តៃវ៉ាន់

តៃវ៉ាន់​ អនុម័ត​ច្បាប់​ប្រឆាំងនឹងការ​ជ្រៀតជ្រែក​ពីបរទេស ខណៈ​ពេ​លបោះឆ្នោតប្រធានាធិបតី​​ជិត​មកដល់​​

ប្រធានាធិបតី​​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន (Tsai Ing-wen) នៅចំពោះមុខ​អ្ន​កកាសែត​ ក្រោយ​ពេល​ប្រកាស​ពីការ​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​ ខែ​មករា​ ២០២០
ប្រធានាធិបតី​​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន (Tsai Ing-wen) នៅចំពោះមុខ​អ្ន​កកាសែត​ ក្រោយ​ពេល​ប្រកាស​ពីការ​ត្រៀម​ខ្លួន​ចូលរួម​បោះឆ្នោត​ ខែ​មករា​ ២០២០ REUTERS/Ann Wang

កោះ​តៃវ៉ាន់​ ​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នៅថ្ងៃទី​១១មករា​ ខាងមុខ​។ ក៏ប៉ុន្តែសល់​មិន​ដល់​ពីរ​សប្តាហ៍​ផង គឺ​ សភា​តៃវ៉ាន់​ នៅថ្ងៃដាច់​ឆ្នាំទី​៣១ធ្នូ បាន​សម្រេច​យ៉ាង​ប្រញាប់​ប្រញាល់ អនុម័ត​​ច្បាប់ស្តីពីការ​ប្រឆាំងនឹងការ​ជ្រៀតជ្រែក​ពីបរទេស។ ច្បាប់​ថ្មីនេះ មា​នគោលបំណង​សំខាន់​បំផុត គឺ​រារាំង​ការ​លូកដៃ​ជ្រៀតជ្រែក​ពី​សំណាក់​ចិន​ដីគោក ទៅ​​ក្នុង​ដំណើរ​បោះឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​កោះតៃវ៉ាន់។ 

ផ្សាយពាណិជ្ជកម្ម

ច្បាប់ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនេះ ស្នើឡើង​ដោយ​ទាន់​ហន់​បំផុត ពីសំណាក់​​ប្រធានាធិបតី​​តៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ដាច់​អហំការ​ពី​សំណាក់​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ជាតិនិយម គួកមិញតាង យ៉ាងណា​ក្តី។

ចំពោះ​លោកស្រី ឆៃ អ៊ីងវេន ដែល​គេ​ដឹងថា​​មិន​រណប​ចិន​ប៉េកាំង, ច្បាប់​ថ្មីនេះ បដិសេធ​​កម្លាំង​អរិភាពបរទេស​ ដែល​ជា​សត្រូវ​ ​ ក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត។ ហើយ​ហាម​មិន​ឱ្យ​បុគ្គលឬបក្សណា​ទទួល​ជំនួយ​ពី​បរទេស​មកធ្វើ​នយោបាយ, ហាមឃាត់​ការ​រំខាន​ផ្សេងៗ ដែលនាំឱ្យ​ខូច​សណ្តាប់​សង្គម​ ឬក៏ ហាម​ប្រាម​ការ​​ឃោសនា​អកុសល​ និងដំណឹង​មិន​ពិត ជុំវិញ​ដំណើរការ​បោះឆ្នោះ​នៅ​លើកោះ​តៃវ៉ាន់​។​

ផ្ទុយទៅវិញ​  គណបក្ស​គួកមិញតាង ដែល​ជាបក្ស​ប្រឆាំង​ និង​ដែល​ត្រូវប្រជាពលរដ្ឋ​​វាយតម្លៃថា មាននិន្នាការ រណប​​ក្រុងប៉េកាំង​ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង ហើយ​អ្ន​កតំណាង​រាស្ត្រ​របស់​បក្ស​នេះ មិន​បាន​ចូលរួម​បោះឆ្នោត​អនុម័ត​នោះឡើយ​ ដោយចាត់ទុកថា «ច្បាប់​នេះ អាក្រក់​បំផុត»។

ក៏ប៉ុន្តែ ចំពោះ​លោកស្រី ឆៃ អ៊ីងវេន និង​តំណាង​រាស្ត្រ​ខាង​ខ្លួន ច្បាប់​ថ្មីនេះ គឺ​​នឹង​ធានា​ការងារ​ប្រជាធិបតេយ្យ​រប​ស់​តៃវ៉ាន់ ឱ្យ​ជៀស​ឆ្ងាយ​ពីការ​លូក​ដៃរបស់​ក្រុងប៉េកាំង ឬ​គេច​ពី​ការ​ដាក់​សម្ពាធ ឬក៏​ការ​ប្រើ​មធ្យោបាយ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​ណាមួយ​​របស់​ចិន​ដីគោក​។

ជាការគូស​បញ្ជាក់, ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ឆៃ អ៊ីងវេន តាំងពី​ឡើង​កាន់​អំណាច​នៅឆ្នាំ​២០១៦ គឺ​បាន​ច្រាន​ចោល«​គោលការណ៍​ចិន​តែមួយ​» ហើយ​ប្រឆាំង​យ៉ាងខ្លាំងក្លាចំពោះ​ឥទ្ធិពលរបស់​​ចិន​កុម្មុយនិស្ត​ដីគោក​មកលើដីកោះ​តៃវ៉ាន់​។ ដូច្នេះ រដ្ឋបាល​ក្រុង​តៃប៉ិ​និង​រដ្ឋ​អំណាច​ក្រុង​ប៉េកាំង គឺ​មើលមុខគ្នា​មិនចំសោះឡើយ​ នៅ​ក្រោម​ការ​កាន់​អំណាចរដ្ឋ​​របស់អ្នក​នយោបាយ​ស្រីចិត្ត​ខ្លាំង​ ឆៃ អ៊ីងវេន។ ក្នុងរយៈ​កាល​ច្រើន​ឆ្នាំមកនេះ អំណាច​បក្ស​កុម្មុយនិស្តចិន​ប៉េកាំង បាន​ដាក់​ព្រនុងសម្ពាធ​​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ដំណំ​ទៅលើ​កោះ​តៃវ៉ាន់ ហើយ​ប៉េកាំង​បានប្រើ​«នយោបាយ​ទូត​សេដ្ឋកិច្ច » ផ្តាច់​ប្រទេស​ចំនួន​៧ ដែល​ធ្លាប់​មាន​ចំណង​ទូត​ជាមួយ​ក្រុង​តៃប៉ិ ដោយចង់​ធ្វើ​ឱ្យ ​តៃប៉ិ រស់ឯកា។

យ៉ាងណាក៏ដោយចុះ​ នៅក្នុង​ឱកាស​បោះឆ្នោត​ ដែល​សល់តែ​១០ថ្ងៃទៀតនេះ ប្រធានាធិបតីស្រី​តៃវ៉ាន់ ឆៃ អ៊ីងវេន បាន​សម្តែងក្តី​សង្ឃឹម​ថា លោកស្រី ​នឹងអាច​ឈ្នះឆ្នោត​ជាថ្មី កាន់​អំណា​ច​នៅ​អាណត្តិទី២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI