អឺរ៉ុប​

ព្យុះ​រដូវ​លំហើយ​ Christian​ វាយប្រហារ​អឺរ៉ុប​

នៅ​ទ្វី​បអឺរ៉ុប ព្យុះ​សង្ឃរា​ឈ្មោះ​ Christian បានបក់បោក​​ប្រហារ​បណ្តា​ប្រទេស​ជាច្រើន​ មាន​ដូចជា​បារាំង អង់គ្លេស ហូឡង់ ដាណឺម៉ាក និង​អាល្លឺម៉ង់ជាដើម សម្លាប់​មនុស្ស​យ៉ាងហោច​​៣នាក់។ សារព័ត៌មាន​អង់គ្លេស​បាន​ដាក់ឈ្មោះ​អោយ​ព្យុះ​នេះថា សន្តី​Jude ដោយសារ​តែ​​ព្យុះនេះ​បោកបក់​ប៉ះ​ចំថ្ងៃ​ចន្ទទី២៨តុលានៅអង់គ្លេស គឺចំ​ឈ្មោះ​​​សន្តី​ជូដ​នេះឯង។

ទិដ្ឋភាព​ព្យុះ​គ្រីស្យង់ ដែល​បាន​បោកបក់​នៅ​សមុទ្រ​ភាគខាងជើង​បារាំង​ នៅ​​Boulogne sur Mer
ទិដ្ឋភាព​ព្យុះ​គ្រីស្យង់ ដែល​បាន​បោកបក់​នៅ​សមុទ្រ​ភាគខាងជើង​បារាំង​ នៅ​​Boulogne sur Mer REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

តាំងពី​ព្រឹកថ្ងៃ​ចន្ទ​នេះ ព្យុះ​​សង្ឃរា​ Christian បាន​ចាប់​បោកបក់​នៅ​ប្រទេស​បារាំង ហើយ​​បន្ត​វាយប្រហារ​នៅ​​អង់គ្លេស​​ មុននឹង​ធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​ហូឡង់ ដាណឺម៉ាក និង​ភាគខាងជើង​អាល្លឺម៉ង់។

នៅភាគខាងជើង​បារាំង​ ព្យុះ​​រដូវ​លំហើយ​មួយនេះ បាន​បោកបក់ជាមួយ​ល្បឿន​ខ្យល់ ១៤៧គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ប៉ុន្តែ​មិន​បាន​សម្លាប់​មនុស្ស​ណាម្នាក់​នោះទេ។ ផ្ទុយទៅវិញ ​ព្យុះ​នេះ​បាន​ប៉ះពាល់​តំបន់​រដ្ឋបាល​បារាំង​ចំនួន​១២ បង្ក​ការស្ទះ​ចរាចរណ៍​ផ្លូវ​រថភ្លើង និង​ផ្លូវទឹក​ ព្រមទាំង​បាន​ផ្តាច់ចរន្ត​អគ្គិសនី​ប្រជាជន​បារាំង​រាប់ម៉ឺន​គ្រួសារ។ ប្រទេស​ហូឡង់ក៏​បាន​រងគ្រោះ​​​ដូចជា​ប្រទេស​បារាំង​ដែរ។ ​ប៉ូលិស​ក្រុងអាំស្ទែរដាំ​បាន​​​ផ្តល់ដំបូន្មាន​​ប្រជាជន​​មិន​អោយ​ចាកចេញ​ពី​គេហដ្ឋានរបស់​ខ្លួន។

នៅ​អង់គ្លេស​ ព្យុះក៏បាន​បង្កអោយ​ស្ទះចរាចរណ៍​រថភ្លើង​ផងដែរ។ ដើមឈើ​​បាន​បាក់ធ្លាក់ បណ្តាល​​អោយ​មានការ​ដាច់​​​​ចរន្ត​អគ្គិសនី​។ អាកាស​យានដ្ឋាន​​​ Heathrow​ នៅ​ជាយក្រុង​ឡុងដ៍​ បាន​លុបចោល​ជើង​ហោះហើរ​របស់​ខ្លួន​ជាច្រើនជើង។  ផ្នែក​ឧតុនិយម​បាន​​កត់ត្រា​​ល្បឿន​ព្យុះ​ ១៦០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង នៅ​កោះ​Wight ភាគខាងត្បូង។ អាជ្ញាធរ​អង់គ្លេស​​​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ខ្លាច​ព្យុះ​នេះ​បង្ក​មហន្តរាយ​ដូច​ជា​ព្យុះ​ កាលពី​​ឆ្នាំ១៩៨៧ដែរ។ កាលណោះ ព្យុះ​សង្ឃរា​បាន​សំលាប់​មនុស្ស​១៨នាក់ និង​គាស់​រំលើង​ដើមឈើ​​រាប់ពាន់ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI