អាមេរិកនិងតាលីបង់ ត្រៀមខ្លួនចុះកិច្ចព្រមព្រៀងសន្តិភាព នៅចុងខែកុម្ភៈនេះ
ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បញ្ជាក់ថា សហរដ្ឋអាមេរិក និង តាលីបង់ នឹងចុះកិច្ចព្រមព្រៀមសន្តិភាពជាមួយគ្នា ជុំវិញជម្លោះនៅអាហ្វហ្កានីស្ថាន។ ការចុះហត្ថលេខា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩កុម្ភៈ ចុងខែនេះ។ នេះជាសេចក្តីប្រកាសរបស់ប្រមុខដឹកនាំការទូតអាមេរិក ដែលបានធ្លាក់មកថ្ងៃសុក្រ ទី២១កុម្ភៈ នៅពេលដែល លោក Mike Pompeo ធ្វើដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត ជាទីដែលលោកបានជួបសន្យាជាមួយសមភាគីតំណាងក្រុមតាលីបង់។ ប្រភពជាច្រើនពីខាងតាលីបង់វិញ ក៏បានបញ្ជាក់ដែរ កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ គឺនឹងធានាឱ្យកងទ័ពអាមេរិក ដកចេញបន្តិចម្តងៗរហូតចេញអស់ ពីមូលដ្ឋានអាហ្វហ្កានីស្ថាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហរដ្ឋអាមេរិក និង តំណាងក្រុមតាលីបង់ សុទ្ធតែបញ្ជាក់ដូចៗគ្នា ថា«បន្ទាប់ពីជជែកពិភាក្សាយ៉ាងយូរនិងវែងឆ្ងាយរួចមក ភាគីទាំងពីរសម្រេចស្រុះស្រួលគ្នា ថានឹងចុះកិច្ចព្រមព្រៀមសន្តិភាព នៅថ្ងៃទី២៩កុម្ភៈ ដោយស្ថិតនៅក្រោមភ្នែកច្រមុះ ឃ្លាំមើលតាមដានពីអ្នកសង្កេតការណ៍អន្តរជាតិទៀតផង»។ កងកម្លាំងយោធាថ្នាក់ក្រោមៗរបស់តាលីបង់ ក៏បានអះអាងប្រាប់អ្នកកាសែតAFP នៅមូលដ្ឋានជម្លោះដែរ ថាពួកគេបានទទួលបញ្ជាពីថ្នាក់លើតាលីបង់ឱ្យផ្អាកអំពើហិង្សាបាញ់បោះនៅសមរភូមិ។
ក្រោយទទួលដំណឹងនេះ អង្គការសម្ព័ន្ធអាត្លង់ទិកអូតង់ ត្រេកអរនិងបានថ្លែងអបអរសាទរ។ អូតង់ដែលមានទាហានបេសកម្ម ជាង១ម៉ឺន៦ពាន់នាក់ ឈរជើងនៅអាហ្វហ្គានីស្ថាន បានចាត់ទុកថា «ការចរចារវាងសហរដ្ឋអាមេរិកនិងតាលីបង់នៅលើកនេះ នឹងនាំឱ្យកាត់បន្ថយអំពើហិង្សា ឈានដល់បទឈប់បាញ់គ្នា ព្រមទាំងអាចឈានដល់កសាងសន្តិភាពតែម្តង សន្តិភាពដែលអាចមានចីរភាពតរៀងទៅ»។
ទន្ទឹមគ្នានេះ ប្រទេសរុស្ស៊ីវិញដែលធ្លាប់បានជួយជ្រោមជ្រែងឱ្យភាគីជម្លោះចូលតុចរចានាពេលកន្លងទៅ រដ្ឋបាលក្រុងម៉ូស្កូ នៅថ្ងៃសុក្រ ក៏បានចាត់ទុកថា «ការយល់ព្រមចុះកិច្ចព្រៀងរួមគ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពនៅអាហ្វហ្គានីស្ថាន»។
តាមខ្លឹមសារខ្លះដែលអ្នកកាសែតទទួលបាន កិច្ចព្រមព្រៀងដែលគ្រោងចុះហត្ថលេខា នៅថ្ងៃសៅរ៍ ទី២៩កុម្ភៈ គឺមានចែងពីការដកកងទ័ពអាមេរិក ពីអាហ្វហ្កានីស្ថាន។ អាមេរិកមានទ័ពឈរជើងនៅទីនោះ ពីជាង១ម៉ឺន២ពាន់ ទៅ១ម៉ឺន៣ពាន់នាក់។ ហើយពេលដែលចុះហត្ថលេខារួចហើយ ពួកតាលីបង់និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នឹងចរចាគ្នាដោះស្រាយជម្លោះផ្ទៃក្នុងជាមួយគ្នាដោយផ្ទាល់។ ជាការកត់សម្គាល់ នាពេលកន្លងមក ក្រុមតាលីបង់ មិនដែលព្រមចង់និយាយជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថានដោយផ្ទាល់នោះទេ ព្រោះតាលីបង់ចាត់ទុកថា «ជាអាយ៉ងរបស់អាមេរិក»។
ជាការរម្លឹក សហរដ្ឋអាមេរិក បានប្រកាសសង្គ្រាមភេរវកម្ម និងបានបញ្ជូនកងទ័ពចូលទៅទឹកដីអាហ្វហ្កានីស្ថាន នៅក្រោយព្រឹត្តិការណ៍ថ្ងៃទី១១កញ្ញា២០០១។ ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រមាណ ១ពាន់ ពាន់លានដុល្លារ ក្នុងសង្គ្រាមនេះ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតចាប់ពីត្រឹមឆ្នាំ២០០៩មក គឺមានមនុស្សជាង១ម៉ឺននាក់ បានស្លាប់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ