ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អាចមានអ្វី​ប្រែប្រួល​ក្នុង​វិបត្តិស៊ីរី​ក្រោយពី​អាមេរិក​ប្រកាស​ថា​លោក​អាសាដ​ប្រើ​អាវុធគីមី?

អាមេរិក​បាន​ប្រកាស​ថា​នឹង​ផ្តល់​ជំនួយ​យោធា​ដោយ​ផ្ទាល់​ដល់​ក្រុមឧទ្ទាម ក្រោយ​ពី​រកឃើញ​ថា លោក​អាសាដ​ប្រើ​អាវុធ​គីមី
អាមេរិក​បាន​ប្រកាស​ថា​នឹង​ផ្តល់​ជំនួយ​យោធា​ដោយ​ផ្ទាល់​ដល់​ក្រុមឧទ្ទាម ក្រោយ​ពី​រកឃើញ​ថា លោក​អាសាដ​ប្រើ​អាវុធ​គីមី REUTERS/Hamid Khatib

គេ​នៅចាំបាន​ថា ការប្រើ​អាវុធ​គីមី គឺ​ជា​បន្ទាត់​ក្រហម ដែល​លោក​អូបាម៉ា​បាន​គូស​កំណត់​កុំ​ឲ្យ​លោក​អាសាដ​បំពាន។ ក្រោយ​ពី​បាន​ស្ទាក់ស្ទើរ អល់អែក អស់​ប៉ុន្មាន​សប្តាហ៍ ឥឡូវនេះ អាមេរិក​ទើប​នឹង​បាន​ប្រកាស​ទទួលស្គាល់​ថា ពិតជា​មាន​ភស្តុតាង​បញ្ជាក់​ពិតប្រាកដ​មែន​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើ​អាវុធ​គីមី មានន័យថា ខ្សែបន្ទាត់ក្រហម​គូស​ដោយលោក​អូបាម៉ា​ត្រូវ​បាន​រំលោភ​បំពាន ក៏ប៉ុន្តែ សំណួរ​សំខាន់​ដែល​ចោទឡើង គឺ​ត្រង់ថា តើ​អាមេរិក​​អាច​នឹងធ្វើ​អន្តរាគមន៍​រហូតដល់​កម្រិត​ណា នៅ​ក្នុង​វិបត្តិ​ស៊ីរី ដើម្បី​ឆ្លើយតប​នឹង​ការ​រំលោភ​បំពាន​នេះ?

ផ្សាយពាណិជ្ជកម្ម

គិតមក​ត្រឹមថ្ងៃនេះ វិធានការ ដែល​អាមេរិក​ប្រកាស​ជាផ្លូវការ គឺ​ប្រកាស​ “ផ្តល់​ជំនួយ​យោធា​ដោយផ្ទាល់” ដល់​ក្រុមឧទ្ទាម។ ក៏ប៉ុន្តែ គ្មាន​ការ​បញ្ជាក់​ជាផ្លូវការ​ឲ្យបាន​ច្បាស់លាស់​ថា តើ “ការផ្តល់​ជំនួយយោធា​ដោយ​ផ្ទាល់”​នេះ នឹង​ត្រូវ​ធ្វើ​ក្នុង​ទម្រង់​បែបណា​ឲ្យ​បាន​ច្បាស់លាស់​ទេ។

បើ​តាម​កាសែត​អាមេរិក​ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តីរដ្ឋាភិបាល​អាមេរិក ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ​ អាមេរិក​នឹង​បញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​ក្រុមឧទ្ទាម​ស៊ីរី ក៏ប៉ុន្តែ គ្រឿងសព្វាវុធ​នេះ គឺ​មាន​ត្រឹមតែ​ជា​អាវុធ​ធុនស្រាល​ប៉ុណ្ណោះ។ ចំពោះ​អាវុធ​ធុនធ្ងន់​មួយចំនួន ដូចជា កាំភ្លើង​ធំ ឬ​មីស៊ីល​សម្រាប់​បាញ់​រថក្រោះ ជាដើម ដែល​​ក្រុមឧទ្ទាម​ស៊ីរី​​តែងតែ​ទាមទារ​ចង់​បាន អាមេរិក​កំពុង​ពិចារណា ហើយ​​មិនទាន់​សម្រេច​ថា​ឲ្យ ឬ​មិនឲ្យ​​នៅឡើយទេ។

ក៏ប៉ុន្តែ ​មីស៊ីល​​លីលើស្មា​សម្រាប់​បាញ់​យន្តហោះ (Stinger) ដែល​ក្រុមឧទ្ទាម​ស៊ីរី​កំពុង​តែ​ទាមទារ​ច​ង់​បាន​ខ្លាំង​ដែរ​នោះ អាមេរិក​បាន​​សម្រេច​រួចហើយ គឺ​នឹង​មិន​​បញ្ជូន​ទៅ​ស៊ីរី​ទេ ដោយ​សារ​តែ​នៅ​ក្នុង​ចំណោម​ក្រុមឧទ្ទាម​ស៊ីរី មាន​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​​នៅ​ចូល​លាយឡំ ហើយ​អាមេរិក​ខ្លាច​ក្រែង​មីស៊ីល​សម្រាប់​បាញ់​យន្តហោះ​នេះ​ធ្លាក់​ទៅ​ក្នុង​ក្រុមភេរវជន។
 
 
តាមការចុះផ្សាយ​របស់​កាសែត​អាមេរិក ការបង្កើត​តំបន់​ហាមឃាត់​ការហោះហើរ នៅ​មួយផ្នែក​ណាមួយ នៅ​ស៊ីរី ក៏​ជា​ជម្រើសមួយ​ដែរ ដែល​មេដឹកនាំយោធា​អាមេរិក​បាន​ផ្តល់​ជា​អនុសាសន៍​ទៅ​លោក​អូបាម៉ា។

តាមអនុសាសន៍​របស់​មន្រ្តីយោធា​អាមេរិក គេ​គួរ​បង្កើត​តំបន់​ហាមឃាត់​ការហោះហើរ​នេះ ក្នុង​ដែនអាកាសស៊ីរី ប្រហែល​ជា ៤០គីឡូម៉ែត្រ​ការ៉េ នៅ​​បណ្តោយ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ហ្សកដានី ដើម្បី​ការពារ​ក្រុមឧទ្ទាម និង​ជនភៀសខ្លួន​ស៊ីរី ពី​ការ​វាយប្រហារ​តាម​អាកាស​​ពី​សំណាក់​កងកម្លាំង​លោក​អាសាដ ហើយ​ក្នុង​អំឡុង​ពេលនេះ អាមេរិក​និង​សម្ព័ន្ធ​មិត្ត​បញ្ជូន​គ្រឿង​សព្វាវុធ​ ព្រមទាំង​ជួយ​ហ្វឹកហ្វឺន​ក្រុម​ឧទ្ទាម ដើម្បី​ឲ្យ​ពួកគេ​មាន​តុល្យភាព​​កម្លាំង​ទ័ព​តទល់​នឹង​ទាហាន​រដ្ឋាភិបាល ដែល​ឥឡូវនេះ មាន​ជំនួយ​ពី​ខាង​ក្រុម​ Hezbollah លីបង់​បន្ថែម​ទៀត។

ការបង្កើត​តំបន់​គ្មានការ​ហោះហើរ នៅ​ជាប់​នឹង​ព្រំដែន​ហ្សកដានី វា​មាន​អំណោយផល​ខាង​ផ្នែក​ភស្តុភា សម្រាប់​អាមេរិក ព្រោះ​អាមេរិក​មាន​មីស៊ីល និង​យន្តហោះ​ចម្បាំង​ទំនើបៗ កំពុង​ស្ថិត​ក្នុង​ប្រទេស​ហ្សកដានី​នេះ​ស្រាប់ ឲ្យ​តែ​លោក​អូបាម៉ា​សម្រេច គឺ​អាមេរិក​អាច​នឹង​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ហាមឃាត់​ការ​ហោះហើរ​​បាន​ភ្លាមៗ។

ក៏ប៉ុន្តែ មន្រ្តី​សេតវិមាន​​បាន​បញ្ជាក់​រួចហើយ​​ថា លោក​អូបាម៉ា​មិន​បាន​ធ្វើការ​សម្រេច​ចិត្ត​ណាមួយ​នៅឡើយទេ ជុំវិញ​ការ​បង្កើត​តំបន់​គ្មានការ​ហោះហើរ​នៅ​ស៊ីរីនេះ។

បញ្ហា​ដែល​ចោទ ចំពោះ​ការ​បង្កើត​​តំបន់​គ្មានការ​ហោះហើរ​នៅស៊ីរីនេះ គឺ​វាជា​ប្រតិបត្តិការ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង ពោលគឺ​ ស្មុគស្មាញ​ជាង​កាល​ពី​ករណីលីប៊ី​ឆ្ងាយណាស់ ពីព្រោះថា ស៊ីរី​មាន​ប្រព័ន្ធ​ការពារដែន​អាកាស​ទំនើបៗ ដែល​បាន​មក​ពី​រុស្ស៊ី ហើយ​យន្តហោះ​ចម្បាំង​របស់​ស៊ីរី​ក៏​មាន​ច្រើន ហើយទំនើបៗ បើ​ធៀប​នឹង​លីប៊ី។ ដូច្នេះ អាមេរិក​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ ហើយ​អាច​ទទួល​ការ​ខូចខាត​ច្រើន នៅ​ក្នុង​ប្រតិបត្តិការ​ហាមឃាត់​ការហោះហើរ​នៅ​ស៊ីរី។

បញ្ហា​ចោទ​ធំមួយទៀត គឺ​ភ្លើងខៀវ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។ កាលនៅលីប៊ី អាមេរិក រួមជាមួយ​នឹង​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់ ទទួលបាន​នូវការ​អនុញ្ញាត​ច្បាស់លាស់ ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ដើម្បី​បង្កើត​តំបន់​គ្មានការ​ហោះហើរ​នៅលីប៊ី។ ដូច្នេះ វា​ជា​ប្រតិបត្តិការ​មួយ ដែលស្របច្បាប់​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អ.ស.ប.។

នៅ​ស៊ីរីវិញ ចង់​បាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ក្នុងការ​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ គឺ​ប្រហែល​ជា​គ្មាន​សង្ឃឹមទេ ពីព្រោះ រុស្ស៊ី ដែលជា​ប្រទេស​មាន​សិទ្ធិវ៉េតូ គឺ​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​លោក​អាសាដ ហើយ​កន្លងមក ត្រឹមតែ​អនុម័ត​សេចក្តីសម្រេច ដើម្បី​ថ្កោលទោស​លោក​អាសាដ ក្នុងការ​កាប់សម្លាប់ប្រជាជន​ស៊ីវិល ក៏​រុស្ស៊ី​ធ្លាប់​បាន​ប្រើសិទ្ធិវ៉េតូ​រារាំង​មិន​ឲ្យ​អនុម័ត​បាន​ដែរ។ ទម្រាំ​តែ​អនុញ្ញាត​ឲ្យ​បង្កើត​តំបន់​គ្មានការ​ហោះហើរ​ទៀត ប្រាកដ​ជា​កាន់តែ​ពិបាក​ទៅទៀត។

បើ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ទេ ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក រួមមាន​ បារាំង​ និង​អង្គការអូតង់​ ជាដើម ប្រហែល​ជា​មិន​ទៅ​ចូលរួម​ជាមួយ​អាមេរិក​ ដើម្បី​បង្កើត​តំបន់​គ្មានការ​ហោះហើរ​នៅស៊ីរីនេះ​ទេ។ ម្យ៉ាងទៀត គេ​ក៏​មិនរំពឹង​ថា លោក​អូបាម៉ា​អាច​នឹង​សម្រេច​បើក​ប្រតិបត្តិការ​នេះ​តែ​ឯង​ គ្មានការ​ចូលរួម​ពី​សម្ព័ន្ធមិត្ត គ្មាន​ភ្លើងខៀវ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​នោះដែរ ព្រោះ​កន្លងមក លោក​អូបាម៉ា​ធ្លាប់តែ​បាន​រិះគន់​លោកប៊ូស ដែល​បើក​ធ្វើ​​សង្រ្គាម​នៅ​អ៊ីរ៉ាក់ ដោយ​គ្មាន​​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ។

មែនទែនទៅ បើ​យើង​សង្កេតមើល​ពី​ជំហរ​រួម​របស់​លោក​អូបាម៉ា យើងឃើញ​ថា លោក​អូបាម៉ា​តែងតែ​ព្យាយាម​ចៀសវាង មិនចង់​ឲ្យ​អាមេរិកចូល​ធ្វើ​អន្តរាគន៍​យោធា​ ក្នុង​វិបត្តិ​ស៊ីរីនេះ​ទេ។ ការប្រកាស​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ស៊ីរី ពេលនេះ ក៏​មើលទៅ ទំនង​ជា​លោក​អូបាម៉ា​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ដែរ។ បាន​ជា​ជ្រុល​សម្តី​គំរាម គូស​ខ្សែបន្ទាត់​ក្រហម​ថា កុំ​ឲ្យ​បំពាន​រួចទៅហើយ ឥឡូវ​ លោក​អាសាដ​បំពាន បើ​មិន​ធ្វើ​អ្វីសោះ ខ្លាច​គេ​ថា លេបសម្តីខ្លួនឯង។ ពេលខ្លះ គេ​សឹង​តែ​អាច​និយាយ​បាន​ថា លោក​អូបាម៉ា​ប្រហែល​ជា​កំពុង​តែ​ស្តាយក្រោយ​ផងក៏មិនដឹង ដែល​បាន​ជ្រុល​សម្តី​ព្រមាន​ គូស​បន្ទាត់​ក្រហម រឿង​ប្រើអាវុធ​គីមីនេះ រហូត​ធ្វើ​ឲ្យ​ជាប់មាត់ ជាប់​ដៃ​ ទទួលសម្ពាធ​ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI