណាន់ គឺគេបញ្ឈប់បាញ់តបតរដ្ឋាភិបាល ប៉ុន្តែ ក្រុមប្រឆាំងបានបដិសេធដាច់អហង្ការមិនចរចាជាមួយរដ្ឋាភិបាល ហើយក៏មិនព្រមធ្វើលិខិតទៅតាមការទាមទាររបស់របបស៊ីរីដែរ។
នៅថ្ងៃចន្ទម្សិលមិញ គឺនៅមួយថ្ងៃមុនការកំណត់ឈប់បាញ់ មានដំណឹងថា មានមនុស្សជិត១០០នាក់បានស្លាប់ នៅក្នុងការវាយប្រហាររបស់រដ្ឋាភិបាល។ ចំណែក អង្គការការពារសិទ្ធិមនុស្សបានលើកឡើងពីការសម្លាប់រង្គាល និងផ្តាច់ពូជរបស់ទាហានរដ្ឋាភិបាលលោក Bachar al Assad ទៅលើយុវជនដែលជាក្រុមប្រឆាំង។ រហូតមកដល់ថ្ងៃនេះ មានមនុស្សជាង ៩ពាន់នាក់ដែលស្លាប់បាត់បង់ជីវិត នៅស៊ីរី។
បើលោកកូហ្វី អាណាន់បរាជ័យ ស៊ីរីនឹងនៅត្រាំត្រែង ក្នុងសង្រ្គាមស៊ីវិល
សហគមន៍អន្តរជាតិជ្រើសរើសការចរចាផ្នែកការទូតដើម្បីដោះស្រាយបញ្ហាស៊ីរី ដោយបានជ្រើសតាំងលោកកូហ្វី អាណាន់ ឲ្យធ្វើជាបេសកជនរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់ ចូលទៅដោះស្រាយដោយផ្ទាល់ជាមួយប្រធានាធិបតីស៊ីរី។ គេយកនយោបាយការទូត ដោយបដិសេធមិនប្រើកម្លាំងទ័ព។ អាមេរិកផ្ទាល់បានបដិសេធជម្រើសអន្តរាគមន៍ទ័ពបរទេស ជាពិសេសរបស់អូតង់ ទៅក្នុងទឹកដីស៊ីរី ដូចដែលគេបានធ្វើនៅក្នុងបដិវត្តន៍លីប៊ី។ ជម្រើសនេះ ដោយពិតទៅ មិនអាចធ្វើបានទៅទៀត ដោយសារតែមានរុស្ស៊ី ចិន ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរីបានធ្វើវេតូម្តង ជាពីរដង។
រុស្ស៊ី និងចិន បានប្រឆាំងនឹងអន្តរាគមន៍បរទេសក្នុងប្រទេសស៊ីរី។ រុស្ស៊ីមិនចង់របូតបាត់ ស៊ីរីដែលជាអតិថិជនទិញអាវុធ និងជាមិត្តតែមួយ ដែលខ្លួននៅសេសសល់ នៅតំបន់ដើមបូព៌ាទេ។ ប៉ុន្តែ រុស្ស៊ី និងចិន ដែលទទួលការរិះគន់ពីអ្នកនយោបាយក្នុងស្រុក និងអន្តរជាតិ បានដូរជំហរបន្តិចវិញ ដោយចេញមុខគាំទ្រផែនការសន្តិភាពរបស់លោកកូហ្វី អាណាន់ និងជំរុញឲ្យភាគីទាំងពីរ គឺរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងចូលចរចាជាមួយគ្នា នៅក្រោយបទឈប់បាញ់ រយៈពេល ៤៨ម៉ោង គិតចាប់ពីថ្ងៃអង្គានេះ។ លោកកូហ្វី អាណាន់ ពេលនេះកំពុងប្រឹងប្រែងនៅនាទីចុងក្រោយដើម្បីស្រោចស្រង់ផែនការសន្តិភាពរបស់គាត់។ គឺបន្ទាប់ពីរុស្ស៊ីនិងចិន លោកនឹងទៅប្រទេសអ៊ីរ៉ង់ នៅថ្ងៃស្អែកដើម្បីនិយាយជាមួយថ្នាក់ដឹកនាំប្រទេសនេះ ឲ្យបញ្ចុះបញ្ចូលរដ្ឋាភិបាលស៊ីរី ឲ្យបញ្ឈប់អំពើហិង្សា។ អ៊ីរ៉ង់ដែលជិតស្និទ្ធនឹងរដ្ឋាភិបាលស៊ីរី ត្រូវអាមេរិកចោទថា ផ្តល់អាវុធទៅឲ្យស៊ីរី។
ប៉ុន្តែ បើលោកកូហ្វី អាណាន់បរាជ័យមិនអាចឲ្យរដ្ឋាភិបាលស៊ីរីបញ្ចប់អំពើហិង្សាបានទេ ហើយ ប្រជាជនស៊ីវិលនៅតែបន្តស្លាប់រងគ្រោះក្នុងអំពើហិង្សា នោះ សហគមន៍អន្តរជាតិនឹងរិះរកមធ្យោបាយមួយទៀត។ ពេលនោះ អន្តរាគមន៍យោធា គឺជាជម្រើសដែលគេយកមកគិតពិចារណាឡើងវិញ។ បណ្តាប្រទេសអារ៉ាប់ ដូចជាកាតារ និងអារ៉ាប៊ី សាអ៊ូឌីត បានប្រកាសរួចហើយថា នឹងជួយផ្តល់ អាវុធ និងហ្វឹកហ្វឺនទាហានរបស់ក្រុមប្រឆាំង គឺក្រុមទាហានស៊ីរីសេរី។
ប្រទេសតួកគីវិញ ដែលទើបរងការបាញ់ផ្លោងពីសំណាក់ទាហានស៊ីរី ក៏ប្រហែលជានឹងចូលរួមឲ្យគេបង្កើតតំបន់ការពារពិសេស ក្នុងទឹកដី ខ្លួន និងជួយក្រុមប្រឆាំងស៊ីរី ឲ្យបង្កើតតំបន់តស៊ូប្រយុទ្ធមួយ ក្នុងទឹកដីស៊ីរី។ ជារួម បើផែនការលោកកូហ្វី អាណាន់បរាជ័យ នោះប្រាកដណាស់ សង្រ្គាមស៊ីវិលមួយនឹងបន្តនៅរ៉ាំរ៉ៃប្រទេសស៊ីរី។ អ្នកដែលរងគ្រោះជាងគេ គ្មានអ្នកណាក្រៅពីប្រជាជនស៊ីវិល ដែលពេលនេះកំពុងរត់គេចខ្លួនចេញពីតំបន់វាយប្រហារ ទៅរស់ជ្រកក្រោមតង់ជ័រ ក្នុងទឹកដីតួកគី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ