អានតួអត្ថបទ
ស៊ុយអែដ

ស្លាប់​១ របួស​២ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ស៊ុយអែដ

ឡាន​ដែល​ផ្ទុះ​ឆេះ នៅ​ទីតាំង​ផ្ទុះ​ទីមួយ
ឡាន​ដែល​ផ្ទុះ​ឆេះ នៅ​ទីតាំង​ផ្ទុះ​ទីមួយ ©REUTERS/Reuters TV
ដោយ៖ សេង ឌីណា
២០ នាទី

គ្រាប់បែក​ច្នៃ​ពីរគ្រាប់​បាន​ផ្ទុះ​​ឡើង​ផ្ទួនៗ​គ្នា នៅ​ចំ​កណ្តាល​ក្រុង​ស្តុកខុម ប្រទេស​ស៊ុយអែដ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១១ ធ្នូ ២០១០​នេះ។ រដ្ឋមន្រ្តី​ការបរទេស និង​មន្រ្តី​ផ្នែក​ចារកិច្ច​ស៊ុយអែដ​បាន​សន្និដ្ឋានថា នេះ គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម។ នៅ​មុន​ពេល​មាន​ការ​វាយប្រហារ​នេះ គេ​ទទួល​បាន​សារ​​ព្រមាន​មួយ ពី​ជនអនាមិក។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

យោងតាម​ប៉ូលិស​ស៊ុយអែដ ការផ្ទុះ​ទីមួយ គឺ​​ចេញ​ពី​ឡាន​មួយ​គ្រឿង ដែលចត​នៅ​​តាម​ដងផ្លូវ ដែល​សម្បូរ​ទៅ​ដោយ​មណ្ឌល​ពាណិជ្ជកម្ម។ ប៉ុន្មាន​នាទី​ក្រោយ​មក គ្រាប់បែក​ទីពីរ​បាន​ផ្ទុះ នៅ​ប្រមាណ​ ៣០០​ម៉ែត្រ​ពី​ទីតាំង​ផ្ទុះ​ទីមួយ។ ក្រោយ​ពី​ការ​ផ្ទុះ គេ​រក​ឃើញ​សាកសព​បុរស​ម្នាក់ នៅ​ទីតាំង​ផ្ទុះ​ទី២។ សារព័ត៌មាន​ស៊ុយអែដ​បាន​ចុះផ្សាយ ដោយ​​បាន​ដកស្រង់​សម្តី​សាក្សី​​ថា បុរស​ ដែល​ស្លាប់​នេះ គឺ​ជា​ភេរវជន​អត្តឃាត។ ក៏ប៉ុន្តែ ប៉ូលិស​ស៊ុយអែដ​​មិន​បាន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ​នៅឡើយទេ ដោយ​អះអាង​ថា រង់ចាំ​ការ​អង្កេត​លម្អិត​ជាមុនសិន។

ទោះជា​យ៉ាងណា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ុយអែដ​បាន​ថ្លែង​ថា ការវាយប្រហារ​នេះ គឺ​ជា​ការវាយប្រហារ​ភេរវកម្ម។ នៅព្រឹកថ្ងៃ​អាទិត្យ​នេះ ទីភ្នាក់ងារ​ចារកិច្ច​ស៊ុយអែដ​ក៏​បាន​ធ្វើ​ការ​អះអាង​ស្រដៀង​គ្នា​នេះដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​មួយ​របស់​​ស៊ុយអែដ​​​បាន​ឲ្យដឹង​ថា នៅ​ប៉ុន្មាន​នាទី​មុន​ពេល​ផ្ទុះ អ៊ីមែល​អនាមិក​មួយ ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាននេះ និង​ទៅ​​ប៉ូលិស​ស៊ុយអែដ។ ក្នុង​អ៊ីមែល​នេះ​មាន​ភ្ជាប់​នូវ​សារជាសំឡេង​មួយ គំរាម​ថា​នឹង​ធ្វើការ​វាយប្រហារ​លើ​ស៊ុយអែដ ដើម្បី​ជា​ការ​សងសឹក ចំពោះ​ការ​ដែល​ស៊ុយអែដ​បញ្ជូន​ទាហាន​ទៅ​អាហ្វហ្កានីស្តង់ និង​ការ​ដែល​វិចិត្រករ​ស៊ុយអែដ​បាន​គូររូប​ត្លុក​ចំអក​មើលងាយ​​ព្យាការី​ អ៊ីស្លាម មហាម៉ាត់ កាល​ពី​ឆ្នាំ​២០០៧។

រហូតមកទល់ពេលនេះ គេ​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​នៅឡើយទេ​ថា តើ​​អ៊ីមែល​គំរាម​នេះ ពិត​ជា​មាន​ជាប់ពាក់ព័ន្ធ​នឹង​​ការវាយប្រហារ​ពីរលើក​ផ្ទួនៗ​គ្នា កាល​ពីយប់​ថ្ងៃ​សៅរ៍​ដែរ​ឬអត់ទេ។

គួរ​បញ្ជាក់ថា នៅពេលនេះ ស៊ុយអែដ​មាន​ទាហាន​សរុប​ទាំង​​អស់ ៥០០នាក់ កំពុង​ឈរជើង នៅ​អាហ្វហ្កានីស្តង់។ កាល​ពី​ឆ្នាំ​២០០៧ វិចិត្រករ​ស៊ុយអែដ​ម្នាក់​បាន​គូររូបត្លុក​មហាម៉ាត់ ដែល​មាន​ខ្លួន​ជា​ឆ្កែ ដែល​បណ្តាល​ឲ្យ​បណ្តា​ជន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ផ្ទុះ​កំហឹង ទាំង​នៅ​ស៊ុយអែដ និង​នៅ​​តាម​បណ្តា​ប្រទេស​អ៊ីស្លាម​ផ្សេងទៀត នៅ​ទូទាំង​ពិភពលោក។ កន្លងមក ក៏​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​វិចិត្រករ​ស៊ុយអែដ​នេះ​ដែរ ក៏ប៉ុន្តែ មិនបាន​សម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ