អានតួអត្ថបទ
តៃវ៉ាន់​-ហ្វីលីពីន

តៃវ៉ាន់​ដាក់​ឱសានវាទ​ឲ្យ​ហ្វីលីពីន​ធ្វើ​ការ​សុំ​ទោស​ជា​ផ្លូវការ

សកម្មជន​អ្នក​នេសាទ​តៃវ៉ាន់​​ដុត​​ទង់​​ជាតិ​ហ្វីលីពីន
សកម្មជន​អ្នក​នេសាទ​តៃវ៉ាន់​​ដុត​​ទង់​​ជាតិ​ហ្វីលីពីន REUTERS/Pichi Chuang
ដោយ៖ ឆាយ ហុក​ផេង
១០ នាទី

នៅ​ថ្ងៃ​ចន្ទ​នេះ​ តៃវ៉ាន់​បាន​ប្រកាស​ដាក់​ឱសានវាទ​ដល់​អាជ្ញាធរ​​ហ្វីលីពីន​ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​ទូក​អ្នក​នេសាទ​តៃវ៉ាន់​រហូត​មាន​ស្លាប់​កម្មករ​នេសាទ​ម្នាក់ ឲ្យ​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការ​ និង​សង​ជម្ញឺ​ចិត្ត​ដល់​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ បើ​មិន​ដូច្នោះ​ទេ​តៃវ៉ាន់​អាច​នឹង​បញ្ឈប់​ការ​ជួល​កម្មករ​ហ្វីលីពីន​ដែល​ធ្វើ​ការ​នៅ​តៃវ៉ាន់។

ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​ឱសានវាទ​របស់​តៃវ៉ាន់​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នេសាទ​តៃវ៉ាន់​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន ​កាល​ពី​សប្តាហ៍​មុន​ ព្រោះ​សំអាង​ថា​ទូក​នេសាទ​នោះ​បាន​ចូល​មក​លើ​ដែន​សមុទ្រ​ហ្វីលីពីន​ដោយ​ខុស​ច្បាប់។ ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​នៅ​លើ​ដែន​ទឹក​ភាគ​ខាង​ត្បូង​នៃ​សមុទ្រ​ចិន​ប្រមាណ ៣២០​គីឡូ​ម៉ែត្រពី​កោះ​តៃវ៉ាន់។

 
ឆ្លើយ​តប​ទៅ​នឹង​ឧបទ្ទវហេតុ​នេះ ក្រុម​អ្នក​តំណាង​ប្រទេស​ហ្វីលីពីន​នៅ​តៃវ៉ាន់​ បាន​ធ្វើ​ការ​សុំទោស ​និង​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព ទោះ​ជា​រួច​មក​ហើយ​ តែ​អាជ្ញាធរ​តៃវ៉ាន់​បាន​បន្ត​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ហ្វីលីពីន​ចំពោះ​ឧបទ្ទវហេតុ​នេះ​ដោយ​បាន​គំរាម​ថា​ តៃវ៉ាន់​នឹង​ត្រៀម​ផ្អាក​ជួល​កម្មករ​ហ្វីលីពីន​ដែល​សព្វ​ថ្ងៃ​មាន​កម្មករ​ចំនួន​៨៧ ០០០ នាក់​កំពុង​បំពេញ​ការងារ​នៅ​ទី​នោះ។

ប្រទេស​ហ្វីលីពីន​តាមរយៈ​អ្នក​នាំ​ពាក្យ​របស់​ខ្លួន​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​អ្នក​នេសាទ​តៃវ៉ាន់​។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ម៉ានីល​មិន​យល់​ព្រម​ធ្វើ​ការ​សុំ​ទោស​ជា​ផ្លូវការ​បាន​ឡើយ​ដរាប​ណា​គ្មាន​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ផ្លូវ​ការ​បង្ហាញ​ពី​កំហុស​របស់​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ទេ​នោះ។

សូម​បញ្ជាក់​ថា ​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​កើត​មាន​ជា​រឿយៗ ព្រោះ​តៃវ៉ាន់ ចិន ហ្វីលីពីន​ និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​​តែង​តែ​ទាមទារ​​ថា ដែន​សមុទ្រ​នេះ​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន។ សមុទ្រ​ចិន​ខាង​ត្បូង ​ល្បី​ថា​សម្បូរ​ទៅ​ដោយ​សារធាតុ​អ៊ីដ្រូកាបួ​និង​មាន​សារៈ​សំខាន់​ខាង​នាវាចរណ៍​​កប៉ាល់​ទូទាំង​ពិភពលោក។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ