លោក ថាច់ សេដ្ឋា មិនទទួលយកការសុំទោសពីអ្នកគំរាមសម្លាប់ និងត្រៀមប្តឹងទៅក្រសួងមហាផ្ទៃ
ចុះផ្សាយនៅថ្ងៃ៖
លោកថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បានបដិសេធមិនទទួលយកការសុំទោសពីបុគ្គលមួយរូប ដែលបានគំរាមសម្លាប់ ខណៈដែលលោកបានដឹកនាំបាតុកម្មប្រឆាំងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារយៈពេល៥ថ្ងៃកន្លងទៅនេះទេ។ ហើយនៅរសៀលថ្ងៃសុក្រនេះ លោក ថាច់ សេដ្ឋា នឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅក្រសួងមហាផ្ទៃ ដើម្បីអោយបើកការស៊ើបអង្កេតមួយ។
នៅក្នុងពាក្យបណ្តឹងរបស់លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម នឹងភ្ជាប់ជាមួយភស្តុតាងមួយចំនួន ដែលក្នុងនោះរួមមាន លេខទូរសព្ទ សំលេង រួមទាំងលិខិតសុំទោសមួយ ដែលបានបញ្ជាក់យ៉ាងគ្រប់គ្រាន់អំពីអត្តសញ្ញាណរបស់ជនសង្ស័យ។
បើតាមលោក ថាច់ សេដ្ឋា ជនសង្ស័យដែលគំរាមសម្លាប់លោក គឺជាជនជាតិវៀតណាម រស់នៅប្រទេសកាណាដា ដែលបានទូរសព្ទគំរាមសម្លាប់លោក ដោយសារ តែលោកបានដឹកនាំប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជន ធ្វើបាតុកម្មប្រឆាំងជាមួយវៀតណាមនៅក្នុងសំណុំរឿងទឹកដីខ្មែរកម្ពុជាក្រោម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨តុលាកន្លងទៅ។ បាតុកម្មដែលបានឈានទៅដល់ការដុតទង់ជាតិវៀតណាមផងដែរ។
លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា លោកបានស្គាល់អត្តសញ្ញាណរបស់ជនសង្ស័យនោះហើយ ក្រោយពីជនសង្ស័យបានសរសេរលិខិតសុំទោសមួយច្បាប់ ផ្ញើមកកាន់លោកតាមរយៈសារអេឡិចត្រូនិច។ បុរសរូបនោះបានសុំទោសលោក ថាច់ សេដ្ឋា ថា ការនិយាយរបស់គេនៅពេលនោះ គឺដោយសារស្រវឹង និងមានជម្ងឺសសៃរប្រសាទ។ ប៉ុន្តែយ៉ាងណាក៍ដោយ លោក ថាច់ សេដ្ឋា បានបដិសេធមិនទទួលយកការសុំទោសនេះទេ ហើយលោកនឹងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃសុក្រនេះ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការមួយ ពីព្រោះថា ជនសង្ស័យដែលគំរាមសម្លាប់លោកនេះ គឺ កំពុងរស់នៅក្រៅប្រទេស។ ការដាក់ពាក្យបណ្តឹង ក៍ធ្វើឡើង ដើម្បីជាការការពារខ្លួនលោក រួចផុតពីការគំរាមកំហែងផ្សេងៗផងដែរ។
បើតាមលោក ថាច់ សេដ្ឋា កាលពីយប់ថ្ងៃទី៦ ខែតុលា ជនសង្ស័យបានទូរសព្ទពី១០ទៅ២០ដង ដោយបានប្រើប្រាស់ពាក្យគំរាមសម្លាប់លោក ដោយប្រើភាសាវៀតណាម និងអង់គ្លេស ប្រសិន បើលោកនៅតែបន្តដឹកនាំធ្វើបាតុកម្ម ប្រឆាំងជាមួយវៀតណាមបន្តទៀត។ ហើយនៅព្រឹកថ្ងៃទី៨ ខែតុលា ដែលជាថ្ងៃចុងក្រោយនៃបាតុកម្មរយៈពេល៥ថ្ងៃរបស់លោកនោះ ជនសង្ស័យដដែលបាន ទូរស័ព្ទ គំរាម សម្លាប់រូបលោកម្តងទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ