អាហ្វហ្កានីស្ថាន

ក្រុម​​តាលីបង់​​​បើក​​​យុទ្ធនាការ​​​​វាយលុក​​​ទាហាន​​​​អាហ្វហ្កានីស្ថាន និង​​ទាហាន​​​បរទេស​​

អតីត​យុទ្ធជន​ក្រុម​តាលីបង់ ក្នុង​ពិធី​ទំលាក់​អាវុធ​ចុះ នៅ​អាហ្វហ្កានីស្ថាន ឆ្នាំ២០១៥
អតីត​យុទ្ធជន​ក្រុម​តាលីបង់ ក្នុង​ពិធី​ទំលាក់​អាវុធ​ចុះ នៅ​អាហ្វហ្កានីស្ថាន ឆ្នាំ២០១៥ AFP PHOTO / Noorullah Shirzada

ថ្ងៃសុក្រ​នេះ ក្រុមភេរវជន​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​​ចាប់ផ្តើម​ធ្វើការ​ ប្រយុទ្ធ​ប្រឆាំង​នឹង​​កងកម្លាំង​​អាហ្វហ្កានីស្ថាន និង​កងទ័ព​បរទេស​ដែល​មាន​វត្តមាន​នៅ​អាហ្វហ្កានីស្ថាន។ ការប្រកាស​នេះ ធ្វើឡើង​​ចំពេល​រដ្ឋបាល​លោក​ដូណាល់ ត្រាំ កំពុង​គិតគូរ​​ពី​យុទ្ធសាស្ត្រ​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន។ 

ផ្សាយពាណិជ្ជកម្ម

ក្រុមភេរវជន​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន​បាន​ប្រកាស​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កងកម្លាំង​អាហ្វហ្កានីស្ថាន​ ជាយុទ្ធនាការ​សម្រាប់កំឡុង​ដើម​ឆ្នាំ២០១៧ មានឈ្មោះថា ​ម៉ាន់ស៊ូរី។ ប្រតិបត្តិការ​ម៉ាន់ស៊ូរី​ មាន​ទិសដៅ​​​ឧទ្ទិសដល់​មេដឺកនាំ​ចលនា​តាលីបង់ ឈ្មោះ​អាក់ខ្តា ម៉ូហាមេត ម៉ាន់សួ ដែល​បាន​ស្លាប់​ដោយសារ​មីស៊ីល​របស់​​ដ្រូនអាមេរិក កាលពី​ឆ្នាំមុននេះ។  

យុទ្ធនាការ​ក្រុមតាលីបង់ ​​ផ្តោត​ផ្ទាំងស៊ីប​​​លើ​ទាហាន​​អាហ្វហ្កានីស្ថាន និង​ទាហាន​​បរទេស​​ មាន​​​​ទិសដៅ​វាយប្រហារ​​​ហេដ្ឋារចនា​សម្ព័ន្ធ​យោធា ​ចារកិច្ច និង​​សម្ភារ​​យោធាផ្សេងៗ។ ​ក្រុមតាលីបង់​សន្យា ថា ក្នុង​យុទ្ធនាការ​នេះ​​ ពួកគេ​នឹង​​ចៀស​​មិនអោយមាន​​ជន​ស៊ីវិល​ស្លាប់​ច្រើន។​

ការ​​ប្រកាស​​​បើក​ការវាយលុក​ប្រឆាំង​ទ័ព​អាហ្វហ្កានីស្ថាន​និង​​ទ័ព​បរទេស​ ថ្ងៃសុក្រ​នេះ គិតទៅ​គឺ​​​​មួយសប្តាហ៍​គត់​ បន្ទាប់​ពី​ក្រុមតាលីបង់​​​​វាយប្រហារ​មូលដ្ឋានយោធា​ នៅ​ភាគ ខាងជើង​​អាហ្វហ្កានីស្ថាន​ ​សម្លាប់​ទាហាន​អាហ្វហ្កានីស្ថាន​១៣៥នាក់ ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ ​ហេតុការណ៍​​វាយប្រហារ​​នេះ បានធ្វើអោយ​​រដ្ឋមន្ត្រី​ការពារជាតិ​និង​នាយ​សេនាធិការ​​ទ័ព​អាហ្វហ្កានីស្ថាន​​​លាចុះ​ពីតំណែង។

ក្រោយ​ហេតុការណ៍​ស្លាប់​ទាហាន​អាហ្វហ្កានីស្ថាន​ ​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​មួយរូប បានចុះទៅ​អាហ្វហ្កានីស្ថាន។ ​​មាន​ទាហាន​​អាមេរិក​៨៤០០នាក់ នៅ​អាហ្វហ្កានីស្ថាន ចូលរួមក្នុង​ការ​​បណ្តុះបណ្តាល​អង្គការ​​អូតង់ និង​​យុទ្ធនាការ​កំចាត់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម និង​ក្រុម​អាល់កៃដា។ ​ ​​​ ​​

តាំងពី​អូតង់​ដកទ័ព​​​ពី​អាហ្វហ្កានីស្ថាន​ឆ្នាំ២០១៤ សមត្ថភាព​​ទាហាន​អាហ្វហ្កានីស្ថាន​ចុះខ្សោយ​ជាងមុន។ ​យោងតាម​អាមេរិក​ តាំង​ពី​ឆ្នាំ​២០១៤មក ​កងកម្លាំងសន្តិសុខ​អាហ្វហ្កានីស្ថាន​​​រាប់ពាន់នាក់​បាន​បាត់បង់​ជីវិត។ រហូតពេលនេះ ក្រុមតាលីបង់​មិនទាន់​ដណ្តើមបាន​ទីក្រុង​ណាមួយ​អោយ​ពិតប្រាកដទេ តែ​​ទាហាន​អាហ្វហ្កានីស្ថាន​​​គ្រប់គ្រង​ដែនដី​​មិនដល់​​៦០ភាគរយទេ៕   

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI