ក្រុមតាលីបង់វាយប្រហារមូលដ្ឋានទ័ពអាហ្វហ្កានីស្ថានសម្លាប់ទាហានជាង១០០នាក់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅអាហ្វហ្កានីស្ថាន ថ្ងៃសុក្រម្សិលមិញ ក្រុមតាលីបង់បានចូលទៅវាយប្រហារមូលដ្ឋានយោធា Mazar-i-Sharif នៅភាគខាងជើងប្រទេស សម្លាប់ទាហានយ៉ាងហោច១៤០នាក់។ យោងតាមប្រភពយោធាក្នុងស្រុក តួលេខនេះអាចឡើងដល់១៥០នាក់។ បើដូច្នេះមែន នេះគឺជាការវាយ ប្រហារធ្ងន់បំផុតប្រឆាំងទាហាននិងជនស៊ីវិល នៅអាហ្វហ្កានីស្ថាន។
រសៀលថ្ងៃសុក្រម្សិលមិញ ក្នុងពេលម៉ោងបន់ស្រន់ព្រះ ក្រុមភេរជនតាលីបង់ស្លៀកពាក់ឯកសណ្ឋានយោធា បានចូលទៅវាយប្រហារនៅមូលដ្ឋានយោធា Mazar-i-Sharif ភាគខាងជើងអាហ្វហ្កានីស្ថាន។ ដើម្បីអាចចូលក្នុងមូលដ្ឋានទ័ពបាន ក្រុមតាលីបង់ប្រាប់ថា ពួកគេដឺកមនុស្សរបួស ត្រូវការចូលក្នុងមូលដ្ឋានទ័ពជាបន្ទាន់។
កងកម្លាំងពិសេសអាហ្វហ្កានីស្ថានបានបើកប្រតិបត្តិការប្រយុទ្ធនឹងក្រុមតាលីបង់ បិទបញ្ចប់ការបង្ហូរឈាម។ យោងតាមក្រសួងការពារជាតិអាហ្វហ្កានីស្ថាន សកម្មជនភេរវជនតាលីបង់មានគ្នា១០នាក់ ៧នាក់ត្រូវបានទាហានអាហ្វហ្កានីស្ថានបាញ់សម្លាប់ ហើយ២នាក់ទៀត ដែលជាអ្នកបំផ្ទុះគ្រាប់បែក ត្រូវបានចាប់ខ្លួន។ ក្រុមតាលីបង់ប្រាប់ថា ការវាយប្រហារនេះ គឺដើម្បីសងសឹកចំពោះការស្លាប់របស់មេដឹកនាំចលនាអ៊ីស្លាមនៅភាគខាងជើងអាហ្វហ្កានីស្ថាន។
គួរបញ្ជាក់ថា ទាហានបរទេស ពិសេសទាហានអាល្លឺម៉ង់ ក៏បានដាក់ទ័ពខ្លួននៅមូលដ្ឋាន យោធា Mazar-i-Sharif ភាគខាងជើងនេះដែរ។ យោងតាមអ្នកនាំពាក្យទាហានអាល្លឺម៉ង់ គ្មានទាហានអាល្លឺម៉ង់ណាម្នាក់ រងគ្រោះក្នុងការវាយប្រហារថ្ងៃសុក្រម្សិលមិញទេ។ ក្រុមតាលីបង់ទាមទារអោយទ័ពបរទេសចាកចេញអោយអស់ពីអាហ្វហ្កានីស្ថាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ