ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រុម​ប្រឆាំង៖ រដ្ឋាភិបាល​បង្ក​ភេរវកម្ម​ដើម្បី​បំភ័ន្ត​ភ្នែក​សម្ព័ន្ធ​អារ៉ាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អំពើភេរវកម្ម​បំផ្ទុះ​រថយន្ត​ពីរ​ ផ្ទួនៗគ្នា កាលពី​ថ្ងៃសុក្រ ទី ២៣ ធ្នូ ២០១១ នៅ​កណ្តាល​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស​៤៤នាក់។ ភេរវកម្ម​បំផ្ទុះ​រថយន្ត​កើត​មាន​ទៅលើ​ទីតាំង​របស់​កម្លាំង​រក្សា​សន្តិសុខ​ ស៊ីរី និង នៅតែ​មួយថ្ងៃក្រោយ ក្រុម​អ្នកសង្កេតការណ៍​ដំបូង​របស់​សម្ព័ន្ធ​អារ៉ាប់ បានទៅដល់​ស៊ីរី។ ភ្លាមៗ រដ្ឋាភិបាល​ស៊ីរី​បាន​ទម្លាក់កំហុស​ទៅលើ​ក្រុមភេរវជន​អាល់កៃដា ថា ជា​អ្នករៀបចំ​អំពើភេរវកម្ម ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រកាសថ្កោលទោស​ អំពើភេរវកម្ម​សម្លាប់​មនុស្ស។

ភេរវកម្ម​ផ្ទួនៗ​ពីរ​សម្លាប់​មនុស្ស​៤៤​នាក់ នៅទីក្រុង​ដាម៉ាស កាលពីថ្ងៃ​ទី ២៣ ធ្នូ ២០១១
ភេរវកម្ម​ផ្ទួនៗ​ពីរ​សម្លាប់​មនុស្ស​៤៤​នាក់ នៅទីក្រុង​ដាម៉ាស កាលពីថ្ងៃ​ទី ២៣ ធ្នូ ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​គ្មាន​ភស្តុតាង​ណាមួយ​បង្ហាញ​ច្បាស់ថា ភេរវកម្ម​លើកនេះ គឺ​ជា​ស្នាដៃ​របស់ពួក​អាល់កៃដា ប៉ុន្តែ រដ្ឋាភិបាល​ស៊ីរី​អះអាង​ថា គេ​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ភ្នាក់ងារ​ស៊ើបការសម្ងាត់​លីបង់​ដែល​ថា ពួកអាល់កៃដា ចេញពីទឹកដី​លីបង់ ​ជា​អ្នករៀបចំ​ភេរវកម្ម​នៅថ្ងៃ​សុក្រ ទី ២៣ធ្នូ។

ក្នុង​ហេតុការណ៍បំផ្ទុះរថយន្ត រដ្ឋាភិបាលស៊ីរី​ក៏​បាន​ទម្លាក់កំហុសផងដែរទៅ​ លើ​ពួកក្រុមទាហាន​ស៊ីរី​សេរី ដែល​បាន​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​ស៊ីរី។ ក្រុមទាហាន​ស៊ីរី​សេរី​ដែល​ផ្តាច់ខ្លួន​ចេញ​ក្រុមទាហាន​រដ្ឋាភិបាល ធ្លាប់​បាន​ទទួលស្គាល់​ថា ខ្លួន​ជា​អ្នកវាយប្រហារ​ទៅលើ​ប៉ុស្ត​សន្តិសុខ​របស់​រដ្ឋាភិបាល​ស៊ីរី កាលពី​ប៉ុន្មាន​ខែមុននេះ។

ភេរវកម្ម​កណ្តាល​រដ្ឋធានីដាម៉ាស ថ្ងៃ​ម្សិលមិញ គឺ​មាន​ជា​លើកទីមួយ ក្នុង​ប្រវត្តិ​ស៊ីរី ក្នុង​រយៈពេល ១០ឆ្នាំនេះ។ គ្មាន​នរណា​នឹកស្មាន​ថា មាន​ភេរវកម្ម​នៅកណ្តាល​រដ្ឋធានី​ទេ។ គេ​ហ៊ាន​និយាយ​បែបនេះ ព្រោះថា ទីក្រុង​ដាម៉ាស ដែល​ជាទីតាំង​សំខាន់​របស់​រដ្ឋាភិបាល និង​សេដ្ឋកិច្ច​ប្រទេស ស្ថិតនៅ​ក្រោមការយាម​សន្តិសុខ​តឹងតែង​របស់​ទាហាន​រដ្ឋាភិបាល។

អំពើ​ភេរវកម្ម កើតមាន​តែ​នៅមួយ​ថ្ងៃ​ក្រោយ​អ្នកសង្កេតការណ៍​ក្រុមទីមួយ​របស់​សម្ព័ន្ធអារ៉ាប់​បាន​ទៅដល់​ទីក្រុង​ដាម៉ាស។ ក្រុមទាំងនេះ​មាន​បេសកកម្ម​តាមដាន​មើល​ការអនុវត្តន៍​គោលការណ៍​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី។ កន្លងមក ផែនការ​ស្នើ​របស់​សម្ព័ន្ធ​អារ៉ាប់ មាន​បី ដកទ័ព​ចេញពី​ទីក្រុង​ដែល​មាន​បាតុកម្ម​ប្រឆាំង ដោះលែង​អ្នកទោស និង​ចរចា​សន្តិភាព​ជាមួយ​ក្រុមបក្ស​ប្រឆាំង

គួររំលឹកថា អស់រយៈពេល​ជាច្រើន​សប្តាហ៍​ដែលស៊ីរី​រារែក មិន​ចង់ទទួល​យក​អ្នកសង្កេតការណ៍​របស់​សម្ព័ន្ធអារ៉ាប់ ។ ប៉ុន្តែ ដើម្បី​ជៀសវាង​ការដាក់​ទណ្ឌកម្ម​ពី​សម្ព័ន្ធ​អារ៉ាប់​ ស៊ីរី ត្រូវ​បង្ខំ​ចិត្តទទួលយកអ្នកសង្កេតការណ៍ និង​និយាយ​ថា សន្តិភាព​មាន​នៅក្នុង​ប្រទេស។
ប៉ុន្តែ ជាមួយគ្នានេះ ស៊ីរី​ក៏បាន​គិតដែរថា បើខ្លួន គោរព​តាម​ផែនការ​សន្តិភាព​របស់​សម្ព័ន្ធអារ៉ាប់ គឺដកកងទ័ព​ចេញពីទីក្រុង​ក្រុមប្រឆាំង នោះ គឺ​ដូចជា​បើកដៃ​លើកទឹកចិត្ត​ពួកប្រឆាំង​ឲ្យ​ធ្វើបាតុកម្ម​តាមផ្លូវ​ប្រឆាំង​នឹង​ខ្លួន​កាន់តែខ្លាំង។ ដើម្បី​ទប់ទល់​ក្រុមប្រឆាំង រដ្ឋាភិបាល​ស៊ីរី​នៅត្រូវការ​ប្រើកម្លាំងទ័ព។

តាមអ្នកវិភាគ និង​ក្រុមបក្ស​ប្រឆាំង គឺអាច​រដ្ឋាភិបាល​ស៊ីរី​ដែល​ស្ថិតនៅពីក្រោយ​អំពើភេរវកម្ម​ម្សិលមិញ​ដើម្បី បំភ័ន្តភ្នែក គឺ​ដើម្បី​បង្ហាញ​ពី​ភាពស្របច្បាប់ នៃការប្រើ​ទាហាន​បង្រ្កាប​ពួកបាតុករ។ រដ្ឋាភិបាល​ស៊ីរី​ចង់​បង្ហាញ​ដល់​ ក្រុមការងារ​របស់​សម្ព័ន្ធអារ៉ាប់ថា អសន្តិសុខកំពុង​កើតមាន សូម្បីនៅ​ទីក្រុង​កណ្តាលបេះដូង​ស៊ីរី។ គឺ​ពួកភេរវជន បង្ក​អស្ថិរភាព​នៅស៊ីរី ហើយ​គឺ​ពួកភេរវករ​ដែល​ធ្វើ​បាតុកម្ម មិនមែន​ប្រជាជន​ស៊ីរី​ទេ​ដែល​ធ្វើការ​តវ៉ា​កន្លងមក។ ដូច្នេះ ចង់ ឬ​មិនចង់ រដ្ឋាភិបាល​ស៊ីរី​នៅតែ​ចាំបាច់​ប្រើ​កងទ័ព​ដើម្បី​រក្សា​សន្តិសុខ និង​កម្ចាត់ពួក​ភេរវរជន​ដែល​កំពុង​បង្កប់ខ្លួន នៅក្នុង​ចំណោម​ពួកប្រឆាំង​ស៊ីរី។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស ថ្កោលទោស​អំពើភេរវកម្ម ចំណែក​អាមេរិក​សង្ឃឹមថា អំពើភេរវកម្ម​នៅស៊ីរី​នឹង​មិនត្រូវ​រារែក​ដល់ការងារ​ត្រួតពិនិត្យ​របស់​ក្រុមអ្នកអង្កេតការណ៍​របស់សម្ព័ន្ធអារ៉ាប់ទេ។ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​រង់ចាំ​មើល​ការវាយតម្លៃ​ក្រុមសម្ព័ន្ធ​អារ៉ាប់​ដែល​ជាផ្លូវការ​នឹង​ចុះទៅ​តាមដាន​ស្ថានភាព​នយោបាយ នៅស៊ីរី នៅថ្ងៃ​ចន្ទទី ២៦ធ្នូ ២០១១។ អាមេរិក និង​សហភាពអឺរ៉ុប​វិញចង់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញសេចក្តីសម្រេច​ដាក់បម្រាម​កុំឲ្យ​គេ​នាំសញ្វាវុធ​ចូល​ប្រទេស​ស៊ីរី។ ការស្នើដែល​ត្រូវ​ភាគីរុស្ស៊ី សមាជិកមួយ​ដែរ​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី បដិសេធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត