ក្រុមតាលីបង់ដាក់បញ្ជាសកម្មជនខ្លួនអោយធ្វើការរាំងស្ទះដល់ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមតាលីបង់អាហ្វហ្កានីស្ថានបានចេញបញ្ជាអោយសកម្មជនប្រយុទ្ធរបស់ខ្លួន ធ្វើសកម្មភាពរាំងស្ទះដល់ដំណើរការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន ដែលត្រូវរៀបចំធ្វើនៅថ្ងៃទី៥មេសាខាងមុខ។ ក្រុមតាលីបង់បានព្រមានថា នឹងវាយប្រហារសកម្មជនរឺក៏បណ្តាជនដែលទទួលបន្ទុករៀបចំការបោះឆ្នោតនេះ។ នេះជាលើកទី១ហើយ ដែលក្រុមឧទ្ទាមតាលីបង់បានគំរាមផ្ទាល់ចំពោះដំណើរការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន។
នៅថ្ងៃចន្ទនេះ ក្រុមឧទ្ទាមតាលីបង់អាហ្វហ្កានីស្ថានបានអំពាវនាវក្នុងវេបសៃត៍របស់ខ្លួន អោយសកម្មជនប្រយុទ្ធតាលីបង់ទាំងអស់ ប្រើប្រាស់រាល់កងកម្លាំងដែលពួកគេមាន ដើម្បីរាំងស្ទះដំណើរការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន នៅខែមេសាខាងមុខ។ ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន ជុំទី១ត្រូវប្រព្រឹត្តទៅនៅថ្ងៃ៥មេសា។ ក្រុមតាលីបង់បានគំរាមផងដែរថា នឹងវាយប្រហារបណ្តាជនដែលទទួលបន្ទុករៀបចំការបោះឆ្នោតនេះ។
ពួកតាលីបង់បានចាត់ទុកការបោះឆ្នោតប្រធានាធិបតីនៅអាហ្វហ្កានីស្ថានថា ជាការបោះឆ្នោតគ្មានឆន្ទៈអ្វីនោះទេ។ ពួកគេលើកឡើងថា ជនជាតិអាហ្វហ្កានីស្ថានម្នាក់ៗត្រូវតែដឹងថា ការទៅបោះឆ្នោតនេះ វាគ្មានប្រយោជន៍អ្វីនោះទេ ព្រោះថាលទ្ធផលនៃការបោះឆ្នោត ត្រូវបានការិយាល័យសេអ៊ីអា និងមន្ទីរប៉ង់តាហ្កូន សម្រេចមុនរួចទៅហើយ។ ក្រុមតាលីបង់បានបង្គាប់អោយប្រជាជនអាហ្វហ្កានីស្ថានស្ថិតនៅអោយឆ្ងាយពីការិយាល័យបោះឆ្នោត នៅថ្ងៃបោះឆ្នោតខាងមុខនេះ។
នេះជាលើកទី១ហើយដែលក្រុមឧទ្ទាមតាលីបង់គំរាមផ្ទាល់ដល់ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន។ កន្លងមក មេក្រុមតាលីបង់ ម៉ូឡា អូម៉ា ធ្លាប់បានអំពាវនាវអោយធ្វើពហិការក្នុងការបោះឆ្នោតនេះរួចមកហើយ។ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថាន នៅថ្ងៃ៥មេសាខាងមុខ មានបេក្ខជន១០រូប ឈរឈ្មោះ។ ប្រធានាធិបតីហាមីឌ កាហ្សៃដឹកនាំប្រទេសចាប់ពីពេលពួកតាលីបង់បាត់បង់អំណាច ក្នុងឆ្នាំ២០០១មក គ្មានសិទ្ធិឈរឈ្មោះសម្រាប់អាណត្តិទី៣ទៀតទេ។
ការបោះឆ្នោតប្រធានាធិបតីអាហ្វហ្កានីស្ថានឆ្នាំ២០១៤នេះ ជាតេស្តសម្រាប់អាជ្ញាធរក្នុងការធានាសុវត្ថិភាពសន្តិសុខ និងអនាគតប្រទេសជាតិ ក្រោយសហគមន៍អន្តរជាតិបានធ្វើអន្តរាគមន៍១២ឆ្នាំមកនេះ ពិសេសជិតដល់ពេលដែលអង្គការអូតង់ត្រូវដកទ័ពខ្លួន៥ម៉ឺននាក់នៅដំណាច់ឆ្នាំ២០១៤នេះផង។ គួររំលឹកថា ក្រោមការគំរាមរបស់ក្រុមតាលីបង់ ការបោះឆ្នោតកាលពីឆ្នាំ២០០៩ មានភាពច្របូកច្របល់ និងរងការក្លែងបន្លំច្រើន ធ្វើអោយលោកហាមីឌ កាហ្សៃ បានឡើងកាន់អំណាចជាលើកទី២៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ