តៃវ៉ាន់-ចិន

តៃវ៉ាន់៖កម្លំាងប៉ូលិសបានបើកប្រតិបត្តិការវាយបង្រ្កាបក្រុមបាតុករ

ក្រុម​បាតុករ​តៃវ៉ាន់​នៅ​ក្នុង​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​តៃប៉ិក
ក្រុម​បាតុករ​តៃវ៉ាន់​នៅ​ក្នុង​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​តៃប៉ិក REUTERS/Cheng Ko

នៅ​ថ្ងៃ​ចន្ទ ទី២៤ មីនា កម្លំាង​ប៉ូលិស​តៃវ៉ាន់​បាន​បើក​ប្រតិបត្តិការ​គាស់រំលើង​ក្រុម​បាតុករ​ដែល​បាន​ចូល​កាន់កាប់​វិមាន​រដ្ឋាភិបាល​នៅ​យប់​ថ្ងៃ​អាទិត្យ ទី២៣ មីនា។ ក្រៅ​ពី​វិមាន​រដ្ឋាភិបាល ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​និស្សិត ក៏​បាន​ចូល​កាន់កាប់​វិមាន​រដ្ឋសភា​តំាង​តែ​មួយ​សប្តាហ៍​កន្លង​មក​ហើយ។ គោលដៅ​របស់​ពួក​គេ គឺ​ដើម្បី​ដាក់​គំនាប​លើ​រដ្ឋាភិបាល និង​រារំាង​សភា​កុំ​ឲ្យ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ដោះដូរ​សេរី​ជាមួយ​ជាមួយ​ប្រទេស​ចិន​ដែល​ពួក​គេ​យល់​ថា នឹង​ធ្វើ​ឲ្យ​តៃវ៉ាន់​បាត់​ប្រយោជន៍​យ៉ាង​ច្រើន។  

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​បន្ទាប់​ពី​បាន​សម្ងំស្ងៀម​អស់​រយៈពេល ៦ថ្ងៃ​មក រដ្ឋាភិបាល​ទីក្រុង​តៃប៉ិក​មិន​អាច​បន្ត​ឈរ​អោប​ដៃ​ទៀត​បាន​ឡើយ ដោយ​បាន​បញ្ជូន​កម្លំាង​ប៉ូលិស​មក​ពី​គ្រប់​តំបន់​ទំាង​អស់​ឲ្យ​ទៅ​វាយបំបែក​ហ្វូងបាតុករ​នៅ​ក្នុង​វិមាន​រដ្ឋាភិបាល។ កម្លំាង​ប៉ូលិស​បាន​ប្រើ​ដំបងឆក់​ដើម្បី​គាស់​រំលើង​ក្រុមបាតុករ​ដែល​មាន​គ្នា​ប្រមាណ​ជា ៣ ០០០នាក់​ចេញ​ពី​វិមាន​រដ្ឋាភិបាល។ គឺ​នៅ​ព្រលប់​ថ្ងៃ​អាទិត្យ ទី២៣ មីនា​ម្សិលមិញ​ដែល​ក្រុមបាតុករ​បាន​នំា​គ្នា​សម្រុក​ចូល​វិមាន​រដ្ឋាភិបាល​ដោយ​រុញ​ច្រាន​ទម្លាយ​រនំាង​កម្លំាង​ប៉ូលិស និង​រនំាង​របង​លួស​ដែល​នៅ​ព័ទ្ធ​ជុំវិញ​វិមាន​រដ្ឋាភិបាល​ក្នុង​ទីក្រុង​តៃប៉ិក។ នា​ឱកាស​នោះ ក៏​មាន​បាតុករ​មួយ​ក្រុម​បាន​នំា​គ្នា​ចូល​ទៅ​ខាង​ក្នុង​វិមាន​រដ្ឋាភិបាល​ដោយ​ទម្លាយ​ទ្វារបង្អូច។

ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​ក៏​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​បាតុករ និង​កម្លំាង​ប៉ូលិស។ តែ​លោក​ប្រធានាធិបតី​តៃវ៉ាន់​ម៉ា យីងជៀវ​បាន​ទម្លាក់​អំពើ​ហិង្សា​លើ​ក្រុម​បាតុករ។ រីឯ​គណបក្ស​ប្រឆំាង​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​បាន​ស្នើ​លោក​ប្រធានាធិបតី​ឲ្យ​បើក​កិច្ចចរចា​ជាបន្ទាន់​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ តែ​លោក​ប្រធានាធិបតី​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយ​ថា រដ្ឋាភិបាល​នឹង​មិន​ត្រលប់​ក្រោយ​មក​និយាយ​រឿង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោះដូរ​សេរី​ជាមួយ​ចិនកុម្មុយនិស្ត​ជា​ថ្មី​ឡើង​វិញ​ទេ។ សម្រាប់​លោក​នាយករដ្ឋមន្រ្តី​តៃវ៉ាន់​វិញ លោក​ជំាង យីហ័រ (Jiang Yi-huah) ក៏​បាន​ឆ្លើយ​ដូច​គ្នា​នឹង​លោក​ម៉ា យីងជៀវ​ដែរ តែ​លោក​យីហ័រ​បាន​គូសបញ្ជាក់​ថា លោក​ក៏​មិន​យល់​ទាស់​នឹង​ការងារ​របស់​សភា​ក្នុង​ការ​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​នោះ​ឲ្យ​បាន​ស៊ីជម្រៅ ដោយ​ធ្វើ​ការ​សិក្សា​លើ​មាត្រា​នីមួយៗ​ឲ្យ​បាន​ម៉ត់ចត់ មុន​នឹង​ឲ្យ​សច្ចាប័ន។

គួរ​ជម្រាប​ជូន​ថា បាតុករ​តៃវ៉ាន់​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ព្យួរ​មួយ​រយៈ​សិន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្នែក​សេវា ព្រម​ទំាង​គ្រប់​កិច្ចព្រមព្រៀង​ផ្សេង​ទៀត និង​កិច្ចចរចា​ទំាង​ឡាយ​ណា​ដែល​តៃវ៉ាន់​មាន និង​កំពុង​បន្ត​ជជែក​ជាមួយ​ចិន​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​តៃវ៉ាន់។ ក្រុមប្រឆំាង​បន្ត​ជំទាស់​ដោយ​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លំាង​ដល់​សេដ្ឋកិច្ច​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI