ស៊ីរី-រុស្ស៊ី-អាមេរិក

ស៊ីរី៖​អាមេរិក​​និង​​រុស្ស៊ី​វាយប្រហារ​​ពាក្យសំដី​គ្នា​​​ តំបន់​អាឡិប​​បន្ត​​រងគ្រោះ​​ដោយ​ការ​ទំលាក់​គ្រាប់បែក​

លោក ឃែររី ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ថ្ងៃពុធ​២១កញ្ញា។
លោក ឃែររី ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ថ្ងៃពុធ​២១កញ្ញា។ REUTERS/Lucas Jackson

ថ្ងៃព្រហស្បតិ៍​នេះ អាមេរិក​និង​រុស្ស៊ី​នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ស៊ីរី បន្តទៀត។ ម្សិលមិញ ប្រមុខការទូត​ប្រទេស​ទាំង២ បាន​វាយប្រហារគ្នា​ដោយ​ពាក្យសំដី​ធ្ងន់ៗ ​ធ្វើអោយ​​​តានតឹង​​ដល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​​​។ ​ការទំលាក់គ្រាប់បែក​បាន​បន្ត​មាន​នៅ​សមរភូមិ​អាឡិប សម្លាប់​​ជនស៊ីវិល​យ៉ាងហោច​១២នាក់ មាន​ទាំង​កុមារក្នុង​នោះ​​ផងដែរ។ ​ 

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ថ្ងៃពុធ​ម្សិលមិញ ​បន្ត​ជួប​​​ភាព​តានតឹង​ដោយសារ​​វិបត្តិជម្លោះ​ស៊ីរី ពិសេស​រឿងរ៉ាវទាក់ទង​នឹង​ការវាយប្រហារ​​ទៅលើ​​​រថយន្ត​ដឹក​ស្បៀង​​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ​កាលពី​ថ្ងៃចន្ទ​​ ដែល​បាន​ធ្វើអោយ​មនុស្ស​ស្លាប់​​​២០នាក់។ ​ការវាយប្រហារ​នេះ បានរំលោភ​លើ​បទឈប់បាញ់​សម្រេច​​បាន​ដោយ​អាមេរិក​និង​រុស្ស៊ី កាលពី​ថ្ងៃ៩កញ្ញា។ កាលពី​ថ្ងៃអង្គារ​ រថយន្ត​សង្គ្រោះ​​២គ្រឿងក៏បាន​រង​ការ​វាយ​ប្រហារ​ដែរ ធ្វើអោយ​​មាន​មនុស្ស​ស្លាប់​៤នាក់។

ដោយសារ​រឿងនេះ ប្រមុខការទូត​អាមេរិក​ចន ឃែររី បាន​ចោទថា មានតែ​​​រុស្ស៊ី​ និង​រដ្ឋាភិបាល​​​​ស៊ីរីទេ ដែល​បាន​ធ្វើអោយ​មាន​ការវាយប្រហារ​លើ​រថយន្ត​មនុស្សធម៌។ ​លោកឃែររី បានរលឹក​​​​ឡើងវិញ​នូវ​​កិច្ច​ព្រមព្រៀង​​ក្រុងហ្សឺណែវ៩កញ្ញា​​ ដែល​អាមេរិកនិង​រុស្ស៊ីចុះហត្ថលេខា​​រួមគ្នា - ជំរុញ​អោយ​រុស្ស៊ី​បង្ខំ​អោយ​កងទ័ព​​​ លោក​អាសាដអោយ​បញ្ឈប់​យុទ្ធនាការ​​​ផ្លូវអាកាស​ ឈប់​ទំលាក់គ្រាប់បែក​លើ​ជនស៊ីវិល និង​​ក្រុមប្រឆាំង។

ប្រមុខការទូត​រុស្ស៊ី​ ឃែររី​ ឡាវ្រូវ ​បានតបទៅលោក​ឃែររី ​​​វិញ​ភ្លាមថា​​ វាមិនប្រាកដ​ថា ជា​ការវាយប្រហារ​តាម​ផ្លូវអាកាស​ទេ។ លោកឃែររី បានតបបែប​​​​ចំអកទៅវិញ​ថា ​មាន​អារម្មណ៍​ថា ​ពួកយើង​កំពុង​​រស់​​​ក្នុង​ពិភព២ ស្របពេល​ជាមួយគ្នា។ លោកឡាវ្រូវ ​វិញ បាន​ចោទ​ក្រុមប្រឆាំង​​ស៊ីរី​ថា បាន​បង្ក​ការ​វាយ​ប្រហារ​ឡើងវិញ។ សម្រាប់​លោក​ឡាវ្រូវ នេះហើយ​​ជា​មូលហេតុ​ដែល​មិនអាច​ធ្វើអោយ​មានការ​ផ្អាក​ការ​ប្រយុទ្ធ​ពី​គ្រប់ភាគិជម្លោះ​បាន។ ​

ដោយឡែក ​ក្រសួងការពារជាតិ​រុស្ស៊ី នៅ​ក្រុងម៉ូស្គូ​ ​​បាន​លើកឡើងថា កាលពី​ថ្ងៃចន្ទ ​យន្តហោះ​​​ដ្រូន​​របស់​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​អាមេរិក ​​កំពុង​មាន​​វត្តមាន​នៅ​កន្លែង​ដែល​រង​ការ​វាយ​ប្រហារ ទៅលើ​​រថយន្ត​មនុស្សធម៌។ មន្ទីរ​ប៉ង់តាហ្កូនបាន​បដិសេធ​ការចោទ​ប្រកាន់​នេះ។ គួររំលឹកថា កាលពី​ថ្ងៃ​១៧កញ្ញា​ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត បាន​​​​​ទទួលស្គាល់ថា បាន​ទំលាក់​គ្រាប់បែក​​​ដោយច្រលំ​ ទៅលើ​កងទ័ព​ស៊ីរី ធ្វើអោយ​មានមនុស្ស​ស្លាប់​៩០នាក់។

ពាក់ព័ន្ធ​នឹង​ស៊ីរីដែរ ​ថ្ងៃព្រហស្បតិនេះ ​ក្រុម​ប្រទេស​​២៣​ ដែល​ប្រមូលផ្តុំ​មហាអំណាច​ពិភពលោក និង​មហាអំណាច​​​តំបន់​ ដែលជាប់​ពាក់ព័ន្ធ​​​ស៊ីរី ត្រូវប្រជុំគ្នា​ជាថ្មីទៀត ​នៅ​​ក្រុង​ញូវយក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI