ស៊ីរី

រុស្ស៊ី​​និង​បស្ចិមលោក​​ចោទគ្នា​ទៅវិញ​ទៅមក​ ក្នុង​សំណុំរឿង​ស៊ីរី​

ប្រមុខការទូត​រុស្ស៊ី ឡាវ្រូវ ​ប្រមុខការទូត​អាមេរិក ឃែររី និង​ប្រេសិត​ពិសេស​អ.ស.ប. ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ស៊ីរី នៅ​ញូវយក ថ្ងៃ២២កញ្ញា
ប្រមុខការទូត​រុស្ស៊ី ឡាវ្រូវ ​ប្រមុខការទូត​អាមេរិក ឃែររី និង​ប្រេសិត​ពិសេស​អ.ស.ប. ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ស្តីពី​ស៊ីរី នៅ​ញូវយក ថ្ងៃ២២កញ្ញា REUTERS/Darren Ornitz

​វិមាន​ក្រេមឡាំង​ចាត់ទុកថា ​"មិនអាច​​ទទួលយក​​បានឡើយ”​ សំដីសំដៅ​បន្លឺ​ឡើង​ ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ចេញពី​បបូរមាត់​​ឯក​អគ្គរដ្ឋទូត​អាមេរិកាំង​ ដែលចោទ​រុស្ស៊ី​ថា​ប្រព្រឹត្ត” អំពើ​ឃោរឃៅ​សែន​អមនុស្សធម៌”​ នៅស៊ីរី​ និង​វោហារ​បំភ្លៃ​​ចេញពី​បបូរមាត់​ ឯក​អគ្គ​រដ្ឋទូត​អង់គ្លេស​ដែល​ចោទ​រុស្ស៊ី​ថា​ប្រព្រឹត្ត”ឧក្រិដ្ឋកម្ម​សង្គ្រាម”​ នៅ​ទីនោះ។​ ​ចំណែក​អគ្គរដ្ឋទូត​​រុស្ស៊ី​សង្កត់​ធ្ងន់ថា​ អាមេរិក​អសមត្ថភាព​​​ញែក​ពួក​ភេរវជន​ ឲ្យ​នៅដាច់​ពី​ពួកឧទ្ទាម​ស៊ីរី​មិនជ្រុល និយម​ចែងដោយ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅស៊ីរី​ ចុះ​រវាង​ម៉ូស្គូ​និង​វ៉ាស៊ីនតោន។​

ផ្សាយពាណិជ្ជកម្ម

យើងចាត់ទុក​សំដីសំដៅ​និង​វោហារ​បំភ្លៃ​បន្លឺឡើង​ ក្នុងក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ល្ងាច​ថ្ងៃអាទិត្យ​២៥កញ្ញា​ ដោយតំណាង​ផ្លូវការ​របស់​​ស.រ.អា. និង​អង់គ្លេស​ ជះ​មកលើ​រុស្ស៊ី​ ​ថា ជា​ទូទៅ​គឺ​មិនអាច​ទទួលយក​បានឡើយ​ ដោយវា​អាចនាំឲ្យ​ខូច​ដល់​ដំណោះស្រាយ​វិបត្តិ​ នៅ​ស៊ីរី​ និង​ខូចដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​ម៉ូស្គូ​ជាមួយ​វ៉ាស៊ីនតោន​ និង​​ជាមួយ​ក្រុងឡុងដ្រ៏​ ក្នុង ផល​ប្រយោជន៍​នៃ​ដំណោះស្រាយនេះ”​ - សេចក្តីខាងលើ​ថ្លែងរសៀល​ ថ្ងៃចន្ទ​២៦កញ្ញា​ ទៅ ពួក​អ្នក​កាសែត​នៅ​ម៉ូស្គូ​ ដោយ​អ្នកនាំពាក្យ​ផ្លូវការ​របស់​វិមាន​ក្រេមឡាំង​ លោក​ឌ្មីទ្រី​ ពេស្កូវ។​

 
មូលហេតុ​ដែលញ៉ាំង​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ​ឲ្យកោះ​ប្រជុំ​ជាបន្ទាន់​ ទៅតាម​សំណូមពរ​​អាមេរិក​ អង់គ្លេស​ បារាំង គឺ​ដើម្បី​ថ្កោលទោស​រុស្ស៊ី​ ចំពោះ​ការទម្លាក់​គ្រាប់បែក​ ដោយរួម​ជាមួយ​កងអាកាស​ស៊ីរី ​អស់៣ថ្ងៃ​ជាប់មកហើយ​ស្រោចទៅលើ​សង្កាត់ណា​នៃ​ក្រុង​អាឡិប​ ដែលស្ថិត​នៅក្រោម​​ការកាន់កាប់​ពួក​ឧទ្ទាម​ លុះទាល់តែ​តាម​តួលេខ​អង្គការស៊ីរី​ខាងឃ្លាំមើល​ការគោរព​សិទ្ធិមនុស្ស ​OSDH បណ្តាលឲ្យ​ស្លាប់​យ៉ាងហោច​ណាស់​ អស់​១២៤នាក់​ ពីក្នុងនោះ​មាន​កុមារ១៩នាក់​ កប់​នៅក្រោមគំនរ​បាក់បែក​នៃ​អគារ​ដួលរលំ​ទៅ​ ដោយ​មកពី​ការ​ទម្លាក់​គ្រាប់បែក​នោះ។​
 
ម្ល៉ោះហើយ​​ ​បានជា​លោកស្រី​​ឯកអគ្គរដ្ឋទូត​អាមេរិក ​Samantha Power បានថ្លែង​យ៉ាង​ម៉ឺងម៉ាត់​ថា អ្វីៗ​ដែលធ្វើដោយ​រុស្ស៊ី​នៅស៊ីរី​ គឺមិនមែន​រកដំណោះស្រាយ​តាម​ផ្លូវការទូត​ទេ​តែជា"អំពើ​ព្រៃផ្សៃ​សែនឃោរឃៅ​អមនុស្សធម៌” ​ដែលច្រាន​ស្ថានការណ៍​នៅ​ទីនោះ​ ឲ្យ​ធ្លាក់​ក្នុង​ភាព​ទ័លច្រក។​
 
លោក​ឯកអគ្គរដ្ឋទូត​អង់គ្លេស ​Matthew Rycroft បានស្នើ​ឲ្យ​រួមប្រជុំ​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដែលមាន​សមត្ថកិច្ច​ខាងពិនិត្យ​មើល​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​រុស្ស៊ី​  ប៉ុន្តែ​ការប៉ុនប៉ង​លើក​ចុងក្រោយ​ រួម​ប្រជុំបែបនេះ​  ត្រូវ​បាន​ផ្កាប់ឲ្យ​លឹបទៅ​ដោយ​វេតូ​រុស្ស៊ី។​
 
លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ​Vitali Churkin​ បានច្រាន​ការចោទ​ប្រកាន់​លើរុស្ស៊ី​នោះ​ ​បកទៅលើ សម្ព័ន្ធ​អន្តរជាតិ​ដែលដឹកនាំ​ដោយ​ក្រុងវ៉ាស៊ីនតោន ​ដែលបាន​បំពាក់អាវុធ​ច្រើន​សន្ធឹក​ទៅហើយ​ដល់​ពួកក្រុមឧទ្ទាម​ភេរវនិយម​រាប់រយក្រុម​ ហើយ​ពួកគេផ្ទាល់​ ជាអ្នក​វាយប្រហារ​គ្មាន​ដឹងខុសត្រូវ បំផ្លាញ​ប្រទេស​ស៊ីរី។​

ក្នុង​លក្ខណៈនេះ​បង្វែរ​ប្រទេសស៊ីរី​ទៅកាន់​សន្តិភាព​វិញ​ ​គឺជា​ភារកិច្ច​ដែល​បំពេញ​ សឹង​លែងកើត។​ គាត់​សង្កត់ធ្ងន់​ថា​  អាមេរិក អសមត្ថភាព​ញែក​ពួកឧទ្ទាមស៊ីរី​មិនជ្រុល​និយម​ឲ្យនៅដាច់​ពី​ពួកភេរវជន​ ​ដូច​ដែល​មានចែង​ក្នុងកិច្ចព្រមព្រៀង​ឈប់បាញ់​នៅស៊ីរី ​ចុះ​រវាង ម៉ូស្គូ​ និង​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ៩កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI