តៃវ៉ាន់-ចិន-ជប៉ុន

តៃវ៉ាន់​ជ្រៀតជ្រែក​ចូល​ក្នុង​វិបត្តិ​រវាង​ចិន និង​ជប៉ុន​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ

តៃវ៉ាន់​ជ្រៀតជ្រែក​ចូល​ក្នុង​វិបត្តិ​រវាង​ចិន និង​ជប៉ុន​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ
តៃវ៉ាន់​ជ្រៀតជ្រែក​ចូល​ក្នុង​វិបត្តិ​រវាង​ចិន និង​ជប៉ុន​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ REUTERS/Kyodo

វិបត្តិ​រវាង​ចិន និង​ជប៉ុន​នៅ​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ​បាន​កើន​មួយ​កម្រិត​ថែម​ទៀត។ បន្ទាប់​ពី​នាវា​ចិន​បាន​បើក​ចូល​ក្នុង​ដែនសមុទ្រ​ជប៉ុន​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៤ កញ្ញា​មក ឥឡូវ​នេះ​ដល់​វេន​​តៃវ៉ាន់​ម្តង​ដែល​បាន​បញ្ជូន​នាវា​នេសាទ អមដំណើរ​ដោយ​នាវា​ឆ្មំាសមុទ្រ​របស់ខ្លួន​ទៅ​កាន់​ដែនសមុទ្រ​ជប៉ុន​នោះ។

ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​លោក Osamu Fujimura អ្នកនំាពាក្យ​រដ្ឋាភិបាល​ជប៉ុន មាន​នាវា​ឆ្មំាសមុទ្រ​តៃវ៉ាន់​ចំនួន ៨គ្រឿង និង​នាវា​នេសាទ​តៃវ៉ាន់​ប្រមាណ​ជា ៤០គ្រឿង ជាមួយ​នឹង​អ្នក​នេសាទ​តៃវ៉ាន់ ៣០០នាក់​បាន​បើក​ចូល​ក្នុង​ដែនសមុទ្រ​ជប៉ុន​នៅ​វេលា​ម៉ោង ៩ព្រឹក ម៉ោង​ក្នុង​ប្រទេស​ជប៉ុន។ នៅ​លើ​នាវា​នីមួយៗ គេ​សង្កេត​ឃើញ​មាន​ដោត​ទង់ជាតិ​តៃវ៉ាន់ ជាមួយ​នឹង​ពាក្យស្លោក​ថា « យើង​សច្ចា​ការពារ​ទីប្រជុំកោះ​ទាវយូ »។ នៅ​ពេល​ដែល​នាវា​តៃវ៉ាន់​កំពុង​រំកិល​ខ្លួន​ចូល​កាន់​តែ​ជិត​ក្នុង​ដែនសមុទ្រ​ជប៉ុន កងឆ្មំាសមុទ្រ​ជប៉ុន​ក៏​បាន​ស្រែក​ព្រមាន​កុំ​ឲ្យ​ពួក​គេ​ចូល​ជ្រៅ​ថែម​ទៀត ដោយ​បាន​ប្រើ​កាណុង​បាញ់ទឹក​បណ្តេញ​ពួក​គេ​ចេញ​វិញ។ កងឆ្មំាសមុទ្រ​តៃវ៉ាន់​ក៏​បាន​ប្រើ​កាណុង​បាញ់ទឹក​តប​វិញ និង​ស្រែក​វិញ​ថា « នេះ​ជា​ដែនសមុទ្រ​របស់​តៃវ៉ាន់ ហើយ​ពួក​យើង​មាន​សិទ្ធិ​មក​កាន់​ទីនេះ »។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោក Fujimura ក៏​បាន​ទាក់ទង​ទីក្រុង​តៃប៉ិក​ដើម្បី​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត អំពី​អធិបតេយ្យ​របស់​ប្រទេស​ជប៉ុន​លើ​ទីប្រជុំកោះ​សេនកាគូ។ ម្យ៉ាង​ទៀត លោក Fujimura ក៏​បាន​រំលឹក​ឡើង​វិញ​អំពី​ទំនាក់ទំនង​ល្អ​រវាង​ជប៉ុន និង​តៃវ៉ាន់​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្នុង​ជម្លោះ​ដែនដី។ ជម្លោះ​ដែនដី​ដែល​ផ្តោត​សំខាន់​លើ​ទីប្រជុំកោះ​សេនកាគូ ជា​ភាសា​ជប៉ុន ឬ ទាវយូ ជា​ភាសា​ចិន។ អ្វី​ជា​ការ​កត់សម្គាល់ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​មាន​នាវា​តៃវ៉ាន់​ជា​ច្រើន​គ្រឿង​ហ៊ាន​បាន​បើក​ចូល​កៀក​ទីប្រជុំកោះ​កំពុង​មាន​ជម្លោះ​នោះ។ គួរ​ជម្រាប​ជូន​ថា កាល​ពី​ឆ្នំា ១៩៩៦ គេ​ធ្លាប់​ឃើញ​មាន​ព្រឹត្តិការណ៍​របៀប​នេះ​ម្តង​ហើយ​ដែល​កាលណោះ មាន​នាវា​ប្រមាណ​ជា ៤០គ្រឿង​រួម​គ្នា​មក​ពី​តៃវ៉ាន់ និង​ហុងកុង។

យ៉ាង​ណា​ក៏​ដោយ ការ​ជ្រៀតជ្រែក​ពី​សំណាក់​តៃវ៉ាន់​នៅ​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ចិន និង​ជប៉ុន​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា​យ៉ាង​ខ្លំាង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ពិសេស បន្ទាប់​ពី​ទីក្រុង​តូក្យូ​មាន​គម្រោង​ទិញ​កោះ​មួយ​ចំនួន​នៃ​ទីប្រជុំកោះ​សេនកាគូ ឬ ទាវយូ​ពី​ម្ចាស់​ជាជនជាតិ​ជប៉ុន​មក​ធ្វើ​ជា​សម្បត្តិ​របស់​រដ្ឋ។ តែ​ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា ទីក្រុង​តៃប៉ិក និង​ប៉េកំាង​ហាក់​ដូច​ជា​បាន​និង​កំពុង​ពួតដៃ​គ្នា​ដាក់​គំនាប​លើ​ទីក្រុង​តូក្យូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI