អានតួអត្ថបទ
ស៊ីរី

ក្រុមឧទ្ទាមប្រដាប់អាវុធ​នៅ​ស៊ីរី​ ចាប់​ខ្លួន​កង​រក្សា​សន្តិ​ភាព​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ចំនួន​៤៣​

ក្រុងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាត៊។
ក្រុងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាត៊។ NYTIMES
ដោយ៖ អ៊ឹម រចនា
១៥ នាទី

នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​២៨​​សីហា​ ​ក្រុម​​ឧទ្ទាម​​ប្រ​​ដាប់​​អា​វុធ​​នៅ​​ស៊ី​រី​ ​បាន​​ចាប់​​ខ្លួន​​កង​​រក្សា​​សន្តិ​ភាព​របស់​​អង្គ​​ការ​​សហ​​ប្រជា​ជាតិ​​ចំនួន​​៤៣​​នាក់​​ និង​​កំពុង​​តែ​​ហ៊ុំព័ទ្ធ​​កង​​ទ័ព​​មួក​​ខៀវ​​ចំនួន​​៨១​​នាក់​​ផ្សេង​ទៀត​​ នៅ​​តំបន់​​ Golan​ Heights​ នៃ​​ប្រទេស​​ស៊ី​រី​។​ នេះ​​បើ​​តាម​​ការ​​ឲ្យ​​ដឹង​​ពី​​អង្គ​ការ​​សហ​ប្រ​ជា​ជាតិ​​ នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិល​​មិញ​​។​ក្រុម​​ប្រឹក្សា​​សន្តិ​​សុខ​​អង្គ​ការ​​សហ​​ប្រជា​ជាតិ​ បាន​​ថ្កោល​​ទោស​​សកម្ម​​ភាព​​របស់​​ក្រុម​​ឧទ្ទាម​​នេះ​ ​និង​​ទាម​​ទារ​​ឲ្យ​​មាន​​ការ​​ដោះ​​លែង​​កង​​រក្សា​​សន្តិ​ភាព​​ទាំង​​អស់ ​​ជាបន្ទាន់​។ ​

ផ្សាយពាណិជ្ជកម្ម

កង​រក្សា​សន្តិភាព​ មក​ពី​ប្រទេស ​Fiji​ ចំនួន​៤៣​នាក់ ​ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ី​រី​ បង្ខំ​ឲ្យ​ទម្លាក់​អា​វុធ​ចុះ ​និង​ព្រម​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ពួក​គេ​ជា​ចំណាប់​ខ្មាំង ​នៅ​ត្រង់​ច្រក​ឆ្លង​កាត់​មួយ ​ក្នុង​តំបន់ ​Golan ​Heights​។ ​ដោយ​ឡែក ​កង​ទ័ព​មួក​ខៀវ​ហ្វី​លីពីន​ចំនួន​៨១​នាក់ ​បាន​ប្ដេជ្ញា​តតាំង​ជា​មួយ​ក្រុម​ឧទ្ទាម​ ដោយ​បដិ​សេធ​មិន​ព្រម​ទម្លាក់​អាវុធ​ចោល​ឡើយ​។ ​នេះ​បើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​ហ្វីលីពីន​។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​បដិ​សេធ​មិន​ព្រម​ទម្លាក់​អាវុធ​របស់​កង​ទាហាន​មួក​ខៀវ​ហ្វីលីពីន​ បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​នឹង​ក្រុម​ឧទ្ទាម​ ហើយ​ឥឡូវ​នេះ មន្ដ្រី​អង្គ​ការ​សហ​ប្រជាជាតិ​ កំពុង​តែ​ព្យាយាម​ដោះ​ស្រាយ​ស្ថាន​ការណ៍​នេះ​ ដោយ​សន្តិវិធី។

មេ​បញ្ជា​ការ​កង​ទ័ព​នៃ​ប្រទេស ​Fiji ​បាន​ឲ្យ​ដឹង​ថា ​កង​រក្សា​សន្តិ​ភាព ​Fiji ទាំង​៤៣​នាក់​ មាន​សុវត្ថិភាព​ បើ​ទោះ​បីជា​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ក៏ដោយ​។ ​លោក​មេបញ្ជា​ការ​បាន​សំណូម​ពរ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ប៉ាស៊ីហ្វិក ជួយ​បន់ស្រន់​បន្ទន់ចិត្ត​ក្រុម​ប្រយុទ្ធ​ឲ្យ​ដោះ​លែង​កងទ័ព​ទាំង​៤៣នាក់​មកវិញ​ ដោយ​សុវត្ថិភាព​ផង។

អង្គការ​សហ​ប្រជាជាតិ ​បាន​ថ្កោល​ទោស​ខ្លាំងៗ ​ចំពោះ​ការ​ចាប់​ខ្លួន​កង​ទ័ព​មួក​ខៀវ​ហ្វី​ជី​ទាំង៤៣នាក់​ និង​ការ​ហ៊ុំព័ទ្ធ​កង​ទ័ព​ហ្វីលីពីន​ទាំង​៨១​នាក់​ ពី​សំ​ណាក់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ទាំង​នេះ​ និង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​ និង​ដោយ​ឥត​លក្ខខណ្ឌ​។​ អង្គការ​សហ​ប្រជាជាតិ​ ក៏បាន​ស្នើ​ដល់​ប្រទេស​មហា​អំណាច​ ឲ្យ​ជួយ​ធ្វើ​អន្តរា​គមន៍​ជុំវិញ​ករណី​នេះ​ផង​ដែរ។

គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ក្រុម​ប្រដាប់​អាវុធ​ណា​មួយ​ ដែល​ចាប់​ខ្លួន​កង​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​ទាំង​នេះ​។ ​អង្គការ​សហ​ប្រជា​ជាតិ​ខ្លួន​ឯង​ សង្ស័យ​ថា​ជា​ក្រុម​ឧទ្ទាម Al-Nusra ប៉ុន្តែ​ថា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ ​យ៉ាង​ណា​ក៏ដោយ​ នៅ​ចំពោះ​មុខ​ករណី​នេះ​ ​​សហរដ្ឋ​​​អាមេរិក​បាន​ទម្លាក់​ការ​ទទួល​ខុសត្រូវ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ Al-Nusra​ នេះ​ទាំង​ស្រុង​ទៅ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ