បារាំងនិងតួកគីថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនៅស៊ីរី ដែលសម្លាប់ជនស៊ីវិល៨នាក់

ជនភៀសខ្លួន Syrie នាពេល​កន្លងមក​
ជនភៀសខ្លួន Syrie នាពេល​កន្លងមក​ 法新社图片

នៅ​ស៊ីរី, យ៉ាងជនស៊ីវិល៨នាក់ ក្នុង​នោះ​ កូន​ក្មេង៥នាក់​ ត្រូវ​បាន​សម្លាប់ នៅក្នុង​ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនៅភាគ​ពាយ័ព្យ​ប្រទេស​ស៊ីរី ថ្ងៃ​អង្គារ​ ទី​២៤ធ្នូ។​ នេះបើតាមការ​អះអាង​របស់​អង្គការ​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ស៊ីរី។ ភ្លាមៗ ប្រទេស​បារាំងនិងតួកគី​​បាន​ចេញ​ថ្កោលទោសការវាយប្រហារនេះ ហើយ​ស្នើឱ្យ​បញ្ចប់​ជា​បន្ទាន់។

ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ស៊ីរី​នៅភាគ​ខាងជើង​និង​ពាយ័ព្យ​ កំពុងតែរត់​​រក​កន្លែង​ជ្រកកោណ។​ អ្នក​ខ្លះ​ត្បុល​រុល​ចូល​ទឹក​ដី​តួក​គី អ្ន​កខ្លះទៀត​ រក​ដំបូល​សាលា​រៀន​ជ្រក​យក​រួច​ជីវិតសិន​។ នាប៉ុន្មាន៥​ថ្ងៃចុងក្រោយ​នេះ​ ក្នុង​ការ​វាយ​ប្រហារ​ផ្ទួនៗ​តាម​ផ្លូវ​អាកាសនិងការ​ទម្លាក់​គ្រប់​បែក​ ព្រម​ទាំង​ការ​ប្រយុទ្ធគ្នា​ដោយ​ផ្ទាល់​ជាមួយ​ពួក​ភេរវជនជីហាត​ គឺ​បាន​សម្លាប់​មនុស្ស​ប្រមាណ​​ ២៦០នាក់ ក្នុងនោះ ជា១០០​​នាក់ ជា​ទាហាន​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ហើយ​សាក​សព​១៤៨នាក់ទៀត ជា​ពួកក្រុម​ឧទ្ទាម​និង​ភេរវជន​ជីហាត។  នេះបើតា​ម​ការអះអាង​របស់​អង្គការអ្នកសង្កេតការណ៍សិទ្ធិមនុស្សប្រចាំស៊ីរី។

អង្គការ​ដដែល​បញ្ជាក់ថា ប៉ុន្មា​នថ្ងៃនេះ មនុស្ស​ប្រមាណ​៤ម៉ឺន​នាក់ កំពុង​តែ​រត់​ចោល​ស្រុក ដើម្បីរកទីទួល​សុវត្ថិភាព និង​តម្រង់​ទៅ​ទឹក​ដី​តួកគី។ តួកគី​ ដែល​បាន​ប្រកាសសុំ​ចរចា​​ឱ្យ​មាន​បទ​ឈប់​បាញ់​ជាថ្មី នៅ​តំបន់​ Idleb។ ហើយ​អ្ន​កនាំពាក្យ​វិមាន​ប្រធានាធិបតី​តួកគី លើកឡើង​ថា «ត្រូវតែ​បញ្ឈប់​ការ​វាយ​ប្រហារ​ឱ្យ​បាន​ឆាប់ភ្លាមភ្លែត»។

ពេល​ដំណាលគ្នា ក្រសួង​ការ​បរទេស​បារាំង ក៏​ទទូច​​ដែរ ថាត្រូវ​ឈប់​ជាបន្ទាន់​បំផុត ពីព្រោះថា ការ​វាយប្រហារ​របស់​របប​ក្រុម​ដាម៉ាសនិងគូកន ធ្វើ​ឱ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​ធ្ងន់ធ្ងរ​។​

កាលពីថ្ងៃ​សុក្រ​កន្លងទៅ ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិ​​ ​ចង់​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ នៅ​ចន្លោះ​ព្រំដែន​ស៊ីរី ប៉ុន្តែ​​ត្រូវ​រុស្ស៊ី​និង​ចិនបោះឆ្នោត​វេតូ​ជំទាស់ទៅវិញ​។

គួរ​ជម្រាបថា ស៊ី​រីធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរខ្លាំង​​នៅ​ឆ្នាំ​២០១១​ ដែល​ដរចេញពី​បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​​ដែល​ចង់​ទាមទារ​រំលំ​រដ្ឋាភិបាល​ក្រុងដាមាស់។ ពេលនោះ មា​នការ​បង្គ្រាប​និង​ប៉ះទង្គិចគ្នា​​ ស្លាប់​មនុស្ស​ យ៉ាង​តិច​៣៧ម៉ឺ​ននាក់ ហើយ​រាប់​លាន​នាក់ទៀត​​រត់​ភៀសខ្លួន។ ក្រោយមកទៀត​ ប្រទេស​ជាតិ​ត្រូវធ្លាក់​លង់​ក្នុង​សង្គ្រាម​ស៊ីវិល, សង្គ្រាម​ប្រឆាំង​ភេរវជកម្ម និងការ​លូកដៃ​ពី​ប្រទេស​ផ្សេងៗ ទាំងតូច​ទាំង​ធំ រួម​និង​ប្រទេស​ជិតខាងផង​ ធ្វើ​ឱ្យ​រដ្ឋ​នៅ​ដើម​បូព៌ា​នេះ ធ្លាក់​ចូល​ភ្នក់ភ្លើង​សង្គ្រាម​យ៉ាងរ៉ាំរ៉ៃ មិន​ដឹង​ថ្ងៃណា​ ចប់​ឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI