អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​រដ្ឋមន្ត្រី​ចិន​ នៅ​កោះ​តៃវ៉ាន់​

សំឡេង ០៥:៥៦
រដ្ឋមន្ត្រីចិន ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់ លោក ​ចាំង ជឺជុន (ឆ្វេង) ចាប់ដៃ​ជាមួយ​ភាគីតៃវ៉ាន់ ​លោក​ វ៉ាង យូជី នៅ​​តៃយាន់ កោះតៃវ៉ាន់ ​ថ្ងៃ​ពុធ ២៥ មិថុនា​នេះ។
រដ្ឋមន្ត្រីចិន ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់ លោក ​ចាំង ជឺជុន (ឆ្វេង) ចាប់ដៃ​ជាមួយ​ភាគីតៃវ៉ាន់ ​លោក​ វ៉ាង យូជី នៅ​​តៃយាន់ កោះតៃវ៉ាន់ ​ថ្ងៃ​ពុធ ២៥ មិថុនា​នេះ។ REUTERS/Pichi Chuang
ដោយ៖ ព្រំ សឿន សូលីណា
៣៦ នាទី

នៅ​ថ្ងៃ​ពុធ​នេះ លោក ចាំង ជឺជុន Zhang Zhijun រដ្ឋមន្ត្រីចិន​ទទួលបន្ទុក​​កិច្ចការ​តៃវ៉ាន់ បាន​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​​ផ្លូវការ​ប្រវ​ត្តិសាស្ត្រ​ជាលើក​ទី១ នៅ​តៃវ៉ាន់ ​គិត​​ចាប់ពី​​​ចិន​រង​​​សង្គ្រាម​ស៊ីវិល​​​​ ឆ្នាំ​១៩៤៩ ពេល​ក្រុម​ជាតិ​និយម​ប្រយុទ្ធ​ជាមួយ​ក្រុម​​ម៉ៅនិយមមក។ ​ការ​បង្កើត​ការិយាល័យ​​ទំនាក់​ទំនង​រវាង​ចិន​និង​តៃវ៉ាន់ ក្នុង​ទឹកដី​ភាគីទាំង២​​​ គឺ​ជា​ប្រធានបទ​​ជំនួប​រវាង​រដ្ឋមន្ត្រី​ចិន និង​ភាគីតៃវ៉ាន់ ទទួល​បន្ទុក​​ទំនាក់ទំនង​​​​ជាមួយ​ចិន​ គឺ​លោក​វ៉ាង យូជី Wang Yu-chi។ ​​​​លោក​ចាំង​ និង​លោក​វ៉ាង​ ធ្លាប់​ជួបគ្នា​ម្តង​​ហើយ កាល​ពី​ខែ​កុម្ភៈ​ នៅខេត្ត​ណានជីង​ ប្រទេស​​ចិន។ នៅថ្ងៃពុធ​នេះដែរ​​ ​ក្រុម​បាតុករ​​ជាតិនិយម​​ បាន​ព្យាយាម​ចូលទៅ​ក្បែរ​សណ្ឋាគារ​​​ដែល​​ លោក​ Zhang និង​លោក​វ៉ាង ជួបគ្នា​ ហើយ​បាន​ប៉ះទង្គិច​​ជាមួយ​កងកម្លាំង​​សន្តិសុខ​។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ចិន ​ចាំង ជឺជុន  Zhang Zhijun តំណាង​អោយ​​រដ្ឋាភិបាល​ចិន​ដីគោក ​​​ចង់​ស្វែងយល់​ថា ហេតុអ្វី​​បាន​ជា​​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​​រវាង​តៃវ៉ាន់​និង​ចិន ជា​ការ​ផ្តោះប្តូរ​ផ្តល់​​ផល​ប្រយោជន៍​​សេដ្ឋកិច្ច​អោយ​​ប្រជាជន​តៃវ៉ាន់​សោះ បែរ​ជា​ត្រូវ​ប្រជាជន​តៃវ៉ាន់​ប្រឆាំង​យ៉ាង​ពេញ​ទំហឹង​​​ទៅវិញ។​ ​គួររំលឹក​ថា ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១របស់​តៃវ៉ាន់។ ក្រុង​ប៉េកាំង​និង​ក្រុង​តៃប៉ិ​ បាន​ចុះ​ហត្ថលេខា​​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ជាមួយ​គ្នា កាលពី​ឆ្នាំ​២០១០ តែ​​សភា​តៃវ៉ាន់​នៅ​មិនទាន់​អោយ​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ​នៅឡើយ។ សន្ធិសញ្ញា​រវាង​ចិន​ដីគោក និង​ចិន​តៃវ៉ាន់​នេះ មាន​ទិសដៅ​អោយ​​ក្រុមហ៊ុន​តៃវ៉ាន់ និង​ក្រុមហ៊ុន​ចិន​បើក​សេវា​បំរើ​ផ្សេងៗ ក្នុង​ទឹកដី​​រៀងៗខ្លួន។

ប្រជាជន​តៃវ៉ាន់​ជាតិនិយម​ បាន​ជំទាស់​ខ្លាំងក្លា​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន។ កាលពី​ខែ​មិនា និស្សិត​តៃវ៉ាន់​រាប់រយ​នាក់ បាន​កាន់កាប់​សភា​ ​រាំងស្ទះ​កុំអោយ​សភា​​អនុម័ត​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ក្រុម​ជាតិនិយម​តៃវ៉ាន់​​​បារម្ភ​​ថា ដោយសារ​កិច្ចព្រមព្រៀង​នេះ ​សេដ្ឋកិច្ច​តៃវ៉ាន់​នឹង​​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ចិន។ ហេតុអ្វី​ក៏ពឹង​ខ្លាំង ? ព្រោះថា​ បើ​ទំនិញចិន​ហូរចូល​​តៃវ៉ាន់​កាន់តែ​ច្រើន នោះ​លុយ​ចិន​ក៏​នឹង​មាន​វត្តមាន​ច្រើន​នៅ​​កោះតៃវ៉ាន់​ដូចគ្នា​ដែរ។ ​ហើយ​ប្រជាជន​ចិន​ទៀតសោត ក៏​អាច​​ចូល​ទៅ​វិនិយោគ​ដោយសេរី​​ក្នុង​ទឹកដី​តៃវ៉ាន់​ដែរ។ ដូច្នេះ ចិន​អាច​​ក្តោប​សេដ្ឋកិច្ច​តៃវ៉ាន់​ទាំងស្រុង ហើយ​តៃវ៉ាន់​មិនយូរ​មិនឆាប់​ អាច​នឹង​ក្លាយ​ជា​ខេត្ត​របស់​ចិន​ផង​ក៏ថាបាន។

ម្យ៉ាងទៀត ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​ដំឡើងថវិកា​យោធា​សន្ធឹកសន្ធាប់​ នេះ​ជា​ការ​បារម្ភ​របស់​​អ្នកជាតិ​និយម​តៃវ៉ាន់។ អ្នកជាតិ​និយមតៃវ៉ាន់ ដឹងច្បាស់​​ថា ចិន​​នៅតែ​​​ចាត់ទុក​កោះតៃវ៉ាន់​ ជា​កម្មសិទ្ធិ​របស់​ចិន។ ​ចិន​​មិនខ្លាច​ប្រើ​កម្លាំង​បាយ​​ ​​យកតៃវ៉ាន់​មកវិញ​ទេ។​ ចិន​ក៏អាច​ប្រើ​នយោបាយ​​លើ​តៃវ៉ាន់​ ​​ដូច​ជា​នយោបាយ​នៅ​ហុងកុងដែរ គឺ​នយោបាយ​​ប្រទេស​តែមួយ ដឹកនាំ​ដោយ​ប្រព័ន្ធ​នយោបាយ​២ផ្សេងគ្នា។ ​

​ដោយសារដឹងថា ប្រជាជន​តៃវ៉ាន់​ស្អប់ចិន​នេះហើយ ទើប​ក្នុង​ដំណើរទស្សនកិច្ច​នៅ​តៃវ៉ាន់​ ​​​ថ្ងៃ​ពុធនេះ ​រដ្ឋមន្ត្រី​ចិន ​ Zhang Zhijun បាន​​​​ចៀសវាង​​បង្ក​ភាពតានតឹង​​ជាមួយ​ប្រជាជន​តៃវ៉ាន់​ ដោយ​លោក​មិនបាន​ចុះ​ទៅ​រដ្ឋធានី​តៃប៉ិ​​ទេ។ ​​លោក​បាន​ទៅ​ទីកន្លែង​ផ្សេងៗ​​ទៀត ​នៅក្បែរ​​ក្រុងតៃប៉ិ។ ​

ប្រជាជន​តៃវ៉ាន់​​ចាត់ទុក​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​​ ថា​ជា​អន្ទាក់ របស់​ចិន​​ ​ដើម្បី​​ដណ្តើម​យក​​​តៃវ៉ាន់ តែ​រដ្ឋាភិបាល​តៃវ៉ាន់​របស់​​​​ប្រធានាធិបតី ម៉ា យីងចូវ​ ​មិន​ដកតៃវ៉ាន់​ចេញពី​កិច្ចព្រមព្រៀង​​​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទេ​​​

ក្នុង​ក្រសែ​ភ្នែក​​​រដ្ឋាភិបាល​តៃវ៉ាន់ ​ការដោះដូរ​ពាណិជ្ជកម្ម​​ជាមួយចិន គឺ​ជាប្រយោជន៍​សម្រាប់​តៃវ៉ាន់។ ​ក្នុង​មួយឆ្នាំៗ ​ទំហំដោះដូរពាណិជ្ជកម្ម​ជាមួយចិន​​ ​មានតម្លៃ​ជា​ទឹកប្រាក់​រហូត​១១០ពាន់​លាន​ដុល្លារ។ 

ទន្ទឹម​គ្នា​នេះដែរ​ ​ប្រធានាធិបតី​តៃវ៉ាន់ ​​ម៉ា យីងចូវ ​​​​មាន​ទំនោរ​​ទៅរកចិន។ ​លោក​ម៉ា ជាប់ឆ្នោត​​​នៅតៃវ៉ាន់​២អាណត្តិ​មកហើយ គឺ​នៅ​ឆ្នាំ ២០០៨ និង​ឆ្នាំ​២០១២។ ក្រោយ​ជាប់ឆ្នោត​​​​​អាណត្តិ​ទី២ នៅ​ឆ្នាំ​២០១២ លោក​ម៉ា បាន​ជំរុញ​សភា​អោយ​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ​​លោក​ម៉ា​ដឹង​ច្បាស់​ថា ​ប្រជាជន​តៃវ៉ាន់​ជំទាស់​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ជាមួយ​ចិន។ ​ដូច្នេះ ​ក្នុង​ការគ្រប់គ្រង​​ ​ប្រធានាធិបតី​​តៃវ៉ាន់​​ ​មិនបាន​​​ផ្តោត​បង្ហាញ​​​នយោបាយ​ទឹកដី​ជាមួយចិន ​ក្នុង​ស្រុក​ឡើយ ​ចៀសវាង​​​​បង្កើន​ភាព​តានតឹង​​ក្នុងចំណោម​​អ្នកជាតិ​និយម​តៃវ៉ាន់ ដែល​ស្អប់​ចិន​ ដែលនេះ​ជា​បញ្ហា​​​​​ប៉ះពាល់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​តៃវ៉ាន់​និង​ចិន។ ការ​ចៀសវាង​លើក​ឡើង​ពី​នយោបាយ​ទឹកដី​នេះ បង្ហាញពី​នយោបាយ​ត្រជាក់​របស់​តៃវ៉ាន់​ចំពោះ​ចិន តែ​​នៅតែ​មិន​អាច​ទប់​កំហឹង​​​អ្នកជាតិ​និយម​តៃវ៉ាន់ទេ។

រដ្ឋមន្ត្រីចិន​​ចៀសវាងពិភាក្សា​ពី​ប្រធានបទ​លក្ខន្តិកៈ​តៃវ៉ាន់ ជាមួយ​ភាគីតៃវ៉ាន់

​​ក្នុង​ទស្សនកិច្ច​នៅតៃវ៉ាន់​ថ្ងៃ​ពុធនេះ ​លោក ចាំង ជឺជុន ​Zhang Zhijun រដ្ឋមន្ត្រី​ចិន​​​ទទួលបន្ទុក​​កិច្ចការ​តៃវ៉ាន់ ចៀសវាង​ពិភាក្សា​ជាមួយ​ដៃគូ​លោក គឺ​លោក​ វ៉ា យូជី ពី​លក្ខន្តិកៈ​កោះតៃវ៉ាន់។ ​រដ្ឋាភិបាល​ចិន​និង​តៃវ៉ាន់​ខិតខំខិតជិត​រក​​គ្នា​នេះ ក៏​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​​រវាង​គ្នា​ដែរ។ ទោះ​យ៉ាង​នេះក្តី ​ចិន​នៅតែ​ចាត់ទុក​កោះតៃវ៉ាន់ ជា​កម្មសិទ្ធិ​ជាតិចិន។ ចិន​មិន​ប្រើ​អន្តរាគមន៍​យោធា​ដណ្តើម​តៃវ៉ាន់​ក៏ពិត​មែន តែ​ចិន​​អាច​ប្រើ​កិច្ច​ព្រមព្រៀង​​​​ពាណិជ្ជកម្ម​សេរី​នេះ ជា​យុទ្ធសាស្ត្រ​​​​​​ដាក់ឥទ្ធិពលចិន​​​​នៅ​កោះតៃវ៉ាន់​។ រដ្ឋាភិបាល​​ចិន​ធ្លាប់​ប​ង្ហាញ​​បំណង​​បង្រួបបង្រួម​ជាមួយតៃវ៉ាន់​ឡើងវិញ។ ​

ពីរ​សប្តាហ៍​មុននេះ ​ផ្នែកការបរទេស​ចិន​បា​ន​​​លើកឡើង​ថា ​បូរណភាព​ជាតិចិន​គឺ​ប្រជាជន​ចិន​ទាំងមូល ​រួម​មាន​ប្រជាជន​តៃវ៉ាន់​ផងដែរ ជា​អ្នកសម្រេច។ ​តៃវ៉ាន់​តប​វិញ​ថា អនាគត​កោះ​តៃវ៉ាន់​ ​គឺ​ប្រជាជន​តៃវ៉ាន់​ជាអ្នក​សម្រេច។ ​នេះ​ស-បញ្ជាក់​ថា ប្រធានបទ​ទឹកដី​ជា​ប្រធានបទ​តានតឹង។ ​​ជាជាង​​​​បង្ហាញ​​ប្រជាជន​​តៃវ៉ាន់​ថា ​​​ចិន​ចង់​រួបរួម​ជាមួយតៃវ៉ាន់​​ ប្រធានបទ​ទឹកដី​ មានតែ​​​ធ្វើ​អោយ​​​ប្រជាជន​តៃវ៉ាន់​គិត​ថា ​​​តៃវ៉ាន់​​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន​ដីគោក​​​ទៅវិញទេ។ ​រដ្ឋមន្ត្រី​ចិន ដឹង​ច្បាស់​បញ្ហានេះ ដូច្នេះ ​លោក​ប្រាកដ​​ជា​​ចៀសវាង​ពិភាក្សា​បញ្ហា​នេះ ជាមួយ​គូភាគី​តៃវ៉ាន់ហើយ។

​ប្រវត្តិ​ទឹកដី​​ចិន​និង​តៃវ៉ាន់៖ ​ចិន​បាន​រង​សង្គ្រាម​ស៊ីវិល​​នៅ​ឆ្នាំ​១៩៤៩ ជា​សង្គ្រាម​រវាង​ក្រុម​អ្នកជាតិ​និយម និង​ក្រុមអ្នកគាំទ្រ​លោក​​​ម៉ៅ សេទុង។ កាលណោះ​ កងទ័ព​មេដឹកនាំ​ជាតិ​និយម​ ចៀង កាយចៀក​ បាន​ច្បាំង​ចាញ់​ក្រុម​ម៉ៅនិយម។ ​ប្រជាជន​ចិន​២លាន​នាក់​ ដែល​គាំទ្រ​​លោក​​ ចៀង​ កាយចៀក បាន​រត់​ទៅ​កោះ​តៃវ៉ាន់ និង​បាន​ប្រកាស​បង្កើត​​​សាធារណរដ្ឋ​ចិន។ ​ចាប់​ពី​ពេលនោះ​មក ប្រជាជន​នៅតៃវ៉ាន់ និង​ប្រជាជន​ចិន​ដីគោក តែង​ទាមទារ​ថា ខ្លួន​ជា​ម្ចាស់​ប្រទេស​ចិន​​ រៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ