ប្រជាជនតៃវ៉ាន់ចុះថ្នល់ជាថ្មីដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលតៃវ៉ាន់ចុះជាមួយចិន
ចុះផ្សាយនៅថ្ងៃ៖
នៅទីក្រុងតៃប៉ិ ចលនាប្រជាជនដាក់សម្ពាធលើលោកប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងចូវបានកើត មានជាថ្មី នៅថ្ងៃអាទិត្យ ទី ៣០ មីនា។ មហាបាតុកម្មដែលមានចូលរួមពីប្រជាជនតៃវ៉ាន់ រាប់ម៉ឺននាក់ ត្រូវបានរៀបចំឡើង ដើម្បីទាមទារឲ្យប្រធានាធិបតីតៃវ៉ាន់ ដកតៃវ៉ាន់ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។
“រដ្ឋាភិបាលមិនបានស្តាប់ប្រជាជនដែលចង់ឲ្យតៃវ៉ាន់ដកខ្លួនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន”។ នេះជាសំឡេងស្រែករបស់ក្រុមបាតុករ ដែលមានគ្នីគ្នា រាប់ម៉ឺននាក់ ដើរសំដៅទៅវិមានរដ្ឋាភិបាល នៅថ្ងៃអាទិត្យនេះ។
តាមអាជ្ញាធរ ប៉ូលិសប្រមាណ ៣៥០០នាក់ត្រូវបានពង្រាយ នៅតំបន់ជុំវិញ វិមានរដ្ឋាភិបាល។ សន្តិសុខត្រូវបានពង្រឹងខ្ពស់ បន្ទាប់ពីអាជ្ញាធរខកខាន មិនអាចទប់ស្កាត់ ក្រុមបាតុករ ដែលបានវាយរនាំង សម្រុកចូលក្នុងវិមានរដ្ឋាភិបាល កាល ពីថ្ងៃទី ២៣មីនា។ រហូតមកដល់ថ្ងៃនេះ ក្រុមនិស្សិតតៃវ៉ាន់ ដែលមានគ្នា ប្រមាណ ២០០នាក់ នៅបន្តកាន់កាប់សភា។ ពួកគេតវ៉ាប្រឆាំងដាច់ខាត នឹងកញ្ចប់ព្រមព្រៀងពាណិជ្ជកម្មចិន និងតៃវ៉ាន់ ដែលពួកគេវាយតម្លៃថា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចតៃវ៉ាន់ ហើយនឹងធ្វើឲ្យនយោបាយតៃវ៉ាន់ កាន់តែធ្លាក់ទៅក្នុងអំណាចឥទ្ធិពលរបស់ចិន។ ក្រុមបាតុករដែលស្រែកទាមទារបូរណភាពទឹកដីរបស់តៃវ៉ាន់ បានព្រមានរួចហើយថា កិច្ចព្រមព្រៀងជាមួយនឹងអាចធ្វើតៃវ៉ាន់ កា្លយជាទីក្រុងរបស់ចិន ដូចជាទីក្រុងហុងកុង។
ចាប់តាំងពីឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ ២០០៨ លោកម៉ា យីងចូវ បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនដីគោក។ កិច្ចព្រមព្រៀង លើកនេះ ត្រូវធ្វើឡើង បន្ទាប់ពីចិន និងតៃវ៉ាន់បានចុះហត្ថលេខា លើសហប្រតិបត្តិការសេដ្ឋកិច្ច កាលពីឆ្នាំ ២០១០។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម មានទិសដៅកាត់បន្ថយរបាំង រនាំងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕
ចលនាបាតុកម្មប្រឆាំងនយោបាយរបស់រដ្ឋាភិបាលកើតមានជាថ្មី បើទោះបីជាលោកប្រធានាធិបតីម៉ា យីងចូវ បានធ្វើសម្បទានខ្លះៗ ក៏ដោយ។ កាលពីថ្ងៃសៅរ៍ លោកម៉ា បានយល់ព្រមឲ្យមានបង្កើតច្បាប់ ដើម្បីតាមដានត្រួតពិនិត្យលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តៃវ៉ាន់ ជាមួយចិន។ ប៉ុន្តែ លោកបានបដិសេធ មិនធ្វើតាមការទាមទាររបស់បាតុករ ពោលគឺមិនព្រមដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលតៃវ៉ាន់បានចុះហត្ថលេខា រួចហើយនោះទេ។ តាមលោកប្រធានាធិបតីម៉ា ធ្វើដូច្នេះ នឹងធ្វើឲ្យតៃវ៉ាន់ ខាតបង់យ៉ាងធ្ងន់ធ្ងរ។ ទីក្រុងប៉េកាំងវិញ បានបង្កើនធ្វើ ពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដែលចិននៅតែចាត់ទុកជាកោះរបស់ខ្លួន និងត្រូវរង់ចំាដណ្តើមយកមកគ្រប់គ្រងវិញ នោះបើទោះបីជាត្រូវប្រើកម្លាំងបាយក៏ដោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ